ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo មុន​គម្រោង​របស់លោក​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​រូបនេះ ប្រកាស​សន្យា​គាំទ្រ​លោក ហ៊ុន សែន ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​ ២០២២​។

ការប្រកាស​សន្យា​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​រូបនេះ​ធ្វើឡើង​ក្នុង​ជំនួប​សន្ទនា​ជាមួយ​លោក ហ៊ុន សែន តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ៤ ខែមករា នៅ​ភូមិគ្រឹះ​របស់លោក​ក្នុង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។

ជំនួប​នេះ​ធ្វើឡើង​ ៣ ​ថ្ងៃ មុនពេល​ដែល​លោក ហ៊ុន សែន គ្រោង​ធ្វើ​ដំណើរ ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃទី​ ៧-៨ មករា ដើម្បី​ជួប​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង (Min Aung Hlaing) ​ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​នៃ​វិបត្តិ​នៅ​ប្រទេស​នេះ ដើម្បី​ស្តារ​អាស៊ាន​ពី​ ៩​ ប្រទេស​មក​អាស៊ាន​ដែលមាន​សមាជិក​ ១០​ ប្រទេស​វិញ​។

ហ្វេសប៊ុក​របស់លោក ហ៊ុន សែន បញ្ជាក់​នា​ថ្ងៃទី​ ៤ មករា ថា លោក Joko Widodo បាន​អបអរសាទរ និង​គាំទ្រ​ចំពោះ​លោក​ ហ៊ុន សែន ដែល​បាន​ឡើង​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ នេះ​ព្រមទាំង​នឹង​គាំទ្រ​លោក​ធ្វើ​យ៉ាងណា ឱ្យ​ទទួលបាន​ជោគជ័យ ក្នុងការ​ដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ ២០២២ ​នេះ​។

លោក ហ៊ុន សែន អរគុណ​លោក Joko Widodo ដែល​បាន​អបអរសាទរ និង​ប្រកាស​គាំទ្រ​កម្ពុជា​ក្នុងការ​អនុវត្ត​តួនាទី ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ និង​អរគុណ​លោក​ផងដែរ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-​អឺរ៉ុប កាលពី​ថ្ងៃទី​ ២៥-២៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

បើតាម​ហ្វេសប៊ុក​ដដែល លោក​ ហ៊ុន សែន ក៏បាន​លើកសរសើរ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ជាច្រើន​ក្នុង​ការកសាង​សហគមន៍​អាស៊ាន ដែល​ថ្មីៗ​នេះ​មានដូចជា​ទី​ ១-​ ទស្សនៈ​អាស៊ាន​ស្ដីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែលជា​ឯកសារ​របស់​អាស៊ាន ដើម្បី​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ​ និង​រក្សា​មជ្ឈភាព​អាស៊ាន និង​ទី​ ២- ​ការរៀបចំ​ច្រក​ធ្វើដំណើរ ក្នុង​តំបន់​អាស៊ាន ឆ្លើយតប​ទៅនឹង​ការរឹតត្បិត​ដោយសារ​ជំងឺ​កូវីដ ​១៩ រាតត្បាត​។

ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃទី​ ៤​ មករា​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ពាក់ព័ន្ធ​ទៅនឹង​ស្ថានការណ៍​បច្ចុប្បន្ន​នៅ ប្រទេស​មីយ៉ាន់ម៉ា លោក​ ហ៊ុន សែន និង​លោក Joko Widodo បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​ការវិវឌ្ឍ​ថ្មីៗ​នៅ​មីយ៉ាន់ម៉ា​ និង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ ដើម្បី​ជួយ​មីយ៉ាន់ម៉ា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​សមស្រប​សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ការបង្រួបបង្រួម​ជាតិ​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង និង​ការអភិវឌ្ឍ​។

លោក រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៤ ​មករា​ថា ជំនួប​រវាង​ភាគី​ទាំង​ ២ ដែល​ធ្វើឡើង នៅមុន​គម្រោង​របស់លោក​ ហ៊ុន សែន ទៅកាន់​មីយ៉ាន់ម៉ា​នេះ គឺជា​ការទូត​សាធារណៈ ដែល​លោក​ ហ៊ុន សែន បានផ្តល់​កិត្តិយស​ដល់​​ឥណ្ឌូនេស៊ី​ក្នុង​ការ​ពិភាក្សា​ពី​បញ្ហា​តំបន់​ដែល​ប្រទេស​នេះ ជា​តួអង្គ​សំខាន់​ក្នុង​ការដើរ​តួនាទី​សម្របសម្រួល​បញ្ហា​កន្លងមក​។ មួយវិញទៀត លោក​ ហ៊ុន សែន ក៏​ប្រហែល​ត្រូវការ​ធាតុ​ចូល​ និង​ការគាំទ្រ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ ដើម្បី​ធ្វើឱ្យ​ដំណើរ​របស់លោក​ទៅ​មីយ៉ាន់ម៉ា​មាន​ភាពរលូន​ និង​ជោគជ័យ​។

