ភ្នំពេញៈ ក្នុង​រយៈពេល​ ១ ​ឆ្នាំ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​ (​គ.ប.ផ.ក.) ​បាន​បង្ក្រាប​ផលិតផល​ក្លែងក្លាយ អន់​គុណភាព គ្មាន​ស្តង់ដា និង​ខុសច្បាប់​បាន​ជាង​ ៧២ ​តោន ខណៈ​​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប.) ​បាន​កែសម្រួល​ភារកិច្ច​មន្ត្រីរាជការ​នៅតាម​រាជធានី ខេត្ត​ជាង​ ៥០ ​នាក់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ។

នៅ​ថ្ងៃទី​ ៣ មករា ឆ្នាំនេះ គ.ប.ផ.ក. បាន​បង្ហាញ​នូវ​លទ្ធផល​ប្រតិបត្តិការ​​បង្ក្រាប​ផលិតផល​ក្លែងក្លាយ បង្ការ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ខុសច្បាប់​ពាក់ព័ន្ធ​ផលិតផល​វេជ្ជសាស្ត្រ ក្លែងក្លាយ អន់​គុណភាព គ្មាន​ស្តង់ដា និង​ខុសច្បាប់​ក្នុងដំណាក់កាល​សំខាន់​ក្នុង​ឆ្នាំ​ ២០២១​។

ក្នុងការ​ប្រកាស​នោះ គ.ប.ផ.ក. បានឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២១ ស្ថាប័ន​នេះ​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ផលិតផល ឧបករណ៍ និង​សម្ភារ​បរិក្ខារពេទ្យ​សម្រាប់​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដែល​ក្លែងក្លាយ អន់​គុណភាព គ្មាន​ស្តង់ដា និង​ខុសច្បាប់​បាន​ចំនួន​ ២៧ ​ករណី​ស្មើនឹង​ចំនួន​ជាង​ ៧២ ​តោន ដោយ​ក្នុងនោះ​បាន​រឹបអូស​បំផ្លាញចោល​លើក​ទី​ ១ ចំនួន​ជាង ៧០ ​តោន​។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នេះ​បានបញ្ជាក់​​ថា​៖ «​ផលិតផល​ទាំងនោះ រួមមាន បរិក្ខារពេទ្យ​ក្លែងក្លាយ (​អាល់កុល និង​ម៉ាស់​) ផលិតផល​វេជ្ជសាស្ត្រ ស្រោមដៃ​ក្លែងក្លាយ ឧបករណ៍​តេស្ដ​កូវីដ ឱសថ​កូវីដ និង​គ្រឿង​បរិក្ខារពេទ្យ​ជាច្រើន​ទៀត​»​។

ជាមួយ​នឹង​ប្រតិបត្តិការ​នេះ គ.ប.ផ.ក. លើកឡើង​បន្តថា ក្នុង​ដំណាក់កាល​សំខាន់​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ និង​ម៉ឺងម៉ាត់ ព្រមទាំង​សម្រេចបាន​នូវ​លទ្ធផល​ជាច្រើន​លើ​ការងារ​ប្រតិបត្តិការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ បង្ការ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩​ខុសច្បាប់​ពាក់ព័ន្ធ​​ផលិតផល​វេជ្ជសាស្ត្រ ក្លែងក្លាយ អន់​គុណភាព គ្មាន​ស្តង់ដា និង​ខុសច្បាប់​។

គ.ប.ផ.ក. បាន​បញ្ជាក់ថា «​ទាំងអស់​​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ព្យាយាម​ដ៏សំខាន់​របស់ គ.ប.ផ.ក. រួមចំណែក​ក្នុង​យុទ្ធនាការ​របស់​ជាតិ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​។ ជាមួយ​គ្នា​នេះ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏​សូម​អំពាវនាវ​ដល់​ពាណិជ្ជករ អាជីវករ និង​បងប្អូន​ទាំងអស់ សូមមេត្តា​លក់ និង​ចែកចាយ​ផលិតផល​ណា​ដែល​មាន​គុណភាព និង​មាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​»​។

