ភ្នំពេញៈ បន្ទាប់ពី​មាន​ការប្រកាស​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ Pfizer ជា​ដូស​ទី ​៤ គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការរៀបចំ​ផែនការ​ក្នុងការ​ផ្តល់​ដូស​ទី​ ៤ ​ទៅដល់​មន្ត្រី​ជួរមុខ​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់ ជាពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ​តែម្តង​។

នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​នៅ​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២ ក្នុងពេល​លោកស្រី និង​ក្រុមការងារ​ចុះ​ពិនិត្យមើល​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម​។

លោកស្រី​មានប្រសាសន៍​​ថា​៖ «​នៅ​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០២២ ​នេះ គណៈ​ប្រចាំ​ការដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជា​ប្រធាន​គណៈប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ធ្វើការ​ប្រជុំ​ដែល​នឹងធ្វើ​កិច្ចពិភាក្សា​ពី​ការរៀបចំ​ផែនការ​ក៏ដូចជា​ចំណុច​សំខាន់​មួយចំនួន​ទៅលើ​ការផ្តល់​ដូស​ទី​ ៤ ជូន​ទៅដល់​មន្ត្រី​ជួរមុខ ជាពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ ហើយនឹង​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​ព្រមទាំង​អាជ្ញាធរ​ជួរមុខ​ជាដើម​»​។

លោកស្រី​បន្ថែមថា បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សាគ្នា​នេះហើយ គណៈកម្មការ​នឹង​រៀបចំ​ធ្វើសំណើ​ដោយយោង​លើ​ការសម្រេច​ពី​អង្គប្រជុំ និង​លទ្ធផល​នៃ​អង្គប្រជុំ ដាក់ជូន​លោក​នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើការ​សម្រេច​ជា​ចុងក្រោយ​។

​លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា៖ «​នៅតាម​បណ្តា​ប្រទេស​លើ​សកលលោក​ទើបតែ​ឈានទៅដល់​ដូ​ស​ទី​ ៣​ទេ ដោយឡែក​កម្ពុជា​យើង​ក្រោម​ការដឹកនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​តែងតែ​ដើរ​មុន​ ១ ​ឬ​ ២​ជំហាន​លើ​ការចាក់​វ៉ាក់សាំង​នេះ​»​។ ទន្ទឹមនឹង​ការអនុវត្ត​នូវ​វិធានការ​ការពារ​ហើយ ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅតែ​ជា​ឧបករណ៍​ដ៏មាន​សារៈសំខាន់​ក្នុងការ​ទប់ស្កាត់​ពី​ភាព​ធ្ងន់ធ្ងរ​ក៏ដូចជា​ការចូល​សម្រាក​ពេទ្យ​របស់​អ្នក​ដែលមាន​ការវាយ​លុក​ពី​វីរុស​កូវីដ​ ១៩​។ នេះ​បើតាម​ការលើកឡើង​ពី​លោកស្រី ឱ វណ្ណឌីន​។

លោកស្រី​បន្ថែមថា បច្ចុប្បន្ន​ គ. វ. ក-១៩ កំពុងតែ​ពន្លឿ​ន​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដោយ​លោកស្រី​បន្ត​អំពាវនាវ​ទៅដល់​អ្នក​ដែល​មិនទាន់​ចាក់​ដូស​ទី​ ១ ​ដូស​ទី​ ២​ ហើយ​អ្នក​ដែល​ត្រូវ​ចាក់​ដូស​ទី​ ៣ ​នេះ​ក៏ត្រូវ​មកចាក់​ឱ្យបាន​គ្រប់ៗ​គ្នា​។

​លោក ហ៊ុន សែន បាន​លើកឡើង​កាលពី​ខែធ្នូ​កន្លងមក​ថា វ៉ាក់សាំង​ប្រភេទ Pfizer ដែលជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​ចំនួន​ជាង​ ១,៥​ លាន​ដូស នឹង​ផ្តល់​សម្រាប់​ចាក់​ទៅដល់​ក្រុម​ខ្សែ​ជួរមុខ​ជា​ដូស​ទី​ ៤ ដែលមាន​ប្រមាណ​ជា ៥០ ​ម៉ឺន​នាក់ ដើម្បី​បង្កើន​នូវ​ភាព​សុំា​សហគមន៍ ពិសេស​ការពារ​ពី​ការឆ្លង​នៃ​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​។

​ដោយឡែក ទាក់ទង​នឹង​ការលើកឡើង​របស់លោក ហ៊ុន សែន កាលពី​ថ្ងៃទី ​៣ ខែមករា ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​ ៤៨ តភ្ជាប់​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្តកោះកុង​ដែល​លោក​បាន​ណែនាំ​ឱ្យធ្វើ​ការពិនិត្យ​ទៅលើ​មនុស្ស​ជាង​ ៧​ ម៉ឺន​នាក់​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាតឱ្យ​ពួកគាត់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​នោះ លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់ថា មកដល់ពេលនេះ មនុស្ស​ជាង​ ៧ ​ម៉ឺន​នាក់​នោះ បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​រួច​អស់​ហើយ​។

​លោកស្រី បាន​ថ្លែងថា ៖ «​កន្លងមក​បងប្អូន​យើង​មកចាក់​វ៉ាក់សាំង ក្រុមគ្រូពេទ្យ​ពិនិត្យឃើញ​ពួកគាត់​កំពុងមាន​បញ្ហា​ ឬ​ធ្វើទុក្ខ​អី​មួយ​អ៊ីចឹង​ក្រុមគ្រូពេទ្យ​យើង មិនទាន់​ឱ្យ​ពួកគាត់​ចាក់​ទេ ហើយ​យើង​ក៏បាន​កត់ត្រា​ទុក​ក្នុង​របាយការណ៍​របស់​យើង គ្រាន់​ជា​ព័ត៌មាន​មួយ​ពី​ចំនួន​អ្នក​ដែល​មិនទាន់​ឱ្យ​ចាក់​បាន​នៅពេលនោះ​»​។

​លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ទៀតថា​៖ «​ប៉ុន្តែ​មកដល់​ពេល​បច្ចុប្បន្ននេះ អ្នក​ទាំងនោះ បាន​វិលត្រឡប់​មកចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ហើយ ដូច្នេះ​ចំនួន​ប្រមាណ​ជាង​ ៧ ​ម៉ឺន​នាក់​នេះ មិនមាន​នៅក្នុង​របាយការណ៍​របស់​យើង​ទៀត​ទេ ពីព្រោះ​ពួកគាត់​បាន​វិលត្រឡប់​មកចាក់​វ៉ាក់សាំង​នេះ​រួចហើយ​»​។

លោកស្រី​បញ្ជាក់ថា​ថ្មីៗ​នេះ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ក៏បាន​ធ្វើការងារ​នេះ​ជា​បណ្តើរ​ទៀត​ជាមួយនឹង​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត ទាំង​ ២៥ ​ដើម្បី​ជំរុញ​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ជូន​ដល់​អ្នក​ដែលមាន​បញ្ហា​សុខភាព​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ទៅដល់​ប្រជាពលរដ្ឋ​បាន​ចំនួន ៨៩,១៨ ​ភាគរយ​ធៀប​នឹង​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១៦ ​លាន​នាក់​៕