ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​តាមរយៈ​​ក្រុមការងារ​របស់​ខ្លួន បាននិងកំពុង​ស៊ើបអង្កេត​ករណី​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​បាន​ផ្តន្ទាទោស​ក្មេងប្រុស​ជា​អនីតិជន​អាយុ​ ១៤ ​ឆ្នាំ​ម្នាក់ ដាក់​ពន្ធនាគារ​ពីបទ​ប៉ុនប៉ង​ឃាតកម្ម​លើ​បុរស​ម្នាក់ ដោយ​ការដាក់​ថ្នាំបំពុល ក៏ប៉ុន្តែ​ម្ដាយ​កុមារា​រូបនេះ​ថា ពុំមាន​ភ័ស្ដុតាង​។

ការចុះ​ស្រាវជ្រាវ​ក្នុង​សំណុំរឿង​នេះ បន្ទាប់ពី​ម្តាយ​អនីតិជន​បានស្នើ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោយ​ចាត់ទុកថា ការចោទប្រកាន់​របស់​តុលាការ​គ្មាន​ភ័ស្តុតាង​ច្បាស់លាស់ និង​ជា​រឿង​អយុត្តិធម៌​ចំពោះ​កូនប្រុស​របស់ខ្លួន​។

ក្នុង​លិខិត​អំពាវនាវ​សរសេរ​ដោយ​ដៃ និង​បាន​បង្ហោះ​ជា​សាធារណៈ​របស់​ម្តាយ​អនីតិជន​គឺ​អ្នកស្រី សូរ ស្រីខួច បាន​​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ក្នុង​សំណុំ​រឿងនេះ​។

ក្នុង​លិខិត​អំពាវនាវ​បាន​លើក​​ឡើង​ថា​៖ «​សម្តេច​ពុក​សែន​ជួយ​ដល់​កូនចៅ​ផង​...​មាន​​រឿង​អយុត្តិធម៌​ត្រូវ​ថៅកែ​ចិត្តខ្មៅ​ចោទប្រកាន់​កូនប្រុស​ឈ្មោះ ធន់ ឌីណា អាយុ​ ១៤ ​ឆ្នាំ ថា​បានដាក់​ថ្នាំ​បំពុល​សម្លាប់​គាត់​ដោយ​គ្មាន​ភ័ស្តុតាង​ច្បាស់លាស់ ហើយ​ត្រូវ​តុលាការ​ចាប់​ដាក់គុក​ចំនួន​ [៥ ​ឆ្នាំ​] ​ដោយ​អយុត្តិធម៌​បំផុត​»​។

ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ចាត់តាំង​ក្រុមការងារ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ក្នុងករណី​​នេះ​។ ​លោក​បាន​បង្ហោះ​សារ​នៅ​ហ្វេសប៊ុក​ថា​៖ «​ក្នុងនាម​គណ:កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែលជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ខ្ញុំ​ក៏បាន​ចាត់​ក្រុមការងារ​ចុះ​ស៊ើបអង្កេត​ហើយក៏​ជួប​ក្មេង​ម្នាក់ទៀត​ដែលមាន​អាយុ​ ១៤ ​ឆ្នាំ​ដូចគ្នា ពួកយើង​នឹង​តស៊ូ​តាមផ្លូវ​ច្បាប់​ ដើម្បី​ជួយ​ក្មេង​ទាំង​ ២ ​នាក់​នេះ​»​។

ជាមួយ​គ្នា​នេះដែរ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​នៅ​ថ្ងៃទី​ ៣ ខែមករា​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចុះ​អង្កេត​ផ្ទាល់​លើ​សំណុំ​រឿងនេះ និង​បានផ្តល់​មេធាវី​ការពារ​ក្តី​ដោយ​ឥតគិតថ្លៃ​​ព្រមទាំង​បាន​ធ្វើ​បណ្តឹងឧទ្ធរណ៍​រួចរាល់​ហើយ​ផងដែរ តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

លោក​ថា​៖ «​ជា​នីតិវិធី​ក្រុមការងារ​នឹង​ធ្វើការ​ការពារ​ក្តី​ជូន​អនីតិជន​ដោយ​ឥតគិតថ្លៃ​នៅ​សាលាឧទ្ធរណ៍ ហើយ​ក្រុម​ការងារ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​រួច​អស់ហើយ ហើយ​ការសម្រេច​យ៉ាងម៉េច​នោះ​អាស្រ័យទៅលើ​តុលាការ​ជា​អ្នកសម្រេច​»​។

