បន្ទាយមានជ័យៈ គិត​ត្រឹម​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២២ កម្ពុជា​នៅមាន​ពលករ​សរុប​ចំនួន ១ ៥០០ ​នាក់ ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ក្នុង​មណ្ឌល​ចត្តាឡីស័ក​តាម​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ខណៈ​ពលករ​ដែល​វិលត្រឡប់​មកពី​ថៃ មាន​ការថយចុះ​។ នេះ​បើ​យោងតាម​ស្ថិតិ​ពលករ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​។

ក្នុង​របាយការណ៍​ស្ថិតិ​ពលករ គិត​ត្រឹម​ថ្ងៃទី​ ២ ខែមករា​ឱ្យដឹងថា ខេត្ត​ជាប់​ព្រំដែន​-​ថៃ មាន​ពលករ​កំពុង​ធ្វើ​ចត្តាឡីស័ក​ចំនួន ១ ៥០០ ​នាក់ និង​ខេត្ត​មិន​ជាប់​ព្រំដែន មាន​ពលករ​ចំនួន ៣ ​នាក់​។ ក្នុងនោះ​ខេត្ត​កោះកុង​មាន​ពលករ​កំពុង​ធ្វើ​ចត្តាឡីស័ក ១៤ ​នាក់ ខេត្តបាត់ដំបង ៥១៥ ​នាក់ ខេត្ត​ប៉ៃលិន ២១០ ​នាក់ ខេត្តបន្ទាយមានជ័យ ៥២៣ នាក់ និង​ខេត្ត​ឧត្តរមានជ័យ ២៣៨ ​នាក់​។ រីឯ​ខេត្តកំពង់ស្ពឺ មាន​ពលករ​កំពុង​ធ្វើ​ចត្តាឡីស័ក​ ៣ ​នាក់ ខណៈ​ខេត្ត​ផ្សេងៗ​ទៀត​ពុំមាន​ពលករ​ធ្វើ​ចត្តាឡីស័ក​នោះទេ​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​លោក សេក សុខុម ថ្លែង​នៅ​ថ្ងៃទី​ ៣ មករា​ថា ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​មានការ​ថយចុះ​ជា​បន្តបន្ទាប់ បើ​ប្រៀបធៀប​នឹង​កាលពី​ប៉ុន្មាន​ខែ​មុន​។ «​ឥឡូវនេះ​ពលករ​ត្រឡប់មកវិញ ក្នុង ១ ​ថ្ងៃជា​មធ្យម​ ១០០ ​នាក់ មានការ​ថយចុះ បើ​ពីមុន​កាលពី​ថៃ​ផ្ទុះ​កូវីដ​ខ្លាំង ពលករ​ត្រឡប់មកវិញ​ខ្ទង់ ៣០០ ​ទៅ ៥០០ ​នាក់ ក្នុង​ ១ ​ថ្ងៃ​»​។

បើទោះបី​ស្ថានភាព​កូវីដ​ ១៩ នៅ​កម្ពុជា​មាន​ភាពធូរស្រាល ប៉ុន្តែ​ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ ១៩ និង​ការធ្វើ​ចត្តាឡីស័ក នៅតែ​បន្ត​រឹតបន្តឹង ដើម្បី​ទប់ស្កាត់​ការចម្លង​ចូល​សហគមន៍​។ លោក​ថា​៖ «​ពេល​ពលករ​ចូលមក គឺ​តម្រូវ​ឱ្យ​ធ្វើតេស្ត​រហ័ស​ដដែល ហើយ​ដាក់​គាត់​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ បន្ទាប់មក​បញ្ជូន​គាត់​ទៅតាម​ទីតាំង​រៀងៗ​ខ្លួន ហើយ​យើង​ក៏បានផ្តល់​ម្ហូបអាហារ ប្រចាំថ្ងៃ​ដល់​ពលករ​ដោយ​ឥតគិតថ្លៃ​ផងដែរ​»​។

ទន្ទឹមនឹង​នេះដែរ លោក​សុខុម​បញ្ជាក់ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ក៏បាន​ត្រឡប់​ទៅធ្វើ​ការ​នៅ​ថៃ​វិញ​ជា​បណ្តើរៗ​ដែរ​តាមរយៈ​រូបភាព​ប្រើ​លិខិត​ឆ្លងដែន​ទេសចរណ៍ ខណៈ​ពលរដ្ឋ​មួយចំនួន​ទៀត​នៅ​បន្ត​លួច​ទៅតាម​ច្រករបៀង​។ លោក​ថា​៖ «​នៅ​ខេត្ត​យើង មាន​ច្រកព្រំដែន​ទៅ​ថៃ​ចំនួន​ ៤ ដែល​កំពុង​ដំណើរការ​ហើយ​ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើការ​នៅ​ថៃ មាន​ពលរដ្ឋ​មួយចំនួន ប្រើ​លិខិត​ឆ្លងដែន​ទេសចរណ៍​បើ​គាត់​ទៅតាម​ច្រក​ ៤ ​នេះ មិន​ខុសច្បាប់​ទេ ប៉ុន្តែ​បើ​គាត់​ទៅតាម​ច្រករបៀង គឺ​ខុសច្បាប់​»​។

ចំណែក​ក្នុង​របាយការណ៍​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​អន្តរជាតិ ខេត្ត​ឧត្តរមានជ័យ​ឱ្យ​ដឹងថា នៅ​ថ្ងៃទី​ ២ ខែមករា មាន​ពលករ​ចំនួន ១៨៦ នាក់​បាន​ត្រឡប់​ចូល​ស្រុក​វិញ ខណៈ​ថ្ងៃទី​ ១ មករា មាន​ ១៩៥ ​នាក់ ក្នុងនោះ ការធ្វើ​តេស្ត​រហ័ស​អវិជ្ជមាន​ទាំងអស់​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ធ្វើការ​ពាក់ព័ន្ធ​ពលករ​ចំណាកស្រុក ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល នាពេល​កន្លងមក​ដែល​បាន​បើក​ច្រកព្រំដែន​ទទួល​ពលករ និង​ផ្តល់​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដោយ​ឥតគិតថ្លៃ​។ លោក​ថ្លែងថា បញ្ហា​ចម្បង​ដែល​ជំរុញ​ឱ្យ​ពលករ​ខ្មែរ សម្រុក​មក​ស្រុកកំណើត​វិញ​យ៉ាងគំហុក​នាពេល​កន្លងមក គឺ​ដោយសារ​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ កាន់តែខ្លាំង​នៅ​ប្រទេស​ថៃ​។

អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង ធ្លាប់​ឱ្យដឹងថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ​រាតត្បាត​រហូតដល់​ចុងឆ្នាំ​ ២០២១ មាន​ពលករ​ខ្មែរ​ត្រឡប់​ពី​ក្រៅប្រទេស​ចូលមក​ស្រុក​វិញ ជាង​ ២៦ ​ម៉ឺន​នាក់ ក្នុង​នោះ​ភាគច្រើន​ត្រឡប់​មកពី​ប្រទេស​ថៃ​៕