សៀមរាបៈ ក្រុមការងារ​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តសកម្មភាព កាត់​ដើមពោធិ៍ ជ្រៃ និង​រុក្ខជាតិ​ធំៗ​មួយចំនួន ដែល​បាន​ដុះ​នៅលើ​ថ្ម​ប្រាសាទ​នានា​នៅ​តំបន់​ឧទ្យាន​អង្គរ ដើម្បី​លើកកម្ពស់​សោភណភាព និង​បញ្ចៀស​ហានិភ័យ​ដល់​ប្រាសាទ​ដែលមាន​វ័យ​ចំណាស់​។

លោក ងិន ធី អ្នកទទួលបន្ទុក​ការសម្អាត​រុក្ខជាតិ​តាម​ប្រាសាទ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា ក្នុងចំណោម​រុក្ខជាតិ​ទាំងអស់​ដែល​ដុះ​នៅលើ​ប្រាសាទ​មាន​រុក្ខជាតិ​ប្រភេទ​ធំៗ​មួយចំនួន​ដូចជា ដើម​ពោធិ៍ ជ្រៃ ស្ពង់ ដុះ​ជាប់​ជាប្រចាំ​មិន​ថា រដូវប្រាំង ឬ​វស្សា​ឡើយ​។

​លោក​ថា​៖ «​ហើយ​រុក្ខជាតិ​ទាំងនោះ​ងាយ​នឹង​ដុះ​លូតលាស់​លឿន​ដែល​ធ្វើឱ្យ​ក្រុមការងារ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​កាត់​សម្អាត​ជាប្រចាំ ពោលគឺ​ក្នុង​រយៈពេល​ ១ ​ខែ​កន្លះ ឬ​ ២​ ខែ​ត្រូវ​មក​កាត់​សម្អាត​ម្តង​មិន​ដូច​រុក្ខជាតិ​ប្រភេទ​ស្មៅ​ឡើយ​»​។

លោក គូសបញ្ជាក់ថា ការធ្វើ​បែបនេះ ដើម្បី​លើកកម្ពស់​អនាម័យ សោភណភាព និង​ចៀសវាង​ធ្វើឱ្យ​ថ្ម​ប្រាសាទ​ក្រៀក​ ឬ​រលុះ​នៅពេល​រុក្ខជាតិ​ដុះ​កាន់តែ​ធំ​។ បើតាម​លោក ងិន ធី មូលហេតុ​ដែលនាំឱ្យ​រុក្ខជាតិ​ទាំង​នោះមក​ដុះ​នៅលើ​ប្រាសាទ​បាន ដោយសារ​កត្តា ខ្យល់​បក់​នាំ​គ្រាប់​រុក្ខជាតិ​មក​ទើ​លើ​ល្បាក់​ថ្ម និង​សត្វ​ស្លាប តែងតែ​ពាំគ្រាប់​រុក្ខជាតិ​មក​ធ្វើជា​ចំណីអាហារ​ជាប្រចាំ​ហើយ​បាន​ធ្លាក់​ជ្រុះ​លើ​ថ្ម​ប្រាសាទ​ទាំងនោះ​។

​ជាមួយ​គ្នា​នេះ​លោក ឈឿម ទ្រី ដែលជា​បុគ្គលិក​ផ្នែក​សម្អាត​រុក្ខជាតិ តាម​ប្រាសាទ​បាន​និយាយថា ផ្តើម​ចេញពី​ទឹកចិត្ត​ស្រឡាញ់ ចង់​ថែរក្សា​ប្រាសាទ​បុរាណ និង​ចង់ឱ្យ​ប្រាសាទ​នៅ​គង់វង្ស​យូរអង្វែង​បន្តទៀត លោក​មាន​ការតាំងចិត្ត ដើម្បី​កាត់​សម្អាត​រុក្ខជាតិ​ទាំង​តូចធំ​ដែល​ដុះ​នៅលើ​ប្រាសាទ​ទាំងអស់​ក្នុង​ឧទ្យាន​អង្គរ​។

​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ដកស្មៅ​ដែល​ដុះ​នៅលើ​ប្រាសាទ​នៅ​តំបន់​អង្គរ​។ រូបថត អាជ្ញាធរ​អប្សរា

​លោក​បន្តថា ក្នុង​បទពិសោធ​ការងារ​រយៈពេល​ប្រមាណ​ជាង​ ២០ ​ឆ្នាំ​មកនេះ ទោះបី​ដឹងថា ត្រូវ​ប្រឈមមុខ​ខ្លះៗ នឹង​គ្រោះថ្នាក់​មួយចំនួន ដោយសារ​ការតោង​ឡើង​ទៅលើ​កំពូល​ប្រាសាទ​ខ្ពស់ៗ ដើម្បី​កាត់​សម្អាត​រុក្ខជាតិ​ក្តី ក៏​រូបលោក​នៅតែ​មាន​សេចក្តី​ពេញចិត្ត ចំពោះ​ភារកិច្ច​របស់ខ្លួន​។

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក ហូ វណ្ឌី បាន​ថ្លែងថា ការអភិរក្ស​បេតិកភណ្ឌ​ជាតិ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យចូល​ទស្សនា​។ លោក​ថា​៖ «​ក្រុមការងារ​ជំនាញ​ធ្វើ​នេះ ដើម្បី​លើកកម្ពស់​សោភណភាព​ដល់​ភ្ញៀវទេសចរ​ហើយ​វា​ជា​និរន្តភាព​ដល់​ប្រាង្គប្រាសាទ​ទៅ​ថ្ងៃមុខ​»​។

​លោក​បាន​គូសបញ្ជាក់ថា ជារួម​មួយរយៈ​ចុងក្រោយ​នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ភាព​មមាញឹក​ក្នុង​ការថែរក្សា និង​ជួសជុល​ប្រាសាទ​បានល្អ​ប្រសើរ ដែល​នេះ​ជា​អ្វីដែល​អ្នកធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ចង់បាន​យូរណាស់​មកហើយ​។ លោក​ថា​៖ «​ពួកបង​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​រាប់សិប​ឆ្នាំ​មកនេះ តែងតែ​ស្នើសុំ​ការរក្សា​ដើមឈើ ដាំ​ដើមឈើ​ការកែលម្អ ឥឡូវនេះ​ឃើញថា មាន​ភាព​ស្គុះស្គាយ​ច្រើន​ណាស់​បើ​យើង​មើល​ចំពោះ​អ្នកធ្វើការ​ពាក់ព័ន្ធ​ករណីនេះ ឃើញ​មាន​ភាពខុសប្លែក​ពីមុន​ច្រើន​។ យើង​ឃើញ​ថា ក្នុង​តំបន់​អង្គរតូច​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ការដាំ​ដើមឈើ ការកែលម្អ ការថែរក្សា ជាមួយនឹង​ការរៀបចំ​ការតាំងពិព័រណ៍​ផ្សេងៗ​ក្នុង​តំបន់​នោះ​»​។

​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ក្រុមការងារ​កាត់​សម្អាត​រុក្ខជាតិ​លើ​ប្រាសាទ ក្នុង​រមណីយដ្ឋាន​អង្គរ តែងតែបាន​កាត់​សម្អាត​រុក្ខជាតិ​តូចធំ​ជាប្រចាំ​ថ្ងៃ​ទៅតាម​ផែនការ​គ្រោងទុក​ដែល​បានរៀបចំ​ឡើង​តាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ផ្សេងៗ​បង្កឡើង​ដោយ​រុក្ខជាតិ​ទាំងនោះ​៕