ជាមួយ​គ្នា​នេះដែរ លោក​បាន​​ថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ​ដែល​បានធ្វើ​ការងារ​នេះ​ទាំង​ថ្ងៃ​ឈប់សម្រាក និង​អរគុណ​​ផងដែរ ដល់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​បានផ្តល់​កិច្ចសហការ​តាម​ការស្នើសុំ​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត បាន​ថ្លែងថា ការបង្កើត​ក្រុមការងារ​ស្រាវជ្រាវ​នេះ​គឺជា​តួនាទី​ដ៏សំខាន់​សម្រាប់​គណៈកម្មាធិការ​សិទ្ធិមនុស្ស ដែល​ត្រូវ​ស៊ើបអង្កេត​ករណីនេះ​។

លោក​ថា​៖ «​ពីព្រោះ​បើ​ករណី​​នេះ​ពិត​ដូចជា​ក្រុមគ្រួសារ​បាន​ប្តឹង​មែន​ប្រសិនបើ​កុមារ​នោះ​មិនមាន​ការប្រព្រឹត្ត​ដូច​ការចោទប្រកាន់ ហើយ​មិនមាន​ភ័ស្តុតាង​គ្រប់គ្រាន់​ទេ ហើយ​​ត្រូវបាន​តុលាការ​ធ្វើការ​ផ្តន្ទាទោស​ជា​រឿង​មួយ​ដែល​អយុត្តិធម៌ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​សិទ្ធិ​កុមារ​ដែល​គួរតែ​មាន​ការស៊ើបអង្កេត​»​។

បន្ថែម​ពីនេះ​លោក​ថា ក្នុងករណី​ក្រុមការងារ​ស្រាវជ្រាវ​រក​មិនឃើញ​បទល្មើស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​មែន ក្រសួង​យុត្តិធម៌ គួរតែ​ពិនិត្យ​ទៅលើ​ការសម្រេច​នោះ​។

លោក​ថា​៖ «​ប្រសិនបើ​ការស្រាវជ្រាវ​រកឃើញថា ការសម្រេច​នេះ អយុត្តិធម៌ ហើយ​មិន​ត្រឹមត្រូវ និង​មិនមាន​ភ័ស្តុតាង​គ្រប់គ្រាន់​ទេ គឺជា​សមត្ថកិច្ច​របស់​​ក្រសួងយុត្តិធម៌ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្នុង​ការពិនិត្យ​ទៅលើ​ការសម្រេច​របស់​ចៅក្រម​ថា តើ​ត្រឹមត្រូវ​ទៅតាម​​នីតិវិធី​ដែរឬទេ​»​។

យ៉ាងណាក្ដី កាលពី​ថ្ងៃទី ៣០ ​ខែធ្នូ ឆ្នាំ​ ២០២១ សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បានចេញ​សេចក្តី​ថ្លែងការណ៍​ថា ក្រោយ​ចប់​កិច្ចពិភាក្សា​ដេញដោល និង​ក្រោយពី​បាន​ពិនិត្យ​ភ័ស្តុតាង​ក្នុង​សំណុំរឿង​ត្រឹមត្រូវ​តាមច្បាប់ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​រកឃើញថា កាលពី​ថ្ងៃទី​ ២៩ ខែកក្កដា ឆ្នាំ​ ២០២១ ជនជាប់ចោទ​ឈ្មោះ រ៉ាំ ហូវ អាយុ​ ២៥ ​ឆ្នាំ បាន​ប្រើ​ជនជាប់ចោទ​ឈ្មោះ ធន់ ឌីណា អាយុ​ ១៤ ​ឆ្នាំ​ឱ្យ​យក​ថ្នាំពុល​ដាក់​ក្នុង​បាយ និង​ដប​ទឹក​ផឹក​របស់​ជនរងគ្រោះ​។

សេចក្តី​ថ្លែងការណ៍​នោះបាន​បញ្ជាក់ថា​៖ «​អង្គហេតុ​ដែល​បាន​រកឃើញ​នេះ​បានបង្ហាញ​ពី​ពិរុទ្ធភាព របស់​ជនជាប់ចោទ​ទាំង​ ២ ហើយ​តាមរយៈ​នេះ​ក្រុមប្រឹក្សា​ជំនុំជំម្រះ​សម្រេច​ផ្តន្ទាទោស​ឈ្មោះ ធន់ ឌីណា ដាក់ពន្ធនាគារ​ ៤ ​ឆ្នាំ ដោយ​ផ្តល់​ស្ថានសម្រាលទោស​ព្រមទាំង​ផ្តន្ទាទោស​ឈ្មោះ រ៉ាំ ហូវ ដាក់​ពន្ធនាគារ ៥ ​ឆ្នាំ ដោយ​ស្ថានសម្រាលទោស​ដូចគ្នា​»៕