ភ្នំពេញៈ ក្នុង​ឆ្នាំ​ ២០២១ ​កន្លងមកនេះ ជំងឺគ្រុនឈាម បានកើត​ឡើង​ជាង​ ១ ៤០០ ​ករណី​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្នុង​នោះបាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៣ ករណី ដែល​ចំនួន​នេះ មន្ត្រី​បញ្ជាក់ថា មានការ​ថយចុះ​ជិត​ ១០ ដង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០​។

លោក លាង ឫទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណកសាស្ត្រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ៤ មករា​ថា យោងតាម​តួលេខ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម ក្នុង​រយៈពេល​ ១ ​ឆ្នាំ នៅ​ឆ្នាំ​ ២០២១ ​កន្លងមកនេះ ជំងឺគ្រុនឈាម បាន​កើតឡើង​ជាង ១ ៤០០ ​ករណី​។ ជំងឺ​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ៣​ នាក់​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ខណៈ​ខេត្ត ដែល​មាន​តួលេខ​ឆ្លង​ច្រើន គឺ​ខេត្ត​ដែលមាន​អត្រា​ប្រជាជន​ច្រើន ដូចជា​ខេត្តកណ្តាល កំពង់ចាម សៀមរាប និង​រាជធានី​ភ្នំពេញ​។

លោក បញ្ជាក់ថា​៖ «​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០​ ចំនួន​អ្នក​កើត​ជំងឺ​គ្រុនឈាម មាន​ការធ្លាក់ចុះ​ប្រមាណ​ជិត​ ១០ ​ដង​។ ក្នុង​ឆ្នាំ​ ២០២១ ជំងឺ​នេះ យើង​គ្រប់គ្រង​បាន ដោយសារ​យើង​ចាប់ផ្តើម​ធ្វើការ​តាំងពីដើម​ឆ្នាំ ដូច​ឆ្នាំ​រាល់ដង​អ៊ីចឹង ហើយ​ប្រជាជន​យើង​មានការ​យល់ដឹង​ច្រើន​ដែរ​។ ដល់​អ៊ីចឹងទៅ​ធ្វើឱ្យ​ការចូលរួម​របស់​ពួកគាត់ ដូចជា​ការសម្អាត​បរិស្ថាន​មាន​ការកើនឡើង​។ ជាមួយគ្នានេះ នៅពេល​ប្រជាជន​ក្តៅខ្លួន គាត់​ឆាប់​មករក​ពេទ្យ​»​។

សម្រាប់​ឆ្នាំ ២០២២ នេះ​វិញ លោក លាង ឫទ្ធា បាន​មើលឃើញថា ជំងឺ​គ្រុនឈាម​នេះ គឺ​នឹង​នៅតែមាន​ការថម​ថយ​បន្ថែមទៀត ដោយ​លោក​សំអាង​លើ​កត្តា​រួមផ្សំ ព្រោះ​ឆ្នាំ​ ២០២២ គឺ​មិនមែនជា​ឆ្នាំ​នៃ​ការផ្ទុះ​ជំងឺ​នេះ​នោះទេ ហើយ​ការចូលរួម​របស់​ប្រជាជន និង​ការដាក់ចេញ​វិធានការ​របស់​រដ្ឋាភិបាល ក៏បាន​ទាន់ពេល​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ឆ្នាំ ២០២២ ​នេះ​យើង​នៅតែ​ធ្វើការ​តាម​ផែនការ​ជាតិ​ដូច​តែ​រាល់​ឆ្នាំ​អ៊ីចឹង ដោយមាន​ការចុះ​អប់រំ​ផ្សព្វផ្សាយ​នៅតាម​សហគមន៍ ឱ្យ​គាត់​មានការ​យល់ដឹង ឬ​មានការ​ក្តៅខ្លួន ប្រញាប់​យកមក​មន្ទីរ​ពេទ្យ​។ យើង​នឹង​បន្ត​បណ្តុះបណ្តាល​ទាំង​ពេទ្យ​រដ្ឋ និង​ពេទ្យ​ឯកជន​ចំនួន ២ ដង​ធំ​នៅក្នុង​រដូវប្រាំង និង​រដូវវស្សា​»​។

