ភ្នំពេញៈ ប្រធានរដ្ឋសភា លោក ហេង សំរិន បាន​ជំរុញ​ដល់​ឯកអគ្គរាជទូត​កម្ពុជា​ដែល​ត្រូវ​​បំពេញបេសកកម្ម​ការទូត​នៅ​​ក្រៅប្រទេស ត្រូវ​តម្កល់​ប្រយោជន៍​​ជាតិ​ជាធំ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ជាពិសេស​ត្រូវ​រក្សា​ការពារ និង​លើក​តម្លៃ​ជាតិ​ជានិច្ច​។

ការជំរុញ​របស់លោក​បែបនេះ​​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៤ ខែ​​មករា ក្នុងឱកាស​ទទួល​ជួប​ឯកអគ្គរាជទូត​កម្ពុជា​ចំនួន​ ៣ ​រូប​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​តែងតាំង​ឱ្យបំពេញ​បេសកកម្ម​ការទូត​នៅតាម​ប្រទេស​មួយចំនួន​ ដើម្បី​សម្តែង​ការគួរសម​និង​ជម្រាបលា ព្រមទាំង​ទទួល​អនុសាសន៍​មុនពេល​ចាកចេញ​​ពី​មាតុប្រទេស​ទៅ​បំពេញ​បេសក​កម្ម​នៅតាម​ប្រទេស​ជា​មិត្ត​។

ឯកអគ្គរាជទូត​ ៣ ​រូប ដែល​ចូល​សម្តែង​ការគួរសម រួមមាន​លោក ទុយ រី ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​​ និង​ម៉ិកស៊ិក ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក និង​លោក ផន ពៅ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ហ្វីលីពីន​។

​នាឱកាស​នោះ លោក ហេង សំរិន បាន​លើកឡើង​ថា ក្នុង​​នាម​ជា​ឯកអគ្គរាជទូត​ត្រូវ​បង្ហាញ​ និង​ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​ដោយ​ត្រូវ​បន្ត​លើកកម្ពស់​ផ្សព្វផ្សាយ​ឱ្យ​បរទេស​ស្គាល់​កម្ពុជា​បាន​ច្បាស់ ទាំង​ផ្នែក​សិល្បៈ វប្បធម៌ និង​ប្រពៃណី​ខ្មែរ ដែលជា​ប្រជាជាតិ​មួយ​មាន​វប្បធម៌​រុងរឿង តាំងពី​សម័យអង្គរ​មក​។

បន្ថែម​ពីនេះ លោក​បានផ្តល់​អនុសាសន៍​ដល់​ឯកអគ្គរាជទូត​ទាំងអស់ ត្រូវ​យក​ចិត្ត​ទុកដាក់​ជួយ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​នានា​របស់​ពលរដ្ឋ​ខ្មែរ​នៅតាម​ប្រទេស​ដែល​បំពេញការងារ​ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។

​លោក​បាន​បញ្ជាក់ថា​៖ «​ត្រូវ​ចុះ​ស្វែងយល់​សុខទុក្ខ និង​ក្តាប់​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​​ជាក់ស្តែង​អំពី​ប្រជាពលរដ្ឋ​សិស្ស​និស្សិត និង​ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ហើយ​​បង្កលក្ខណៈ​ងាយស្រួល​លើ​សេវាកម្ម​នានា របស់​ស្ថានទូត លើកកម្ពស់ សុខុមាលភាព និង​ការពារ​ផលប្រយោជន៍​របស់​ពួកគាត់​»​។

​ក្រៅពីនេះ​លោក ហេង សំរិន បាន​ជំរុញ​ដល់​ឯកអគ្គរាជទូត​ទាំងអស់​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ឯកអគ្គ​រដ្ឋទូត​រាជទូត នៃ​បណ្តា​ប្រទេស​ដទៃទៀត​ឱ្យបាន​ល្អ​បំផុត​​ ដើម្បី​កៀរគរ​ផលប្រយោជន៍​នានា​ជូន​ប្រទេសជាតិ​ដូចជា​ការទាក់ទាញ​អ្នកទេសចរ និង​អ្នកវិនិយោគ​មកកាន់​កម្ពុជា​ជាដើម​។

​លោក កែវ ឈា ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក ដែល​តំណាងឱ្យ​ឯកអគ្គរាជទូត​ ២ ​រូប​ផ្សេងទៀត បាន​ថ្លែង​នៅក្នុង​សន្និសីទ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បិទទ្វារ​ដោយបាន​ប្តេជ្ញា អនុវត្ត​នូវ​ភារកិច្ច​របស់ខ្លួន​ក្នុង​ការបង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ​ ​និង​ផ្សព្វផ្សាយ​ពី​កម្ពុជា​។

