កោះកុងៈ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន កោតសរសើរ​ចំពោះ​ការខិតខំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អាជ្ញាធរ​រាជធានី-ខេត្ដ​ដែល​បានរៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) កាលពី​ថ្ងៃទី​ ២៧-២៨ ​ធ្នូ ឆ្នាំ​ ២០២១ ដោយ​ទទួលបាន​ជោគជ័យ ខណៈ​សាស្ដ្រាចារ្យ​ជាង​ ៨ ​ពាន់​នាក់​នៅ​ទូទាំងប្រទេស កំពុង​ធ្វើ​កំណែ​វិញ្ញាសា​។

ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ នា​ថ្ងៃទី​ ៣ មករា ស្ថិតក្នុង​ខេត្តកោះកុង ក្រោម​មូលនិធិ​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ​ដែល​ផ្តល់ឱ្យ​កម្ពុជា លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ថ្លែងថា កាលពី​ថ្ងៃទី​ ២ មករា ២០២១ លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​របាយការណ៍​អំពី​ការប្រមូល​សាស្ដ្រាចារ្យ​ទូទាំង​ប្រទេស​ជាង ៨ ​ពាន់​នាក់​ដើម្បី​ទៅកាន់​ទីក្រុង​ភ្នំពេញ ធ្វើ​កំណែ​វិញ្ញាសា​បាក់ឌុប​ឆ្នាំនេះ​។ ក្នុងនោះ​ពេល​ធ្វើតេស្ដ​រហ័ស​រក​មេរោគ​កូវីដ​ ១៩ រកឃើញ​តែ​ ៩ ​ករណី​តែប៉ុណ្ណោះ ក្នុងចំណោម​សាស្ដ្រាចារ្យ​ជាង ៨ ​ពាន់​នាក់ ដែល​ធ្វើដំណើរ​ពី​ខេត្ដ​នានា​មក​នោះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់ ខ្ញុំ​សប្បាយ​ចិត្ដ​ជាងគេ​នៅត្រង់ថា ប្រឡង​បាក់ឌុប កូនសិស្ស​ជាង​ ១១៥ ០០០ ​នាក់ ករណី​ឆ្លង​កូវីដ​ ១៩ មានតែ​ ៣ ​ករណី​ប៉ុណ្ណោះ​»​។

លោក​បញ្ជាក់ថា ក្នុងនោះ ២ ​នាក់ វិជ្ជមាន​មេរោគ​ប្រភេទ​ថ្មី​អូមីក្រុង ដែលជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ពេល​បេក្ខជន​ទៅ​ចូលរួម​ប្រកួត​កីឡា​។ ចំណែក ១ ​ករណី​ទៀត បេក្ខជន​ប្រឡង​ម្នាក់​នៅ​ខេត្ដ​បាត់ដំបង​។ រីឯ​លោកគ្រូ អ្នកគ្រូ គឺ​មិនមាន​បញ្ហា​អ្វី​ទេ​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា ឥឡូវ​ដល់​ដំណាក់កាល​នៃ​ការកែ ត្រូវ​យកទៅ​កែ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ត្រូវ​ប្រមូល​សាស្ដ្រាចារ្យ​ពី​បណ្ដា​ខេត្ដ​ឡើងទៅ​ទីក្រុង​ភ្នំពេញ​។ ករណី កូវីដ​ ១៩ ចំនួន​ ៩ ​ករណី​នៃ​ចំនួន​សាស្ដ្រាចារ្យ ដែល​មកពី​ទូទាំងប្រទេស​ចំនួន​ ៨ ៧៧២ ​នាក់​។ ក្នុងនោះ​សាស្ដ្រាចារ្យ​នៅ​ភ្នំពេញ​មាន ៣ ​នាក់ ខេត្ដ​ពោធិ៍សាត់​មាន​ ៣ ​នាក់ ខេត្ដ​បាត់ដំបង​ ១ ​នាក់ ខេត្ដ​ស្ទឹងត្រែង ១ ​នាក់ និង​ខេត្ដ​កោះកុង​ ១ ​នាក់​។ អ្នក​ទាំងនេះ​ត្រូវ​បានដាក់​ឱ្យធ្វើ​ចត្ដាឡីស័ក ប៉ុន្ដែ​មិនមាន​បញ្ហា​សុខភាព​អ្វី​ធ្ងន់ធ្ងរ​ទេ​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​អ៊ីចឹង នៅតែ​ជា​ការប្រុងប្រយ័ត្ន​របស់​យើង​។ ព័ត៌មាន​នេះ​គឺ​ល្អ ហើយ​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​នៃ​អាជ្ញាធរ​រាជធានី​-​ខេត្ដ​ទាំងអស់ ដែល​បាន​ជួយ​សម្រួល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ របស់​យើង​។ ផ្ទះជួល​ជាច្រើន​ត្រូវបាន​បញ្ចុះ​ថ្លៃ ខេត្ដ​ខ្លះ​បានឱ្យ​សិស្ស​បាន​សម្រាក បាន​ទទួលទាន​អាហារ ដោយ​មិន​គិត​ប្រាក់​ថែមទៀត​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​នា​ថ្ងៃទី​ ៣ មករា ថា ទាក់ទង នឹង​បច្ចុប្បន្នភាព ការធ្វើ​កំណែ​ប្រឡង​បាក់ឌុប គឺ​បាននិង​កំពុង​ប្រព្រឹត្ត​ទៅតាម​កាលវិភាគ​ដំណើរការ​កំណែ​។