បើតាម​លោក លាង ឫទ្ធា ក្នុង​ឆ្នាំ ២០២២​នេះ កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម បាន​ត្រៀម​ថ្នាំ​អាល់ប៊ែត​ជាង ២០០ ​តោន និង​ថ្នាំ​បាញ់សម្លាប់​មូស ប្រមាណ ៧ ០០០ ​លីត្រ និង​សម្ភារ​ផ្សេងៗ​មួយចំនួន ដើម្បី​ចែកចាយ​នៅតាម​គោលដៅ​ទូទាំង​ប្រទេស​។

លោក គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារតែ​ឆ្នាំនេះ មិនមែនជា​ឆ្នាំ​ដែល​ផ្ទុះ​នូវ​ជំងឺគ្រុនឈាម ដូច្នេះ​ការឆ្លង​ក៏មាន​តួលេខ​តិច​ទៅតាម​ហ្នឹង​ដែរ តែ​គ្រាន់តែ​ខេត្តកណ្តាល ជា​ខេត្ត​ដែលមាន​ប្រជាជន​ច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​តួលេខ​មើលទៅ​ដូចជា​ច្រើនជាង​បណ្តា​ខេត្ត​ផ្សេងៗ​។

យ៉ាងណាក្តី លោក​លើកឡើងថា ក្នុង​ឆ្នាំ​ ២០២១ ចំនួន​នៃ​អ្នក​កើត​ជំងឺគ្រុនឈាម​មាន ២១៥​ ករណី ហើយ​មានការ​ធ្លាក់ចុះ​ដល់ ៦​ ដង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ព្រោះ​ពលរដ្ឋ​មានការ​យល់ដឹង​កាន់តែ​ខ្ពស់ ចំពោះ​ការការពារ​ខ្លួន​ពី​ជំងឺគ្រុនឈាម​នេះ​។

លោក​បញ្ជាក់ថា​៖ «​ឆ្នាំនេះ គឺ​តិចជាង​ឆ្នាំទៅ​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ក្នុង​ពេលនេះ តាមរយៈ​ការចុះ​អប់រំ​ផ្សព្វផ្សាយ និង​ការចែកចាយ​ថ្នាំ​អាល់ប៊ែត​ជូន​ប្រជាពលរដ្ឋ​។ យើង​បន្តធ្វើ​បន្តទៅទៀត ទោះជា​តួលេខ​អ្នក​ឈឺ​មាន​ចំនួន​តិច​ក៏ដោយ​»​។

លោក ​គួយ ប៊ុនធឿន រំពឹងថា តាមរយៈ​វិធានការ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អត្រា​អ្នក​ឆ្លង​ជំងឺគ្រុនឈាម ក្នុង​ឆ្នាំ​ ២០២២ ​នេះ គឺ​កាន់តែ​ធ្លាក់ចុះ ប៉ុន្តែ​ការធ្លាក់ចុះ​ក៏​ទាមទារ​ឱ្យ​ពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ការពារ​ខ្លួន​ពី​ជំងឺ​នេះ ដោយ​កុំ​មាន​ធ្វេសប្រហែស​ឱ្យ​សោះ ជាពិសេស​នៅក្នុង​រដូវវស្សា​។

សូមជម្រាបថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុ​ជាមាន​អ្នកស្លាប់ ដោយសារ​ជំងឺគ្រុនឈាម​ដល់​ទៅជិត ៥០ ​នាក់ ក្នុងចំណោម​អ្នកជំងឺ​គ្រុនឈាម​ចំនួន ជិត ៧ ​ម៉ឺន​ករណី ដែល​លោក លាង ឫទ្ធា បាន​បញ្ជាក់ថា ការកើនឡើង​នៃ​ជំងឺគ្រុនឈាម​នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ ក៏​ជាការ​កើនឡើង​នៅក្នុង​រយៈពេល ៥ ឆ្នាំ​ម្តង​នៃ​ជំងឺគ្រុនឈាម ដែល​តែងតែមាន​ការផ្ទុះ​នៃ​ជំងឺ​នេះ​ខ្លាំង ដែល​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​៕