ភ្នំពេញៈ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា និង​អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី​បង្ហាញ​ជំហរ​រួមគ្នា​លើ​ការបន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ក្រោយពេល​ជំងឺ​កូវីដ​ ១៩​ បាន​ធូរស្រាល ខណៈ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​ ១៩ នា​អំឡុង​ខែមីនា ឆ្នាំ​ ២០២២ ខាងមុខនេះ​។

ការបង្ហាញ​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា និង​កងទ័ព​ឥណ្ឌូនេស៊ី​នេះ ធ្វើឡើង​តាមរយៈ​កិច្ចពិភាក្សា​ទ្វេភាគី​រវាង​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​​ខេមរភូមិន្ទ​កម្ពុជា​ជាមួយ លោក អាន់ឌីកា ភើរកាសា អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ៤ ​ខែមករា ឆ្នាំ​ ២០២២​។

តាម​របាយការណ៍​កិច្ចប្រជុំ​នេះ ក្នុងជំនួប​នេះ​អគ្គ​មេ​បញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា និង​អគ្គ​មេ​បញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី​បាន​ផ្លាស់ប្តូរ​យោបល់​ទៅវិញទៅមក​អំពី​ការចូលរួម​របស់​កងទ័ព​ជាមួយ​រដ្ឋាភិបាល​នៅក្នុង​​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

យោងតាម​របាយការណ៍​នេះ​បាន​បញ្ជាក់ថា ​«​មេបញ្ជាការ​​កងទ័ព​កម្ពុជា​ និង​ឥណ្ឌូនេស៊ី​​ក៏បាន​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ ២ នាពេល​កន្លងមក​ និង​បានបង្ហាញ​ជំហរ​រួមគ្នា​ពី ការបន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ក្រោយពេល​ជំងឺ​កូវីដ-១៩​បាន​ធូរស្រាល​»​។

លោក ថោង សូលីម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​បាន​ថ្លែងថា ក្នុងនាម​​កងយោធពល​ខេមរភូមិន្ទ​ធ្វើ​​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​​ទី ១៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ លោក វង្ស ពិសេន បាន​អញ្ជើញ លោក អាន់ឌីកា ភើរកាសា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ដោយផ្ទាល់​នៅក្នុង​រាជធានី-​ភ្នំពេញ​នា​អំឡុង​ខែមីនា ឆ្នាំ​ ២០២២ ខាងមុខ ហើយ​អគ្គមេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី​ក៏បាន​យល់ព្រម​ហើយ​ដែរ​។

លោក​បាន​ថ្លែងថា កន្លងមក អគ្គបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី បាន​ជួយ​យ៉ាងច្រើន​ដល់​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​លើ​ការបណ្ដុះ​បណ្ដាល​ធនធានមនុស្ស ជាពិសេស​លើ​ជំនាញ​ផ្នែក​ទ័ព​ពិសេស​។

លោក​បាន​បន្តថា​៖ «​អគ្គបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី​​បាន​ទទួលយក​សិក្ខាកាម​ជា​​កងទ័ព​កម្ពុជា​ទៅធ្វើ​ការបណ្ដុះ​បណ្ដាល លើ​ជំនាញ​ទ័ព​ពិសេស​នេះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​»​។

លោក សូលីម៉ូ បានឱ្យដឹងថា នា​អំឡុង​ខែមីនា ឆ្នាំ​ ២០២២ ខាងមុខ កងយោធពល​ខេមរភូមិន្ទ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​ ១៩ ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​នេះ គឺ​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ ធ្វើ​ដោយផ្ទាល់​នៅ​រាជធានី​ភ្នំពេញ​តែម្ដង​។

លោក​បាន​បញ្ជាក់ថា​៖ «​ឯកឧត្ដម អគ្គមេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​កម្ពុជា បាន​អញ្ជើញ​គ្រប់​បណ្ដា​អគ្គមេបញ្ជាការ​កងទ័ព​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់ ដើម្បី​ចូលរួម​ប្រជុំ ដែល​យើង​គ្រោង​ធ្វើ​នា​អំឡុង​ខែមីនា ឆ្នាំ​ ២០២២ ​ខាងមុខនេះ​»៕