កំពង់ធំៈ បុរស​ញៀន​ស្រា​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ប្រើ​ពូថៅ​កាប់​ប្រពន្ធ​និង​ឪពុកមា​បង្កើត​ស្លាប់ ហើយ​កាប់​អ្នកភូមិ ៣ ​នាក់​ទៀត​ឱ្យ​រងរបួស កាលពី​វេលា​ម៉ោងជាង​ ៧ ​យប់​ថ្ងៃទី​ ១ មករា ឆ្នាំ​ ២០២២ នៅ​ភូមិ​ពន្លៃ ឃុំ​ចើងដើង ស្រុក​បារាយណ៍​។

លោក ទិត្យ សំណាង ស្នងការរង​ទទួលបន្ទុក​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ​ប្រាប់​នៅ​ថ្ងៃទី​ ២ មករា ថា ជនសង្ស័យ​ឈ្មោះ ប៉ុស ឡា អាយុ ៣៣ ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ យន អឿន អាយុ ៣០ ​ឆ្នាំ មានកូន​ស្រី​ ២ ​នាក់ ដែល​កូនច្បង​អាយុ​ ១២ ​ឆ្នាំ​។ ក្រុមគ្រួសារ​នេះ រស់នៅ​ភូមិ ពន្លៃ ឃុំ ចើងដើង ស្រុក​បារាយណ៍​។

លោក​ឱ្យដឹងថា​៖ «​រឿងនេះ​គាត់​កាប់​មនុស្ស​ស្លាប់​ដល់​ទៅ​ ២ ​នាក់ និង​បង្ក​របួស​ ៣ ​នាក់​ទៀត​។ ជនសង្ស័យ​ញៀន​ស្រា​ខ្លាំង​។ នៅថ្ងៃនេះ​ (​ទី​ ២ មករា​) ​យើង​កំពុង​បន្ត​នីតិវិធី សាកសួរ​គាត់ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​»​។

លោក​បានឱ្យដឹង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ថា ជនសង្ស័យ​ជា​មនុស្ស​ញៀន​ស្រា និង​តែងតែ​បង្កទំនាស់​នៅក្នុង​គ្រួសារ​។ មុន​កើតហេតុ​ ១ ​ថ្ងៃ ស្ត្រី​រងគ្រោះ បាន​ដើរ​ប្រាប់​អ្នករស់នៅ​ក្បែរ​ផ្ទះ​របស់ខ្លួន​ថា ប្តី​របស់គាត់​បាន​គំរាម​សម្លាប់​គាត់​ចោល ហើយ​គាត់​ក៏មាន​ការព្រួយបារម្ភ​ពី​បញ្ហា​នេះដែរ​។ លុះ​ចូលដល់​វេលា​ម៉ោងជាង​ ៧ ​យប់​ថ្ងៃទី​ ១ ខែមករា ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​កាប់​ប្រពន្ធ​ចំក​ដួល​ស្លាប់​នៅ​នឹង​ផ្ទះ​របស់ខ្លួន​។

ក្រោយពី​សម្លាប់​ប្រពន្ធ​រួចហើយ ជនសង្ស័យ​បាន​ចុះពីលើផ្ទះ ហើយ​រត់​ទៅ​កាប់​ឪពុកមា អាយុ​ ៥៦ ​ឆ្នាំ​ដែល​រំលង​ពី​ផ្ទះ​របស់​ជនសង្ស័យ​តែ​ ២ ​ទៅ​ ៣ ​ផ្ទះ បណ្តាល​ឱ្យស្លាប់​ម្នាក់ទៀត ហើយ​បន្តទៅ​កាប់​អ្នករស់នៅ​ក្បែរ​ផ្ទះ​ដែល​រត់​ទៅ​ចោមរោម​មើល​បណ្តាលឱ្យ​រងរបួស​ ៣ ​នាក់​ទៀត​ (​ស្រី​ ២ ​នាក់​)​។

បើតាម​លោក សំណាង ​ថា​៖ «​រឿងនេះ​សមត្ថកិច្ច​យើង​បាន​សន្និដ្ឋានថា ជនសង្ស័យ​ជា​មនុ​ស្សញៀន​ស្រា​ដែល​គាត់​អាច​បាត់បង់​សតិ​ស្មារតី​។ ប៉ុន្តែ​ខ្ញុំ​ពិនិត្យមើល​ទឹកនោម​គាត់ ឃើញ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​គាត់​ដែរ​»​។

លោក សួង ថេន អធិការ​នគរបាល​ស្រុក​បារាយណ៍​ឱ្យដឹង​នៅ​ថ្ងៃទី​ ២ មករា ថា ក្រោយ​បង្កហេតុ​ជនសង្ស័យ​បាន​រត់ឡើង​លើផ្ទះ​របស់​ខ្លួន​វិញ​ហើយ​ចាក់​គន្លឹះ​សោ​ពី​ខាងក្នុង ដើម្បី​កុំឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​។ ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​។ ចំពោះ​ស្ត្រី និង​បុរស​ពេញវ័យ​ ២ ​នាក់ និង យាយ​ចាស់​ម្នាក់ អាយុ​ ៧៦ ​ឆ្នាំ​ដែល​រងរបួស ដោយសារ​ជនសង្ស័យ​កាប់​នោះ ក៏បាន​ធូរស្រាល​ពី​​របួស​ច្រើន​ហើយ​ដែរ នៅ​ថ្ងៃទី​ ២ មករា​។

លោក​ថា​៖ «​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ២ មករា​) ​ខ្ញុំ​រួម​នឹង​លោក​អភិបាលស្រុក​បាន​ចុះទៅ​ចូលរួម​រំលែក​ទុក្ខ​ដល់​អ្នកស្លាប់ និង​បាន​សួរសុខទុក្ខ​អ្នករបួស​ ៣ ​នាក់​នោះដែរ​។ បើតាម​ខ្ញុំ​ស្តាប់ទៅ អ្នកភូមិ​ថា ជនសង្ស័យ​ញៀន​ស្រា​ខ្លាំង​ដល់​ថ្នាក់​ថា បើ​គាត់​អត់​បាន​ផឹកស្រា គឺ​ញ័រ​ដៃ​ធ្វើ​អី​អត់​កើត​ទេ​»​។

លោក​បាន​និយាយ​តាម​សម្តី​សាច់ញាតិ​របស់​ជនសង្ស័យ​ថា កន្លងមក​ជនសង្ស័យ ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ដែរ​តែ​ក្រោយៗ​មក មិនសូវ​ឃើញ​ជក់​គ្រឿងញៀន​ទេ​។ ចំពោះ​រឿងហេតុ​នៃ​ការសម្លាប់​មនុស្ស​នេះ​សមត្ថកិច្ច សន្និដ្ឋាន​ជាបឋម​ថា ជនសង្ស័យ​អាច​ផឹកស្រា​ច្រើន​ទើប​ក្លាយជា​មនុស្ស​សរសៃប្រសាទ​៕