ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​ជិត​ ២៤ ​គីឡូក្រាម​។ នេះ​បើ​យោងតាម​ការប្រាប់​ឱ្យដឹងពី​មន្ត្រីនគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កាលពី​រសៀល​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២​។

លោក អ៊ិន សុង អ្នកនាំពាក្យ​មន្ទីរប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា កាលពី​ល្ងាច​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២១ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ក៥) ​បាន​សហការ​ជាមួយ​កម្លាំង​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​​ចាប់​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ អ៊ូច លីន អាយុ​ ១៨ ​ឆ្នាំ​នៅ​ចំណុច​រង្វង់មូល​នាង​ទេពមច្ឆា ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ដោយ​រឹបអូស​បាន​វត្ថុតាង​គ្រឿងញៀន​ប្រភេទ Ice-methamphetamine ​ចំនួន​ ២៤ ​កញ្ចប់​ធំ មាន​ទម្ងន់​សរុប​ ២៣ ​គីឡូក្រាម និង​ ៧៣៨ ​ក្រាម​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​ព្រឹក​ថ្ងៃ​​ទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ទី​ ៥ ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​​ហើយ​តុលាការ​បានសម្រេច​ឱ្យ​នាំយកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ជាបណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទ​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​សារធាតុញៀន តាម​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្ដីពី​គ្រឿងញៀន​»​។

យោងតាម​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​បានបញ្ជាក់​ថា ក្នុងករណី​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ប្រភេទ Amphetamine Methamphetamine Ecstasy មាន​បរិមាណ​សុទ្ធ​លើសពី​ ២៤០ ​ក្រាម​ឡើងទៅ​នឹងត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​​ពី​ ២០ ​ឆ្នាំ ទៅ​ ៣០ ​ឆ្នាំ ឬ​អស់​ ១ ​ជីវិត ​និង​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ៤០ ​លាន​រៀល​ទៅ​ ១០០ ​លាន​រៀល​។ ​ដូច្នេះ​ជនសង្ស័យ​អាច​នឹងត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ក្នុង​ថិរវេលា​ដែល​បានកំណត់​នៃ​ច្បាប់​នេះ​ជា​ធរមាន ព្រោះ​បរិមាណ​គ្រឿងញៀន​ប្រភេទ Ice-methamphetamine ដែល​សមត្ថកិច្ច​បាន​រកឃើញ​នឹង​ចាប់​រឹបអូស​ពី​ជនសង្ស័យ​រូបនេះ មាន​ចំនួន​ច្រើន​លើសលប់​រហូតដល់​ជិត​ ២៤ ​គីឡូក្រាម​៕