ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​បាន​សម្រេច​បើក​ការស៊ើបសួរ​លើ​បុគ្គល​ ៩ ​នាក់ ពាក់ព័ន្ធ​នឹង​អង្គហេតុ​ញុះញង់​បំផុសបំផុល​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​ត្រូវបាន​បណ្ដេញចេញ ឱ្យ​ធ្វើ​សកម្មភាព​បង្កចលាចល​ដល់​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ និង​អាច​បង្កឱ្យមាន​អសន្តិសុខ​សង្គម​។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៣ ខែមករា បានឱ្យដឹងថា​៖ «​បន្ទាប់ពី​បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ប្រមូល​ភ័ស្តុតាង​រួចមក អំពើ​ (​ដែល​ជនសង្ស័យ​) បាន​ប្រព្រឹត្ត​បាន​បំពាន​ច្បាប់​ដូច​មានចែង​ក្នុង​មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៥ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយ​ផ្អែក​តាម​អង្គហេតុ និង​អង្គច្បាប់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បើក​ការស៊ើបសួរ​លើ​បុគ្គល (៩ ​នាក់​) ​រួមទាំង​បក្ខពួក​ពីបទ «​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ប្រមាណ​ជាង​មួយ​ពាន់​នាក់​បាន​ធ្វើ​កូដកម្ម​ចាប់តាំងពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​ ២០២១ ហើយ​កំពុងតែបន្ត​ការតវ៉ា​របស់​ពួកគេ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​នេះ​ទទួលយក​បុគ្គលិក​ ៣៦៥ ​នាក់​ឱ្យចូល​ធ្វើការ​វិញ ក្រោយពី​បញ្ឈប់​ពួកគេ​ដោយ​មូលហេតុ​ជំងឺឆ្លង​កូវីដ​ ១៩​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ៩ ​នាក់​ទៅ​តុលាការ​កាលពី​ថ្ងៃទី​ ៣ ខែមករា ក្រោយពី​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៣១ ខែធ្នូ ដោយ​ចោទប្រកាន់​ពួកគេ​រៀបចំ​បាតុកម្ម​នៅ​ពីមុខ​ទីតាំង​ក្រុមហ៊ុន​ដោយ​ខុសច្បាប់​។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែមករា​ថា​៖ «​ការដែល​បញ្ជូន​ពួកគេ បន្តទៅ​តុលាការ ដោយបាន​​រកឃើញថា ពួកគេ ពិតជា​បាន​រៀបចំ​បាតុកម្ម​ដោយ​ខុសច្បាប់​នៅមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​»​។

ទោះជា​យ៉ាងណា​ក៏ដោយ សមាគម​សហជីព​ហៅ​កាត់​ថា IUF នៃ​អាស៊ី​ប៉ាស៊ីហ្វិក បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​នានា ដោយ​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា ធ្វើការ​ដោះលែង​ពួកគេ​ជាបន្ទាន់ ដោយ​សង្ឃឹមថា អាជ្ញាធរ​នឹង​ទម្លាក់​ការចោទប្រកាន់​លើ​មេដឹកនាំ​ទាំងនោះ​។

ក្រុម​ប្រតិភូ​ចរចាវិវាទ​ (​ជាមួយ​) ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន កាលពី​ថ្ងៃទី​ ១ ខែមករា​ថា ការធ្វើ​កូដកម្ម​ជាង ១០ ​ថ្ងៃ​កន្លងមកនេះ គឺ​កើតឡើង​ដោយ​ភាគី​ក្រុមហ៊ុន​ព្រងើយកន្តើយ​មិន​អនុវត្ត​ច្បាប់​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ មិនមាន​ចេតនា​ពិតប្រាកដ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​។

ក្រុម​ប្រតិភូ​ចរចា​វិវាទ​នេះ​បន្តថា​៖ «​ក្រសួង​ការងារ​មិនបាន​ដើរតួ​ជា​ស្ថាប័ន​ជំនាញ​ក្នុងការ​ដោះស្រាយ ក្រៅពី​កោះហៅ​ភាគី​ពាក់ព័ន្ធ​ឱ្យទៅ​បកស្រាយ​ឱ្យស្តាប់ រួច​ធ្វើ​កំណត់ហេតុ​មិន​សះជា បន្ទាប់មក​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​ដែរ ខណៈ​សកម្មភាព​របស់​មន្ត្រី​ជំនាញ​បាន​ធ្វើឱ្យ​ប្រព័ន្ធ​ច្បាប់​ការងារ ត្រូវបាន​រំលោភ​ជា​បន្ត​បន្ទាប់ពី​និយោជក​»​។

