កោះកុងៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជា​ឱ្យ​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ឬ​អគ្គស្នងការ​នគរបាលជាតិ​បង្កើត​ក្រុម​លើ​ប្រព័ន្ធ​ផ្ញើសារ​តេឡេក្រាម ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ព័ត៌មាន​អំពី​អ្នកបើកបរ​ល្មើសច្បាប់ ដែល​អាច​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ដោយ​រយៈពេល​ ២ ​ថ្ងៃ​ដើម​ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យស្លាប់​មនុស្ស​ ២៩ ​នាក់​។

ការបញ្ជា​បែបនេះ ខណៈ​លោក​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើកការដ្ឋាន​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​ ៤៨ មាន​ប្រវែង​ ១៤៨ ​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តកោះកុង ក្រោម​មូលនិធិ​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណ​រដ្ឋ​កូរ៉េ ដែល​ផ្តល់ឱ្យ​កម្ពុជា​ជាង​ ១០០ ​លាន​ដុល្លារ​អាមេរិក​។ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល ទៅ​ពិភាក្សា​ជាមួយ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អំពី​ការបង្កើត​ក្រុម​ប្រព័ន្ធ​ផ្ញើ​សារ​តេឡេក្រាម​នេះ​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​តើ​អាចធ្វើ​បានទេ​ខាង​ផ្នែក​ចរាចរណ៍ ផ្លូវគោក យើង​អនុញ្ញាត​ឱ្យមាន​ខាង​នគរបាល​របស់​យើង​បង្កើត​តេឡេក្រាម​តែម្ដង ឱ្យ​ប្រជាពលរដ្ឋ​គាត់​ជួយ​ថត ហើយ​បញ្ជូន​ចូលក្នុង​តេឡេក្រាម ដែល​យើង​ដាក់​ប្រចាំការ​។ ខ្ញុំ​ថា បើ​យើង​ធ្វើ​អាហ្នឹង​បាន អាហ្នឹង​ជា​ការផ្ដល់មតិ​របស់​សាធារណជន​របស់​យើង ដែល​ផ្ដល់​មតិ​មក​ខ្ញុំ​ថា គួរតែមាន​ការទទួល​ព័ត៌មាន​»​។

លោក​បន្តថា​៖ «​បើ​យើង​ប្រើ​ប្រព័ន្ធ​តេឡេក្រាម​អាច​ជួយ​យើង​បាន​។ អ្នកណា​ល្មើសច្បាប់​យើង​ថត ថត​ហើយ​បញ្ជូនទៅ​តេឡេក្រាម​។ យើង​ប្រកាស​តេឡេក្រាម​របស់​ក្រសួង​របស់​អគ្គស្នងការ [​ដ្ឋាន​] ​នគរបាលជាតិ ស្នងការ [​ដ្ឋាន​] ​ខេត្ដ​។ ថត​បាន​ហើយ​អ្នកណា​ល្មើស​ថត​ទាំង​លេខ​ឡាន​នោះ​ទៀត រួចហើយ​បញ្ជូនទៅឱ្យ​ស្នងការ​នគរបាល ឬក៏​អគ្គស្នងការ​នគរបាល​ជាតិ ឬ​អ្នកទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ដើម្បី​ជួយ​សម្រួល​»​។

លោកនាយក​រដ្ឋមន្ដ្រី​លើកឡើង​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ប៉ុន្មាន​ខែ​មុន​ឆ្នាំ​ ២០២១ មនុស្ស​ដែល​គ្រោះថ្នាក់ ដោយសារ​ចរាចរណ៍ ស្លាប់​មាន​ចំនួន​តិចជាង​ស្លាប់​ដោយសារ​កូវីដ​ ១៩​។ ដោយសារ​ពេលនោះ​មិនទាន់​បើក​ប្រទេស ដែល​ការធ្វើដំណើរ​មាន​ការប្រុងប្រយ័ត្ន​។

លោក​ឱ្យដឹងថា នៅ​ថ្ងៃទី​ ២ មករា ២០២២ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ មនុស្ស​ស្លាប់​ចំនួន​ ១៤ ​នាក់ របួស​ ១៧ ​នាក់​។ រីឯ​ថ្ងៃទី​ ៣ មករា ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ អូមីក្រុង មាន​ ៦ ​នាក់ ជា​ករណី​នាំចូល​ពី​បរទេស និង​មាន​ករណី​ស្លាប់​ ១ ​នាក់ ដោយសារ​កូវីដ​ ១៩​។ តាមរយៈ​ករណីនេះ លោកនាយក​រដ្ឋមន្ដ្រី​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​លើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។