លោក​ថ្លែងថា​៖ «​បន្ថែម​ពីលើ​នេះ លោក​ហាក់​ចង់បង្ហាញ​មតិសាធារណៈ​ថា លោក​មានបំណង​ចូលរួម​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នៅ​ភូមា​ដោយមាន​ការពិភាក្សា​ជាមួយ​ប្រទេស​ធំ​មួយ​របស់​អាស៊ាន ដែលមាន​ទម្ងន់​ការទូត​គួរសម​ផងដែរ នៅ​ចំពោះមុខ​នៃ​ការមិន​ពេញចិត្ត​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ដែល​មិន​ចង់​ជជែក​ជាមួយ​របប​សឹក​ដែល​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល របស់លោក​ស្រី អ៊ុងសាន ស៊ូជី​»​។

កម្ពុជា​បានក្លាយ​ជា​ប្រធាន​អាស៊ាន​ពេញ​ ១​ ឆ្នាំ​ ២០២២ ចាប់ពី​ថ្ងៃទី​ ១ មករា ដែល​នេះ​ជា​លើក​ទី​ ៣ ហើយ​ក្រោម​មូលបទ​ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» ដែលមាន​និមិត្តសញ្ញា​ត្របកឈូក​ដែលជា​ទម្រង់​ក្បាច់​ខ្មែរ តំណាងឱ្យ​ភាពរុងរឿង និង​ភាពសុខដុមរមនា​នៃ​សន្តិភាព​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ ​បាន​ខិតខំ​បង្កើតឡើង​។

ពណ៌​ទាំង​ ៣​ នៅលើ​ស្រទាប់​របស់​វា​គឺ​បានមកពី​ពណ៌​នៃ​ទង់ជាតិ​កម្ពុជា ចំណែក​ពណ៌​មាស​តំណាងឱ្យ​ពណ៌ និង​ភាព​ចម្រុះ​នៃ​អាស៊ាន​ខណៈ​ស្មារតី​ស្នូល​របស់​វា​មាន​ភាព​រួបរួមគ្នា សាមគ្គីភាព និង​ភាពសុខដុមរមនា​។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ប្រកាស​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់លោក នា​ថ្ងៃទី​ ៣ មករា​ថា​គោលបំណង​សំខាន់​របស់​អាស៊ាន​ឆ្នាំ​ ២០២២ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ គឺ​រក្សា​ឱ្យបាន​នូវ​មជ្ឈភាព និង​សាមគ្គីភាព​របស់​អាស៊ាន​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ធានា​ឱ្យបាន​នូវ​វឌ្ឍនភាព​ការងារ​រួម​ដែលមាន​ស្រាប់ និង​លើកកម្ពស់​ការផ្តោត​សំខាន់​ទៅលើ​មនុស្សជាតិ​។

បើតាម​រដ្ឋមន្ត្រី​រូបនេះ អាស៊ាន​រំពឹងថា នឹង​ដាក់ចេញ​សេចក្តី​ថ្លែងការណ៍​រួម និង​សេចក្តី​ថ្លែងការណ៍​របស់​ប្រមុខ​ដឹកនាំ​អា​ស៊ាន ការបន្ត​ផែនការ​ការងារ និង​ផែនការ​សកម្មភាព ព្រមទាំង​ការរៀបចំ​ព្រឹត្តិការណ៍​ និង​សកម្មភាព​សំខាន់ៗ​ទាំងអស់​។

លោក​សរសេរថា​៖ «​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ពោរពេញ​ទៅដោយ​ការទទួលខុសត្រូវ ហើយ​យើង​នឹង​បំពេញ​តួនាទី​នេះ​ដោយ​មោទនភាព​បំផុត​!»​។

កាលពី​ថ្ងៃទី​ ៣ មករា លោក ប្រាក់ សុខុន ​បាន​ថ្លែង​បាឋកថា ស្តីពី​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ដែល​រៀបចំឡើង ដោយ​វិទ្យាស្ថាន ISEAS-YusofIshak តាម​ប្រព័ន្ធ​វីដេអូ​។

លោក​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៣ មករា​ថា​៖ «​កម្រង​បាឋកថា​ទាំងអស់នេះ បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​អាស៊ាន​ទៅ​សហគមន៍​អ្នកសិក្សា ដែលមាន​អ្នកតាមដាន​អន្តរជាតិ​ជាច្រើន ចាប់ពី​ក្រុមយុវជន ដល់​វ័យ​ចំណាស់​»៕