ភ្នំពេញៈ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កម្ពុជា​និយម​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) រក្សាទុក​ខ្លឹមសារ​មួយចំនួន នៃ​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ឱ្យនៅ​ដដែល​។ ប៉ុន្តែ​អ្នកនាំពាក្យ គ.ជ.ប ថា សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​ថ្មី​នេះ​ត្រូវ​បាន​ភាគី​ច្រើន​លើសលប់​បាន​ផ្តល់យោបល់ និង​ឯកភាព​រួចហើយ ។

យោងតាម​សេចក្តី​ថ្លែងការណ៍​រួម កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ ២០២១ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស កម្ពុជា​និយម​បានទាមទារ​ដោយ​ទទូច​ឱ្យ គ.ជ.ប ពិចារណា រក្សាទុក ប្រការ ៥.៣.១.៥ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ចែងថា ចាត់ចែង​ចែកជូន​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត​ជូន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែលមាន​វត្តមាន និង​សុំ​រក្សា​ប្រយោគ​មួយចំនួន​ឱ្យនៅ​ដដែល​។

សេចក្តី​ថ្លែងការណ៍​នេះ​សង្ឃឹមថា គ.ជ.ប នឹង​ទទួល​យក​ការទាមទារ​នេះ ដើម្បី​បង្ហាញ​អំពី​ការព្យាយាម​ធានាឱ្យមាន​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរីពហុបក្ស ទទួល​បាន​ការទុកចិត្ត​ពី​សំណាក់​គណបក្សនយោបាយ និង​អ្នកបោះឆ្នោត និង​បញ្ចៀស​ការជាប់គាំង​នយោបាយ​។

លោក ឡឹក សុធារ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែមករា​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង គណបក្ស​កម្ពុជា​និយម យល់ឃើញ នៅក្នុង​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​នៃ​ការរាប់​សន្លឹកឆ្នោត​របស់ គ.ជ.ប កាលពីមុន មាន​ចាត់ចែង​ចម្លង​លទ្ធផល​នៃ​ការបោះឆ្នោត​ទៅ​ឱ្យ​ភ្នាក់ងារ​គណបក្សនយោបាយ​ដែលជា​អ្នកសង្កេតការណ៍ និង​បិទ​ផ្សាយ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត នៅមុខ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​រហូតដល់​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​។ ប៉ុន្តែសេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​ថ្មី​ដែល​ គ.ជ.ប កំពុង​ធ្វើ​នៅពេលនេះ គឺ គ.ជ.ប លុប​ចំណុច​ទាំង​ ២ នេះ ចេញ​ដែល​ការ​លុប​នេះ​បានធ្វើឱ្យ​គណបក្សនយោបាយ​មាន​ក្តីកង្វល់​។

លោក​ថ្លែងថា​៖ «​គណបក្សនយោបាយ​ទាមទារ មិនឱ្យ គ.ជ.ប លុប​ប្រការ​ទាំង​ប៉ុន្មាន​ហ្នឹង​ចេញ​ទេ ត្រូវតែ​រក្សា​ដដែល ប៉ុន្តែ បើ គ.ជ.ប មិន​ព្រម​រក្សាទុក​ទេ​គណបក្ស​នឹង​បន្ត​ទាមទារ និង​អាចធ្វើ​នៅក្នុង​រូបភាព ធំ​ជាងនេះទៀត​ក្នុងនោះ​អាច​នឹង​កៀរគរ​គណបក្ស​នយោបាយ​ផ្សេងទៀត ដែលមាន​ក្តីបារម្ភ​ដូច​គណបក្ស​របស់​យើង​ដែរ និង​អាចមាន​អង្គការ​សង្គមស៊ីវិល​មួយចំនួន និង​ស្ថានទូត​មួយចំនួនទៀត ដែល​ធ្លាប់ជួយ​លើ​កិច្ចការ​បោះឆ្នោត​នេះ​»​។

លោក​ សោម សូរីដា អ្នកនាំពាក្យ​ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែមករា​ថា គណបក្ស​ទាំង​ ២ ​នេះ គ្រាន់តែ​បារម្ភ​ពី​ការមិន​ទទួល​បាន​លទ្ធផល​នៃ​ការបោះឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​តែប៉ុណ្ណោះ ប៉ុន្តែ បើ​ផ្អែកទៅលើ​លក្ខខណ្ឌ​បច្ចេកទេស​ភ្នាក់ងារ​គណបក្ស​នយោបាយ ដែល​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ពួកគាត់​នឹង​ទទួលបាន​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត​តាម​ទម្រង់​បែបបទ​ ១១០២​។

ទម្រង់​ ១១០២ ផ្អែក​តាមច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ តម្រូវឱ្យ​ការិយាល័យ​បោះឆ្នោត បំពេញ​ចំនួន​ ៣ ​ច្បាប់ ទី​ ១ ត្រូវដាក់​បញ្ចូល​ទៅក្នុង​កញ្ចប់ «​ក​» រួច​បញ្ជូនមក គជប​។ ច្បាប់​ទី​ ២ បិទ​នៅ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត និង​ច្បាប់​ទី​ ៣ នឹងត្រូវ​បញ្ជូនទៅ​គណៈកម្មការ ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​លទ្ធផល​ក៏ត្រូវ​បិទ​ផ្សាយ​នៅ​ការិយាល័យ​បោះឆ្នោត និង​រាប់​​សន្លឹកឆ្នោត​។ ភ្នាក់ងារ​គណបក្សនយោបាយ​អាច​ថត​បញ្ចូល​ទៅក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​របស់ខ្លួន​។ មួយទៀត ភ្នាក់ងារ​គណបក្ស​នយោបាយ​ក៏​អាច​ទទួលបាន​នៅ​ឃុំ​សង្កាត់ រៀបចំ​ការបោះឆ្នោត បាន​ដែរ​»​។

បើតាម លោក សោម សូរីដា ចំពោះ​ការកៀរគរ​ឱ្យ​ប្រទេស​អ្នកផ្តល់​ជំនួយ​ដាក់​គំនាប​ដល់ គ.ជ.ប រក្សាទុក​ខ្លឹមសារ​ដើម ដូច​ឆ្នាំ​ ២០១៧ វា​មិន​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ទេ​។

បទបញ្ជា និង​នីតិវិធី​សម្រាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា-ឃុំ​សង្កាត់​នេះ មុននឹង​សម្រេច​ចុងក្រោយ គ.ជ.ប បានដាក់​សេចក្តីព្រាង​នេះ ទៅ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ពិនិត្យ និង​ផ្តល់យោបល់ ហើយ​ការស្នើ​សុំឱ្យ​រក្សាទុក​ដូច​ខ្លឹមសារ​ដើម​មានតែ​គណបក្ស​ ២ ​នេះ​ទេ ក្រៅពីនោះ ភាគច្រើន​លើសលប់​បាន​ផ្តល់យោបល់ និង​ឯកភាព​ទាំងអស់​៕

វីដេអូ៖