តាម​កាលវិភាគ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរការ​កំណែ​នៅ​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ​ ២០២២ ប្រធាន អនុប្រធាន​ក្រុម​គណៈកម្មការ​កំណែ​បន្ត​កែ​កិច្ចការ​បេក្ខជន​។ ក្រោយពី​កែ​កិច្ចការ​បេក្ខជន​ចប់ ប្រធាន​មណ្ឌល​កំណែ​ដឹក​កិច្ចការ​បេក្ខជន​យកទៅ​ទុក​នៅ​សាលាបឋមសិក្សា​ចៅពញា​ហុក និង​សន្លឹក​សម្រង់​ពិន្ទុ MCS និង​ឯកសារ​ផ្សេងៗ​ជូនទៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង នៅ​អគាររដ្ឋបាល ក្រសួង​អប់រំ យុវជន និង​កីឡា​ (​ជាន់​ទី​ ៥) ​ដោយមាន​ការប្រគល់​ទទួល​ជា​លាយលក្ខណ៍​អក្សរ​។

លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈប្រតិភូ កាលពី​ថ្ងៃទី​ ២ ខែមករា បាន​ចុះ​ពិនិត្យ​នៅតាម​មណ្ឌល​កំណែ ខណៈ​សមាជិក​កំណែ​កំពុង​បំពេញភារកិច្ច​។ គណៈកម្មការ​ក្រុម​មុខវិជ្ជា​បន្តដំណើរការចុះ​អក្សរ​សម្ងាត់ គណៈកម្មការ​ក្រុម​ការងារ​បែងចែក​សន្លឹក​កិច្ចការ​បន្ត​អនុវត្ត​ការបំពេញ​ការងារ និង​គណៈកម្មការ​ក្រុម​កំណែ​បាន​ត្រៀម​ចាប់ផ្តើម​កែ​សន្លឹក​កិច្ចការ​ដោយ​យកចិត្ត​ទុកដាក់​ប្រកបដោយ​ការទទួលខុសត្រូវ​។ ដំណើរការ​កំណែ​នេះ ក៏មាន​ការចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ក្នុង​ការទប់ស្កាត់​ភាពមិនប្រក្រតី​ផ្សេងៗ​ផងដែរ​។

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឱ្យ​ដឹងថា នៅតាម​មណ្ឌល​នីមួយៗ​មាន​កិច្ចប្រជុំ​ពង្រឹង​គណៈកម្មការ​កំណែ​ជាប្រចាំ ដើម្បី​ធានាបាន​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។ ជាពិសេស ប្រធាន​មណ្ឌល​កំណែ ក៏បាន​ណែនាំ​បន្ថែម​ប្រធាន​ក្រុម​ត្រូវ​ពិនិត្យ​បណ្ណពិនិត្យ​សុខភាព​សមាជិក និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​។ បើ​សមាជិក​កំណែ​ណាមួយ​មិនបាន​ពិនិត្យ​សុខភាព​ទេ ក្រសួង​អប់រំ ស្នើឱ្យ​ទៅពិនិត្យ​មុន​ចូលក្នុង​មណ្ឌល​។

បើតាម​ក្រសួង​អប់រំ តាម​ការគ្រោងទុក​លទ្ធផល​នៃ​ការប្រឡង​នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នា​រសៀល​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២២ និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ ២០២២ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ របស់​ក្រសួង​អប់រំ facebook.com/moeys.gov.kh៕