
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំកាលពីម្សិលមិញ។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយក្រសួងមហាផ្ទៃ បានធ្វើការពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ក្នុងគោលបំណងដើម្បីធ្វើការគ្រប់គ្រងឧកញ៉ា ផ្តល់គោរមងារឧកញ៉ា និងដកហូតគោរមងារនេះ។
សេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃបញ្ជាក់នាថ្ងៃទី ៣ មករាថា ក្រុមការងារនេះបានផ្ដល់ធាតុចូលយ៉ាងល្អៗ ដើម្បីកែសម្រួលទៅតាមខ្លឹមសារនៃសេចក្ដីព្រាងព្រះរាជក្រឹត្យនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សានេះនាថ្ងៃទី ៣ មករា តាមប្រព័ន្ធវីដេអូថា បន្ទាប់ពីកិច្ចពិភាក្សានេះ លោកនឹងរាយការណ៍ជូន លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងផ្ដល់មតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួងនេះ ដើម្បីសិក្សាស្រាវជ្រាវ និងផ្តួចផ្តើម ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា ការដកហូតគោរមងារឧកញ៉ា។
ក្រុមការងារដែលមានសមាសភាពចំនួន ១២ រូបនេះមានតួនាទីសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូល សម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានលោក ប៊ុន ហុន ជាប្រធាន។
ក្រុមការងារនេះ ត្រូវសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន បម្រើឱ្យការរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
ជាមួយគ្នានេះដែរ ក្រុមការងារនេះ ត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូនលោក ស ខេង ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំរៀបចំឯកសារពាក់ព័ន្ធជូនរដ្ឋាភិបាល។
លោក ប៊ុន ហុន មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេ នៅថ្ងៃទី ៣ ខែមករា។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ភ្នំពេញ-ប៉ុស្តិ៍នាថ្ងៃទី ៣ មករាថា គោរមងារឧកញ៉ាមិនចាំបាច់ត្រូវការគ្រប់គ្រងនោះទេ។ សំខាន់បំផុតគឺត្រូវធ្វើការវាយតម្លៃឱ្យបានច្បាស់លាស់ថាតើមនុស្សបែបណាដែលគួរតែត្រូវបានផ្តល់គោរមងារជាឧកញ៉ាព្រោះឧកញ៉ាមិនមែនធម្មតានោះទេ។ ឧកញ៉ាគឺអ្នកដែលមានគុណតម្លៃខ្ពង់ខ្ពស់ណាស់ មិនមែនគិតទៅលើទ្រព្យសម្បត្តិតែមួយមុខនោះទេ។
លោកថ្លែងថា៖ «ទ្រព្យសម្បត្តិនៅក្នុងការជួយជាតិ យើងផ្តល់ឱ្យជាឧកញ៉ាហ្នឹង វាដល់អ៊ីចឹងអាចធ្វើឱ្យគុណភាពឧកញ៉ាមិនសូវមានគុណភាព។ ឧកញ៉ាគឺចេញទៅ ទាល់តែថាគាត់សមរម្យទាំងឥរិយាបថ អត្តចរិតទាំងអីទាំងអស់ មានទឹកចិត្តទូលំទូលាយការលះបង់សម្រាប់ជួយដល់សង្គម អាហ្នឹងបានអាចថាជាឧកញ៉ា»។
លោក យ៉ង់ គិមអេង ថ្លែងថា៖ «ឧកញ៉ាគួរតែជាជនគំរូម្នាក់សម្រាប់មនុស្សជំនាន់ក្រោយទៅលើអ្វីមួយសម្រាប់សង្គម រួមទាំងទ្រព្យសម្បត្តិ ដែលមានផងទាំងកាយវិការសប្បុរសធម៌ដែលពួកគាត់បានផ្តល់ជាលុយកាក់ក្នុងសង្គមទាំងឥរិយាបថ និងការយល់ដឹងក្នុងការជួយដល់សង្គម។ បើសិនជាឧកញ៉ាជាជនគំរូសម្រាប់សង្គមហើយនោះ គឺមិនត្រូវការគ្រប់គ្រងពួកគាត់នោះទេតែត្រូវរៀបចំលក្ខណវិនិច្ឆ័យឱ្យល្អ និងកត់ត្រាពួកគាត់នៅក្នុងបញ្ជីគោរមងារឱ្យបានច្បាស់លាស់»៕
វីដេអូ៖