ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាស​កាលវិភាគ​ថ្មី​ក្នុង​ការផ្តល់សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ (​ឆៀក​) ចល័ត តាម​ខេត្ត​សម្រាប់​ឆ្នាំ​ ២០២២ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ យក​យានយន្ត​របស់ខ្លួន​មក​ឆៀក​នៅតាម​ទីតាំង​ដែល​បានប្រកាស​ឱ្យបាន​ទាន់ពេលវេលា ខណៈ​ឆ្នាំ​ ២០២១ មាន​យានយន្ត​ប្រមាណ ៤០ ​ម៉ឺន​គ្រឿង បានទទួល​ការត្រួតពិនិត្យ​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រកាស​នៅ​ថ្ងៃទី​ ២ មករា ឆ្នាំ​ ២០២២ ​ថា ការចុះ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ចល័ត​តាម​បណ្តា​ខេត្ត គឺជា​ការបង្ខិត​សេវា មកកាន់​តែ​ជិត​ប្រជាពលរដ្ឋ ដើម្បី​ចំណេញ​ពេលវេលា ថវិកា និង​ចូលរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

ក្រសួង​បាន​បន្តថា​៖ «​បងប្អូន​ម្ចាស់​រថយន្ត​ទាំងអស់​អាច​យក​យានយន្ត​របស់​ខ្លួន​មក​ត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស​យានជំនិះ​ (​ឆៀក​) នៅ​ទីតាំង​មន្ទី​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ខេត្ត ដែល​ជិត​បំផុត តាម​កាលវិភាគ​កំណត់ និង​ទាន់ពេលវេលា​។ នេះ​ជា​ការបង្ខិត​សេវា មក​ជិត​ប្រជាពលរដ្ឋ ដើម្បី​ចំណេញ​ពេលវេលា ថវិកា និង​ចូលរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​»​។

តារាង​កាលបរិច្ឆេទ​សម្រាប់​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ (​ឆៀក​) ​ចល័ត​សម្រាប់​ឆ្នាំ​ថ្មី​របស់​ក្រសួង​បាន​ធ្វើការ​កំណត់​ពេលវេលា និង​ទីតាំង​ទៅតាម​ខេត្ត​ចំនួន​ចាប់ពី​ខែមករា ដល់​ខែធ្នូ ដែល​ម្ចាស់​យានយន្ត អាច​យក​យានយន្ត​របស់​ខ្លួន ទៅធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ (​ឆៀក​) ​នៅតាម​ទីតាំង​ទាំងនោះ រៀងរាល់​ម៉ោង​ធ្វើការ​។

លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ មករា ឆ្នាំ​ ២០២២ ​ថា ឆៀក​ចល័ត គឺ​បាន​ដើរតួនាទី​សំខាន់​ណាស់ ក្នុង​ការផ្តល់សេវា​របស់​ក្រសួង​នេះ ជូន​ដល់​ប្រជាពលរដ្ឋ ខណៈ​ខេត្ត​មួយចំនួន នៅ​មិនទាន់មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នេះ​នៅតាម​ខេត្ត​នោះទេ​។

លោក​បញ្ជាក់​ថា​៖ «​ឆៀក​ចល័ត​ដើរតួនាទី​សំខាន់​ក្នុង​យន្តការ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គឺ​យើង​បង្ខិត​សេវា​ឆៀក​នេះ ឱ្យ​កាន់តែ​កៀក​បងប្អូន​ប្រជាពលរដ្ឋ​។ អ៊ីចឹង​យើង​បានឱ្យ​ឆៀក​ចល័ត​ឱ្យ​ទៅតាម​ទីតាំង​ខេត្ត ដែល​មិនមាន​ហ្នឹង ហើយ​យើង​មានកម្ម​វិធី​ច្បាស់លាស់ ថ្ងៃ​ណា​ទៅ​ខេត្ត​នេះ ថ្ងៃ​ណា​ទៅ​ខេត្ត​នោះ គឺ​យើង​មានកម្ម​វិធី​មុន ដើម្បី​ជម្រាបជូន​បងប្អូន​យើង ឱ្យ​លោក​ដឹង​មុន លោក​ត្រៀមខ្លួន​»​។

យោង​របាយការណ៍​ប្រចាំឆ្នាំ ២០២១ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២ មករា បានឱ្យដឹងថា ចាប់​តាំងពី​ឆ្នាំ​ ១៩៩០ ដល់​ឆ្នាំ​ ២០២១ មាន​យានយន្ត​ចុះបញ្ជី​សរុប​ចំនួន ៥ ៤០៦ ៧៤១ គ្រឿង ហើយ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ សម្រាប់​ឆ្នាំ​ ២០២១ គឺមាន​ចំនួន​សរុប ៤៣២ ២៥៥ ​គ្រឿង ដែល​បាន​ចុះបញ្ជី​ថ្មី​។ របាយការណ៍​ដដែល​បាន​ឱ្យដឹង​ទៀតថា ក្នុង​រយៈពេល ៣១ ​ឆ្នាំ​កន្លងមកនេះ ប្រជាពលរដ្ឋ​ខ្មែរ​សរុប​ចំនួន ១ ៨៦៩ ២៧៩ ​នាក់ បានទទួល​បណ្ណ​បើកបរ​យានយន្ត ខណៈ​ក្នុង​ឆ្នាំ​ ២០២១ ក្រសួង​បានចេញ​បណ្ណ​បើកបរ​ថ្មី ដល់​អ្នក​ដែល​ទើប​ប្រឡង​យក​បណ្ណ​នេះ​ទៅប្រើ​ប្រាស់​ចំនួន ៨៤ ១១៧ ​នាក់​។

លោក គឹម បញ្ញា នាយក​មូលនិធិ​បង្ការ​របួស​អាស៊ី​បាន​និយាយថា ករណី ឆៀក​ចល័ត​នេះ មិនមែន​ជា​រឿង​អ្វី​នោះទេ ព្រោះ​ក្រសួង​ខំ​ធ្វើយ៉ាងណា ដើម្បី​បម្រើសេវា​ដល់​ពលរដ្ឋ ជាពិសេស​ទៅកាន់​តំបន់​ឆ្ងាយៗ ដែល​មិនទាន់​មាន សេវា​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល ជំរុញ​ការធ្វើ​ឆៀក​ចល័ត​នេះ​ឱ្យបាន​កាន់តែ​ញឹកញាប់​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ទូទាំង ប្រទេស​»៕

វីដេអូ៖