ភ្នំពេញៈ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា គិតពី​ខែមិថុនា ឆ្នាំ​ ២០១៩ មកទល់​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​ ២០២១ បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ អាយុ​ក្រោម ២ ឆ្នាំ​បាន​ប្រមាណ​ជិត ២៤ ម៉ឺន​នាក់ ដោយ​ចំណាយ​ថវិការដ្ឋ​សរុប​ប្រមាណ​ ១៤,៣៦ លាន​ដុល្លារ​អាមេរិក​ដោយ​កម្មវិធី​នេះ ជា​កម្មវិធី​ជំនួយ​សង្គម​មាន​លក្ខណៈ​អចិន្រៃ្តយ៍​។

លោក ​តូច ​ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​​ថ្លែង​នៅ​ថ្ងៃទី​ ២ ​មករា​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​នេះ ​ជា​កម្មវិធី​ជំនួយ​សង្គម​មាន​លក្ខណៈ​អចិន្រៃ្តយ៍​។ តាម​​គោលការណ៍​ក្នុង​ឆ្នាំ​ ២០២២ ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អនុវត្ដ​កម្មវិធី​នេះ​បន្តទៀត​។

លោក​ថ្លែងថា​៖ «​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ អាយុ​ក្រោម ២ ​ឆ្នាំ​នៅ​ថ្ងៃទី​ ២៤ ខែមករា ខាងមុខនេះ យើង​នឹង​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ដ​ការងារ​នេះ​ប្រចាំឆ្នាំ​ម្ដងទៀត​»​។

លោក វង សូត រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​អប់រំ​កែប្រែ​យុវនីតិសម្បទា កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២១ ​ថា​៖ «​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ​ដែល​បាន​អនុវត្ត​តាំងពី​ខែមិថុនា ឆ្នាំ​ ២០១៩ ​មកទល់ពេលនេះ​បានផ្តល់​សេវា​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​បាន​ប្រមាណ​ជិត ២៤ ​ម៉ឺន​នាក់ និង​ចំណាយ​ថវិការដ្ឋ​សរុប​ប្រមាណ ១៤,៣៦ លាន​ដុល្លារ​អាមេរិក ហើយ​កម្មវិធី​នេះ ជា​កម្មវិធី​ជំនួយ​សង្គម​មាន​លក្ខណៈ​អចិន្រៃ្តយ៍​»​។

ចំណែក​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បានប្រកាស​ដាក់ឱ្យអនុវត្ត​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២០ ហើយ​រហូតមកដល់​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២១ មាន​អ្នកទទួលផល​ក្នុង​រង្វង់ ៧០ ​ម៉ឺន​គ្រួសារ (១៧ ខែ​) ដោយ​ចំណាយ​អស់​ថវិការដ្ឋ​ប្រមាណ ៥០២ ​លាន​ដុល្លារ​អាមេរិក​។

បើតាម​ក្រសួង​សង្គមកិច្ច កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំមាន​គោលបំណង​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​ទារក និង​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​ចាប់តាំងពី​ពេល​ចាប់កំណើត​ក្នុង​ផ្ទៃ ដើម្បី​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី និង​ចូលរួម​លើកកម្ពស់​សុខុមាលភាព​មាតា និង​ទារក​។

ដើម្បី​ទទួលបាន​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ ត្រូវមាន​បណ្ណសមធម៌ ឬ​បណ្ណ​អាទិភាព​សុខាភិបាល និង​ទៅ​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ សម្រាល និង​ចាក់​ថ្នាំ​បង្ការ នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។

ការផ្តល់ជូន​នេះ​ចែកចេញជា ៣ ​ដំណាក់កាល គឺ​ទី​ ១ ផ្តល់ជូន​នៅពេល​មក​ពិនិត្យ​ផ្ទៃពោះ​មុនពេល​សម្រាល​ ៤ ​ដង ក្នុង ១ ​ដង​បាន​ចំនួន​ ៤០ ០០០ ​រៀល​។ ទី​ ២ ផ្តល់ជូន​នៅពេល​មក​សម្រាល ១ ដង​ចំនួន ២០០ ០០០ ​រៀល​។ ទី​ ៣ ផ្តល់ជូន​នៅពេល​មក​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល និង​នៅពេល​យក​កូន​មក​ទទួល​ថ្នាំ​បង្ការ​រហូតដល់​អាយុ​ ២ ​ឆ្នាំ ១០ ​ដង ក្នុង​ ១ ​ដង ចំនួន ៤០ ០០០ ​រៀល​។

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ នេះ​ត្រូវបាន​រដ្ឋាភិបាល​ដាក់ឱ្យអនុវត្ត​ចាប់តាំងពី​ខែមិថុនា​ ឆ្នាំ​ ២០១៩ មក​ដែល​ក្នុងដំណាក់កាល​ដំបូង​ពី​ខែមិថុនា ឆ្នាំ​ ២០១៩ ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២០ កម្មវិធី​ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​ក្រសួង​សុខាភិបាល​។ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ ​កម្មវិធី​នេះ​ត្រូវបាន​​ផ្ទេរ​មក​ក្រសួង​សង្គមកិច្ច​ជា​អ្នកគ្រប់គ្រង និង​អនុវត្ត​បន្ត​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២០ បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ហើយ ក្រសួង​សង្គមកិច្ច​ក៏បាន​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​កម្មវិធី​នេះ​នៅ​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២០ រហូតដល់​បច្ចុប្បន្ន​៕

វីដេអូ៖