ទន្ទឹមនឹង​នេះដែរ អគ្គនាយកដ្ឋាន ក.ប.ប. ក៏បាន​កែសម្រួល​ភារកិច្ច​មន្ត្រីរាជការ​នៅតាម​បណ្ដា​សាខា ក.ប.ប. រាជធានី​ខេត្ត ចំនួន​ ៥៤ ​នាក់ ដើម្បី​ប្រសិទ្ធភាព​ការងារ​ក្នុង​កិច្ចការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​។

ការកែសម្រួល​ភារកិច្ច​មន្ត្រីរាជការ​ទាំងនេះ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃទី​ ៣ មករា ដោយយោង​លើ​ប្រកាស​ចុះ​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំមុន ស្ដីពី​ការតែងតាំង ប្រគល់​ភារកិច្ច និង​សម្រួល​ភារកិច្ច​មន្ត្រី​រាជការ​ស៊ីវិល​របស់​អគ្គនាយកដ្ឋាន ក.ប.ប. នៅតាម​រាជធានី​-​ខេត្ត​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ មករា​ថា ការផ្លាស់ប្តូរ ការកែសម្រួល ក៏ដូចជា​តែងតាំង​មន្ត្រី​តាម​បណ្តា​សាខា​រាជធានី​ខេត្ត​នេះ គឺ​ឈរលើ​មន្ត្រី​ខ្លះ​បាន​អនុវត្ត​ការងារ​យូរ​ឆ្នាំ​មកហើយ ដោយ​មន្ត្រី​ទាំងនោះ​ចង់​ផ្លាស់ប្តូរ​ពិសោធន៍​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។ ​លោក​បាន​បន្តថា ចំណែក​មន្ត្រី​ខ្លះទៀត ដោយសារ​តែមាន​សមធម៌ គុណវឌ្ឍិ​ក៏​ត្រូវ​បាន​តែងតាំង​នៅតាម​ការិយាល័យ​ដែល​មាន​ការខ្វះចន្លោះ ដែល​នេះ​គឺជា​ការលើក​ទឹកចិត្ត​ដល់​មន្ត្រី​របស់ ក.ប.ប.។

លោក​បាន​បញ្ជាក់ថា​៖ «​ការផ្លាស់ប្តូរ កែសម្រួល​ទាំងនេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ដោយ​ឈរលើ​វិស័យ​ចំនួន​ ៣ ​គឺ​វិស័យ​សុវត្ថិភាព​ម្ហូបអាហារ​​វិស័យ​នៃ​កិច្ចការពារ​អ្នកប្រើប្រាស់​ និង​វិស័យ​នៃ​កិច្ចការ​ប្រកួតប្រជែង​។ ​អ៊ីចឹង​យើង​ត្រៀមលក្ខណៈ​ក្នុងការ​អនុវត្ត​កម្មវិធី​របស់​យើង​ដែល​បាន​ដាក់ចេញ​»​។

បើតាម លោក ផាន អូន បច្ចុប្បន្ន អគ្គនាយកដ្ឋាន ក.ប.ប. មាន​មន្ត្រី​កំពុង​បំពេញ​ការងារ​ទូទាំងប្រទេស​សរុប​មន្ត្រី​ ៦៣២ ​នាក់ ហើយ​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០២១ ​កន្លងមក ទំនិញ​មិនមាន​ភាពអនុលោម​តាមច្បាប់​ និង​មាន​សារធាតុ​គីមី​ជិត​ ៥០ ​តោន និង​អាល់កុល ជែល​លាងដៃ​គ្រប់​ប្រភេទ ដែលមាន​ផ្ទុក​សារធាតុ​មេតាណុល និង​សារធាតុ​បាញ់​លើ​រុក្ខជាតិ​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​សរុប​ជិត ២ ម៉ឺនលីត្រ ត្រូវបាន​បង្ក្រាបបាន​៕