ភ្នំពេញៈ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​យុវតី​ម្នាក់ រួមទាំង​សមត្ថកិច្ច​ម្នាក់​ផង បាន​រងរបួស​ក្នុង​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​ ១ ​កន្លែង នៅ​ភូមិ​ថ្មគោល​ ៣ សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​ ៤ មករា​ឆ្នាំនេះ ខណៈ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ស្រប​ពេលដែល​សំណុំរឿង​បង្ក្រាប​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ជាង​ ១៨១ ​គីឡូក្រាម​ ១​ ករណី​ទៀត កាលពី​ចុង​ឆ្នាំមុន កំពុង​រៀបចំ​បញ្ជូនទៅ​តុលាការ​។

លោក​ឧត្តមសេនីយ៍ អ៊ិន សុង អ្នកនាំពាក្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ មករា ថា នៅ​ថ្ងៃទី​ ៤ មករា សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ១​កន្លែង នៅ​ភូមិ ថ្មគោល​ ៣ សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ការបង្ក្រាប​នោះ​ជនសង្ស័យ​បាន​ផ្ទុះអាវុធ​បាញ់​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច​បណ្តាលឱ្យ​ត្រូវរបួស​មនុស្ស​នៅ​កន្លែងកើតហេតុ​នោះ​។

លោក​បាន​ថ្លែងថា​៖ «​ហេតុការណ៍​នេះ​មាន​ត្រូវរបួស​សមត្ថកិច្ច​យើង​ម្នាក់​ដែរ​តែ​យើង​ក៏​នៅ​មិនទាន់​ច្បាស់ ព្រោះ​យើង​មិន​នៅ​កន្លែងកើតហេតុ​។ ​ប៉ុន្តែ​ចាំ​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​នៅ​កន្លែងកើតហេតុ​បន្ត​សិន​។

ហេតុការណ៍​វា​កើតមាន​មែន តែ​មិនទាន់​ច្បាស់​ព័ត៌មាន​»​។

ដោយឡែក​លោក ម៉ន វុធី អធិការនគរបាល ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្ដិ៍​យ៉ាងខ្លី​នៅ​ថ្ងៃទី​ ៤ មករា ថា ពិតជា​មាន​ករណី​ផ្ទុះអាវុធ​កើត​ឡើង​នៅ​ភូមិសាស្ត្រ​ខណ្ឌ​របស់​​លោក​មែន ប៉ុន្តែ​លោក​មិនបាន​​បញ្ជាក់​លម្អិត​ពី​ករណីនេះ​ ​ដោយ​គ្រាន់តែ​ប្រាប់ថា ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ជា​ម្ចាស់​ករណី​។

ទោះយ៉ាងណា បើតាម​មន្ត្រី​នគរ​មូលដ្ឋាន​ម្នាក់​សុំ​មិន​បញ្ចេញ​​ឈ្មោះ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៤ មករា​ថា ហេតុការណ៍​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត​ ១០ ​ព្រឹក​ថ្ងៃទី​ ៤ ​មករា​ឆ្នាំ​ ២០២២ ក្នុងភូមិ​ថ្មគោល​៣ សង្កាត់​ចោមចៅ​ ២ បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ ទេព សាវឿន អាយុ​ ៦៧ ​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ ត្រូវរបួស​ស្មា​ខាងស្តាំ ខណៈ​គាត់​កំពុង​នៅក្នុង​ផ្ទះ និង​យុវតី​ម្នាក់ ឈ្មោះ វ៉ា ចាន់ សេរីរ័ត្ន អាយុ​ ១៨ ​ឆ្នាំ ជា​សិស្ស​ត្រូវរបួស​ត្រង់​ដៃ​ម្ខាង​នៅពេល​នាង​កំពុង​អង្គុយ​ខាងមុខផ្ទះ ។

មន្ត្រីនគរបាល​រូបនោះ​បាន​​បន្តថា ក្នុង​ប្រតិបត្តិការ​នោះ​ដំបូង​កម្លាំង​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​បាន​ ២ ​នាក់ ប៉ុន្តែ​ដោយមាន​ការប្រវាយប្រតប់​គ្នា​ជាមួយ​សមត្ថកិច្ច​បណ្តាល​ឱ្យ​ជនសង្ស័យ​ចាប់​អាវុធ​បាន​ពី​សមត្ថកិច្ច​ហើយ​បាញ់​តែម្តង​។

ប៉ុន្តែ​ជនសង្ស័យ​ម្នាក់នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន ខណៈ​ម្នាក់ទៀត​រត់​រួច​។

ដោយឡែក​ករណី​បង្ក្រាប​គ្រឿងញៀន​នេះដែរ កាលពី​យប់​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០២១ កន្លងមក កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​-​ភ្នំពេញ​ក៏បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ផងដែរ​។

នេះ​បើតាម លោក សាន សុខសីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​នៅ​ថ្ងៃទី ​៤ មករា​ឆ្នាំនេះ​។

លោក​បាន​បន្តថា នៅ​យប់​ថ្ងៃ​ដដែល​នោះ​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​ចុះ​ប្រតិបត្តិការ​ចំនួន ៣ ​គោលដៅ​។

ក្នុងនោះ​នៅ​ចំណុច​ខុនដូ​ ២ ​ទីតាំង​ខុសគ្នា ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​កេងកង​ ២ ខណ្ឌ​បឹងកេងកង​ និង​គោលដៅ​មួយទៀត​នៅ​​សង្កាត់​បឹងទំពុន​ ១ ខណ្ឌ​មានជ័យ និង​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ LUU TUNG HUY អាយុ​ ២៥ ​ឆ្នាំ​។ ​រីឯ​វត្ថុតាង​មាន​គ្រឿងញៀន​​មេតំហ្វេតាមីន​ជាង ​១៨១ ​គីឡូក្រាម​។

លោក​ សាន សុខសីហា បាន​​បញ្ជាក់ថា​៖ «​រឿងនេះ​សមត្ថកិច្ច​ជំនាញ​របស់​យើង កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុតាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​»៕