លោក​ថា​៖ «​យើង​នឹង​អនុវត្ត​ភារកិច្ច​របស់​យើងខ្ញុំ​ឱ្យបាន​​សមស្រប និង​លើកស្ទួយ​នូវ​ការពង្រឹងពង្រីក​នយោបាយ​ការបរទេស​របស់​យើង​ជាមួយ​ប្រទេស​ជា​មិត្ត ជាពិសេស​ប្រទេស​ម្ចាស់ផ្ទះ ហើយ​ជាមួយ​ប្រទេស​ដទៃទៀត​ដែល​យើង​មាន​ទំនាក់​ទំនង​»​។

ក្នុងនាម​លោក​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក​នឹង​ខិតខំ​លើក​យក​ទឡ្ហីករណ៍​ដើម្បី​ពន្យល់​ច្បាស់លាស់​ទៅកាន់​សហរដ្ឋ​អាមេរិក ដែល​តែងតែ​ចោទ​កម្ពុជា​ថា ផ្តល់​ទីតាំង​យោធា​ដល់​ប្រទេស​ចិន​។

លោក​បាន​ថ្លែងថា​៖ «​ប៉ុន្តែ​បើ​ហាម​គេ​ឱ្យ​ឈប់​ចោទ​យើង​វា​ទៅ​អត់​រួច​ទេ ពីព្រោះ​ការចោទប្រកាន់​នៅតែមាន ព្រោះ​វា​លទ្ធផល​នៃ​ភូមិសាស្ត្រ​នយោបាយ វា​ជា​ការប្រទាញប្រទង់​គ្នា​​រវាង​មហាអំណាច​ ២ ​ដូច្នេះ​គេ​​តែងតែ​ចោទ​យើង​ជា​រឿង​ធម្មតា ប៉ុន្តែ​អ្វីដែល​យើង​ធ្វើ គឺ​ត្រូវតែ​ធ្វើ និង​ពន្យល់​គេ​បន្ថែមទៀត​»​។

បន្ថែម​ពីនេះ​ដោយសារ​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន​ផង​នោះ លោក​ក៏​​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​​របស់​អាស៊ាន​ដែល​បានសម្រេច​​កន្លងមក និង​ទិសដៅ​បន្ត​។

​លោក​បាន​បញ្ជាក់ថា​៖​ «​ក្នុង​ភារកិច្ច​ជា​ប្រធាន​អាស៊ាន​គឺ​ប្រកាន់​ភ្ជាប់​នូវ​គោលជំហរ​​ពង្រឹង​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​សហគមន៍​អាស៊ាន​ទាំងមូល ហើយ​ក្នុងនាម​យើង​ជា​​ឯកអគ្គរាជទូត​ទៅកាន់​ប្រទេស​ផ្សេងៗ​ជំហាន​ដំបូង​យើង​ត្រូវ​​ពង្រីក​កម្មវិធី​របស់​យើង​ដែល​យើង​មាន​ក្នុង​រយៈពេល​ដឹកនាំ​អាស៊ាន ហើយ​យើង​នឹង​ខំប្រឹង​ផ្សព្វផ្សាយ​សមិទ្ធផល​ដែល​យើង​ធ្វើបាន ក៏ដូចជា​អ្វី​​ដែល​យើង​នឹងធ្វើ​ទៅមុខទៀត​ ដើម្បី​ពង្រឹង និង​ពង្រីក​សេដ្ឋកិច្ច​របស់​យើង​»​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​លោក គិន ភា បាន​ថ្លែងថា សម្រាប់​តំណាង​ទូត​កម្ពុជា​ប្រចាំ​នៅ​បរទេស បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ទំនាក់ទំនង ​ផ្សព្វផ្សាយ​វប្បធម៌ ជាពិសេស​កៀរគរ​អ្នកវិនិយោគ​ផងដែរ​។ លោក​មើលឃើញថា បេសកកម្ម​របស់​តំណាង​ទូត​កម្ពុជា​នៅ​បរទេស​នាពេល​បច្ចុប្បន្ន​មាន​ការវិវឌ្ឍ​ជា​វិជ្ជមាន​គួរឱ្យ​កត់សម្គាល់​។

​លោក​ថា​៖ «​ជារួម​មានការ​វិវឌ្ឍ​ជា​វិជ្ជមាន​ច្រើន​…​ពួកគាត់​ម្នាក់ៗ មាន​ការខិតខំ​ប្រឹងប្រែង​ស្វែងរក​ការវិនិយោគ និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ អ៊ីចឹង​មុខងារ​គាត់​កាន់តែ​សំខាន់ មិនមែន​ជា​មុខងារ​ការទូត​បែប​ប្រពៃណី​​ដូច​មុន​ទេ គឺ​មុខងារ​សម្រាប់​នាំមក​នូវ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ផងដែរ​»៕