លោក​ក៏បាន​លើកឡើង​ពី​បទពិសោធ​មួយ​ដែល​ធ្លាប់​ជួប​ផ្ទាល់​ពេល​ទៅ​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​អង់គ្លេស ដែល​ពេលនោះ​លោក​ធ្វើដំណើរ​ទៅ​វាយ​កូនហ្គោល ដោយ​ជិះ​រថយន្ត​ឯកជន​។ ប៉ុន្ដែ​មាន​អមដោយ​មន្ដ្រីនគរបាល​ប្រទេស​នេះ​ចំនួន ៤ ​នាក់​តាម​ការពារ​ពីក្រោយ​។ ខណៈនោះ ឡាន​ឯកជន​បាន​បើកបរ​លឿន​ពេក ពេលនោះ​នគរបាល​ការពារ​នៅ​ពីក្រោយ ក៏​បាន​ថត​ចាប់​ល្បឿន ដោយសារ​រថយន្ត​ឯកជន​នោះ​បើក​ហួសល្បឿន និង​បាន​ផាកពិន័យ​តែម្ដង​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង យើង​ត្រូវ​គួរ​ខិតខំ​បង្កើតជា​ប្រព័ន្ធ​តេឡេក្រាម​នៃ​ស្នងការ [​ដ្ឋាន​] ​នគរបាល​ខេត្ដ ឬក៏​អគ្គស្នងការ [​ដ្ឋាន​] ​នគរបាលជាតិ​នៅពេលណា​ដែល​ប្រជាពលរដ្ឋ​បានឃើញ​ថា​មាន​បទល្មើស ទាក់ទិន​នឹង​ការធ្វើ​ចរាចរណ៍​ហួស​ល្បឿន ឬ​ជិះ​ខុស​របៀប ដែល​គេ​អាច​ថត ថត​ទាំង​លេខ​ឡាន​បាញ់​បញ្ចូល​ទៅក្នុង​តេឡេក្រាម​របស់​យើង​»​។

លោក​ថា​៖ «​ធ្វើ​យ៉ាង​ដូច្នេះ ព្រោះ​អ្នកខ្លាច គឺ​ខ្លាច​តែ​កន្លែង​ប៉ូលិស ដល់​កន្លែង​ប៉ូលិស​គាត់​ធ្វើ​បើកបរ​យឺត​។ ផុតពី​កន្លែង​ប៉ូលិស​គាត់​លេង​លឿន​តែម្ដង​។ អ៊ីចឹង​ទេ​មានតែ​អ្នក​ដែល​ធ្វើដំណើរ​ទៅជា​មួយ​អ្នក​ដែល​គោរព​ច្បាប់​ថត​។ ប៉ុន្ដែ​យើង​មិនមែន​ទៅ​ចាប់​គេ​ភ្លាម​ទេ ត្រូវ​ហៅ​មក​សួរ​ថត​បាន​លេខ​ឡាន​ហៅ​មក​សួរ យើង​មាន ភ័ស្ថុតាង​នៅក្នុង​ដៃ​ដែល​គេ​ថត​បាន​។ អាហ្នឹង គឺជា​ចំណុច​ដែល​ខ្ញុំ​គ្រាន់តែ​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​»​។

ទាក់ទិន​ជំងឺ​កូវីដ​ ១៩ លោក​ថា ពីមុន​ជំងឺ​កូវីដ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើនជាង​គ្រោះថ្នាក់​ចរាចរណ៍​។ ឥឡូវ​គ្រោះថ្នាក់​ចរាចរណ៍​ចាប់ផ្ដើម​បង្ក​ឱ្យ​មាន​មនុស្ស ស្លាប់​ច្រើនជាង​កូវីដ​ ១៩ ​វិញ​ម្ដង​។ លោក​បញ្ជាក់ថា បើ​ឆ្លង​កូវីដ​ ១៩ អាច​ព្យាបាល​ជា ក៏ប៉ុន្ដែ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ត្រូវរបួស​អាច​នឹង​កាត់​ជើង អាច​នឹង​ខ្វិន ពិការ​។

បើតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​រយៈពេល ២ ​ថ្ងៃ​នៃ​ដើមខែ​មករា ឆ្នាំ​ ២០២២ ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ ២៩ ​នាក់ និង​រងរបួស​ ១៧ ​នាក់​។

ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០២១ បាន​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ជិត​ ១ ៥០០ ​នាក់​ថយចុះ​ប្រមាណ​ ១៥០ ​នាក់​ស្មើនឹង​ ៩ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​អ្នកស្លាប់​ចំនួន​ជាង​ ១ ៦០០ ​នាក់​។ នេះ​បើតាម​របាយការណ៍ លោក ស ខេង បង្ហោះ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១ មករា​។ របាយការណ៍​បង្ហាញថា ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ពេញ​ ១ ​ឆ្នាំ​ ២០២១ មាន​ ២ ៦៧០ ​លើក បើ​ធៀប​នឹង ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៣ ១៧៦ ​លើក គឺមាន​ការថយចុះ​ ១៦ ​ភាគរយ​។

មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​ ២០២១ គឺ​ដោយសារ​ការបើកបរ​ដោយ​ល្បឿន​លឿន​ចំនួន​ ៣៨ ​ភាគរយ ការមិន​គោរព​សិទ្ធិ​មាន​ ២៤ ​ភាគរយ ការមិន​ប្រកាន់​ស្តាំ​មាន​ ១៤ ​ភាគរយ​។ ការប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​មាន ៨ ​ភាគរយ បត់​ឆ្វេង-ស្តាំ មិន​ប្រយ័ត្ន​មាន ៨ ​ភាគរយ ស្រវឹង ៤ ​ភាគរយ កត្តា​យានយន្ត​មាន ៣ ​ភាគរយ និង​ងងុយ​ដេក​មាន ១ ​ភាគរយ​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា ជំរុញ​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល អនុវត្ត​ច្បាប់​ជា​គោល ទោះបី​ក្នុង​អំឡុងពេល​ពិធីបុណ្យ​ក៏ដោយ​។ ជាពិសេស ដាក់​គោលដៅ​អនុវត្ត​ច្បាប់​នៅតាម​បណ្តោយ​ផ្លូវជាតិ​សំខាន់ៗ ដែល​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមឱ្យ​ស្ថាប័ន​រាជរដ្ឋាភិបាល​ដាក់​ការអនុវត្ដ​ច្បាប់​ជា​គោល​តាម​រូបភាព​សមស្រប ក្នុងនោះ​គួរ​មាន​ក្រុម​ល្បាត​ចល័ត និង​ក្រុម​អន្តរាគមន៍​ទាក់ទង​ជាមួយនឹង​ការអនុវត្ដ​ច្បាប់ និង​ការសម្រួល​ចរាចរណ៍​នៅក្នុង​អំឡុងពេល​ពិធីបុណ្យ​ [​ផ្សេងៗ​] ពីព្រោះ​នៅពេល​ពលរដ្ឋ​ដឹងថា មាន​ការអនុវត្ដ​ច្បាប់ ពួកគាត់​នឹង​មាន​ការប្រុងប្រយ័ត្ន​លើ​ការបើកបរ​»​។

លោក​ក៏បាន​ស្នើ​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល​ក្នុង​អំឡុងពេល​បុណ្យ​សំខាន់ៗ​នេះដែរ គួរ​មានការ​ណែនាំ​ទៅដល់​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ទាំងអស់​ឱ្យ​គោរព​វិធាន​សុវត្ថិភាព​ចរាចរណ៍ និង​ចូលរួម​កាត់បន្ថយ​ការកកស្ទះ និង​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​ បញ្ញា គាំទ្រ​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ចំពោះ​ការបញ្ជា​ឱ្យ​ស្នងការ​នគរបាល​រាជធានី-ខេត្ត ឬ​អគ្គស្នងការ​នគរបាលជាតិ​បង្កើត​ក្រុម​លើ​ប្រព័ន្ធ​ផ្ញើសារ​តេឡេក្រាម ដើម្បី​អាចឱ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ព័ត៌មាន​អំពី​អ្នកបើកបរ​ល្មើសច្បាប់​ក្នុង​ការចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​៕