ភ្នំពេញៈ រហូត​មកទល់​ពេលនេះ ក្រសួង​មហាផ្ទៃ​មិនទាន់​មាន​ចំណាត់ការ​ណាមួយ ទៅលើ​គណបក្ស​ខ្មែរក្រោក​នៅឡើយ​ទេ បន្ទាប់ពី​លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ហៅ វិល្លាម គ័ង ដែលជា​ប្រធាន​គណបក្ស ត្រូវបាន​ចាប់ឃុំខ្លួន ដែល​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​ពី ៥ ​ទៅ​ ១០ ​ឆ្នាំ ពាក់ព័ន្ធ​ការប្លន់​ផ្ទះ​អ្នកលក់​ឡេ តាម​អនឡាញ​អ្នកស្រី អ៊ាន សៀវម៉ី​។

លោក ឈឹម កាន ប្រធាន​នាយកដ្ឋាន​សមាគម និង​គណបក្សនយោបាយ​នៃ​ក្រសួងមហាផ្ទៃ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២ ថា ការមិនទាន់​មាន​ចំណាត់ការ​នេះ គឺ​ក្រសួង​បាននិង​កំពុង​រង់ចាំ​សេចក្តី​សម្រេច​ជា​ផ្លូវការ​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ម្យ៉ាងទៀត លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ក៏​កំពុង​ស្ថិតនៅក្នុង​វិធានការ​ផ្លូវច្បាប់​នៅឡើយ​ដែរ​។

លោក​ថ្លែងថា​៖ «​នៅពេល​ដែល​ក្រសួង​ទទួលបាន យើង​ធ្វើ​ទៅតាម​នីតិវិធី ដោយ​ពិនិត្យ​ទៅលើ​ផ្លូវច្បាប់ ថា​ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច​? ​មកដល់​ពេលនេះ គណបក្ស​របស់គាត់ មិន​មាន​អ្វី​ប្រែប្រួល​នោះទេ គឺ​កំពុងតែ​ដំណើរការ​ធម្មតា​។ យើង​មិនទាន់​ហាម​គេ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​ទេ ដោយ​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​សិន​»​។

មន្ត្រី​គណបក្ស​ខ្មែរ​ក្រោក ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២ ថា ​ក្រោយពី​លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​តុលាការ គណបក្ស​ខ្មែរ​ក្រោក​នៅតែ​ដំណើរការ​ធម្មតា និង​មិនមាន​អ្វី​ប្រែប្រួល​នោះទេ​។

លោក​បន្តថា បច្ចុប្បន្ននេះ​គណបក្ស​ក៏​កំពុងតែ​រៀបចំ​តែងតាំង​ប្រធាន​ថ្មី ដើម្បី​ដឹកនាំ​គណបក្ស សម្រាប់​ចូលរួម​បោះឆ្នោត​នៅពេល​ខាងមុខៗ​ទៀត​។

លោក​ សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ​ ២០២២ ថា គណបក្ស​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ គឺមាន​សិទ្ធិ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅ គ.ជ.ប បាន​។ ដូច្នេះ តាមច្បាប់ គឺ​មិន​សំដៅ​ទៅលើ​ប្រធាន​គណបក្ស​នោះទេ​។

លោក​ថ្លែងថា​៖ «​ទោះបី​ប្រធាន​គណបក្ស គាត់​ត្រូវបាន​តុលាការ​ចោទប្រកាន់​យ៉ាងណាក្តី ប៉ុន្តែ​គណបក្ស​របស់គាត់​នៅតែមាន​ឈ្មោះ​នៅក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ដដែល​។ មានន័យថា ក្រសួងមហាផ្ទៃ​មិនទាន់​លុបឈ្មោះ គណបក្ស​នោះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​នោះទេ​»​។

ប្រធាន​គណបក្ស​ខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង អាយុ ៤៤ ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ចំនួន​ ៣ ​បទល្មើស ដែល​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​ពី ៥​ ទៅ​ ១០ ​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការប្លន់​ផ្ទះ​អ្នកលក់​ឡេ តាម​អនឡាញ​អ្នកស្រី អ៊ាន សៀវម៉ី​។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹងថា លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង អាយុ ៤៤ ​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ចំនួន​ ៣​ បទល្មើស ក្នុងនោះ​រួមមាន ទី​ ១- បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ទី​ ២- បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ទី​ ៣-​បទ​ក្លែង​ឯកសារ​សាធារណៈ​។

លោក​បន្តថា ដូច្នេះ​មេបក្ស​ខ្មែរ​ក្រោក ដែលជា​មេចោរ​ប្លន់​ប្រដាប់អាវុធ ប្លន់​អ្នកលក់​ឡេ​តាម​អនឡាញ​នៅ​ថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ​ ២០២១ អាច​ជាប់គុក​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​។ នេះ​បើ​យោង​លើ​បទល្មើស តាម​មាត្រា​ដែល​តំណាង​អយ្យការ​បានធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​៕