ក្រុម​ប្រតិភូ​ចរចា​វិវាទ​នេះ បាន​បញ្ជាក់ថា ការដែល​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ​ថា ការប្រមូលផ្តុំ​របស់​កម្មករ​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ និង​ធ្វើឱ្យប៉ះពាល់​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន មិនបាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​នោះទេ​។ ផ្ទុយទៅវិញ​អាជ្ញាធរ​កំពុងតែ​លើកទឹកចិត្ត​ដល់​និយោជក​បន្ត​រំលោភច្បាប់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រាជរដ្ឋាភិបាល​ទាំង​នៅក្នុង​តំបន់ និង​អន្តរជាតិ​ថែម​ទៀតផង​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា​៖ «​ចំពោះមុខ​ក្រសួង​នៅតែ​ជូនដំណឹង​ដល់​ភាគី​ទាំង​ ២ ឱ្យ​គិតពី​ប្រយោជន៍​រួម​ជាធំ និង​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​នៃ​ការដោះស្រាយ​វិវាទ ការងារ​រួម​»​។

លោក​ថ្លែង​បន្តថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ម្តង​ទៀតថា​យោងតាម​ច្បាប់​នៅពេល​ដែល​ភាគី​វិវាទ​ការងារ​ជ្រើសរើស​ការផ្សះផ្សា​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដោយ​មិន​ជាប់​កាតព្វកិច្ច ជំហាន​ចុងក្រោយ​គឺ​ត្រូវតែទៅ​តុលាការ​ដើម្បី​បញ្ចប់​វិវាទ​នោះ​។ ការធ្វើ​កូដកម្ម​គឺជា​សិទ្ធិ​របស់​បងប្អូន​កម្មករ ប៉ុន្តែ​ការបន្ត​កូដកម្ម ឬ​បញ្ឈប់​កូដកម្ម គឺ​បងប្អូន​ត្រូវ​ពិនិត្យ​ទៅលើ​ដីកា​របស់​តុលាការ​»​។ លោក​បញ្ជាក់ថា ការបញ្ឈប់​ខុសច្បាប់ ឬ​ត្រូវ​ច្បាប់​ក៏​ជា​ចំណុច​ដែល​អាច​ប្តឹងទៅ​តុលាការ​ផងដែរ​ប្រសិនជា​ភាគី​ដែល​ត្រូវ​បញ្ឈប់​មិន​សុខចិត្ត​នឹង​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ឬ​មិនអាច​ទទួលយក​ការផ្សះផ្សា ឬ​មិនអាច​ទទួលយក​គោល​ជំហរ​របស់​និយោជក​។

កាលពី​ថ្ងៃទី​ ២ មករា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ឱ្យ​អតីតបុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ទៅ​ផ្ដល់ព័ត៌មាន​នានា ទាក់ទង​ករណី​និយោជក មិនបាន​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ដល់​ខ្លួន​ត្រឹមត្រូវ ដើម្បីឱ្យ​ក្រសួង ធ្វើការ​ផ្ទៀងផ្ទាត់​ឡើងវិញ និង​ផ្តល់ជូន​កម្មករ​បន្ថែម​។

លោក មឿន តុលា នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​ថ្លែងថា អាជ្ញាធរ មិនគួរណា​មាន​វិធានការ​ធ្ងន់ធ្ងរ និង​មិន​សមរម្យ​ទៅកាន់​កម្មករ ដែល​បាន​ប្រមូលផ្តុំ​ធ្វើ​កូដកម្ម​ដោយ​ស្របច្បាប់​នោះទេ គួរណាស់​តែ​ព្យាយាម​ដោះស្រាយ​វិវាទ​នេះ​ដោយ​សន្តិវិធី​៕