ភ្នំពេញៈ កញ្ញា​ សេង ធារី ដែលជា​អ្នកច្បាប់ និង​ជា​អ្នកធ្វើការ​ខាង​ការពារ​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​ ៤ មករា បានស្នើ​សុំ​លើក​ពេល​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដោយ​សំអាង​ទៅលើ​ហេតុផល​មិនទាន់​ទទួល​បាន​ឯកសារ​របស់​តុលាការ​ដែល​បាន​ចោទប្រកាន់​មកលើ​ខ្លួន​។

ស្ត្រី​រូបនេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ក្នុង​បទល្មើស​ «​រួមគំនិត​ក្បត់​» និង​ «​ញុះញង់ បង្កឱ្យមាន​ភាពវឹកវរ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ជាមួយ សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ទៀត ជុំវិញ​គម្រោង​ធ្វើដំណើរ​ចូល​ស្រុកខ្មែរ​របស់លោក សម រង្ស៊ី នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ២០១៩​។

លោក​ ជូង ជូងី មេធាវី​ការពា​ក្តី​ឱ្យ​កញ្ញា​ សេង ធារី ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៤ មករា ថា ការស្នើសុំ តុលាការ​លើក​ពេលនេះ ដោយសារ​មិនទាន់​ទទួលបាន​ឯកសារ​របស់​តុលាការ​ដែល​បាន​ចោទ​ប្រកាន់ ហើយ​លោក​ទើបតែ​ទទួល​ការពឹង​ពាក់​ពី​កញ្ញា​ សេង ធារី ឱ្យ​ការពារ​ក្តី​កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២​។

លោក​ថា ជាមួយគ្នានេះ លោក​ក៏​ទើប​ទទួលបាន​សំណុំ​ឯកសារ​មួយផ្នែក ដែល​មិនទាន់មាន​ពេលវេលា​ពេញលេញ ពិនិត្យ​មើល​ទៅលើ​សំអាងការ​ចោទ​ប្រកាន់​មកលើ​កញ្ញា​ សេង ធារី និង​សំអាង​របស់​តុលាការ ដែល​បាន​ចោទប្រកាន់​គាត់​ដើម្បី​ត្រៀម​តតាំង​ក្តី​។ ដូច្នេះ​កញ្ញា​ស្នើសុំ​ពន្យារពេល​សវនាការ ដោយ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២២ វិញ​។

លោក​ អ៊ី រិន្ទ អ្នកនាំពាក្យ​ចៅក្រម​នៃ​សាលាដំបូង​រាជធានីភ្នំពេញ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ យ៉ាងខ្លី​ថា នៅ​ថ្ងៃទី​ ៤ មករា កញ្ញា​ សេង ធារី បាន​ចូល​សវនាការ​តាមការ​ណាត់​របស់​តុលាការ​។

លោក​ ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម ADHOC ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៤ មករា ថា សវនាការ​របស់ កញ្ញា​ សេង ធារី ត្រូវបាន​លើក​ពេល​ជា​បន្តបន្ទាប់​។ កញ្ញា​ស្លៀកពាក់​បែប​សិល្បៈ​រហូតមក​ដល់ពេល​កញ្ញា​ស្លៀកពាក់​ឈុត​អ្នកទោស និង​មាន​ខ្នោះជើង​នេះ​។ លោក​ថា ការ​ចោទ​កញ្ញា​ក្នុង​បទល្មើស​ «​រួមគំនិត​ក្បត់​» និង «​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» បន្ទាប់ពី​មាន​វិវាទ​នយោបាយ​រវាង​ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង និង​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ដោយ​សាលដីកា​សាលា​កំពូល​។

លោក​ថា​៖ «​រឿង​ទាំងអស់នេះ វា​ជា​សំណុំរឿង​នយោបាយ អ៊ីចឹង​បានជា​សង្គម​ស៊ីវិល​យើង​តែង​ចេញ​សេចក្តី​ថ្លែងការណ៍ សូមកុំ​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ទៅ​វិនិច្ឆ័យ​ទៅលើ​សំណុំរឿង​នយោបាយ វា​ធ្វើឱ្យប៉ះពាល់​ជំនឿ​ ឬ​តម្លៃ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធយុត្តិធម៌​របស់​យើង​»​។

កញ្ញា​ សេង ធារី នៅ​ថ្ងៃទី ​៤ មករា ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​នៅត្រង់ចំណុច​រូប​សំណាក​សម្តេចព្រះ​នរោត្តម សីហនុ នៅ​សួន​វិមានឯករាជ្យ ខណៈ​កញ្ញា​ដើរចេញ​ពីមុខ​ណាហ្គាវើលដ៍​ជាមួយនឹង​សម្លៀកបំពាក់​អ្នក​ជាប់ពន្ធនាគារ​ឆ្ពោះទៅ​ចូលរួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​នាង​ត្រូវបាន​ដោះលែង​វិញ​។

កញ្ញា​ សេង ធារី ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​ ៤ មករា នាង​នឹង​ចូល​បំភ្លឺ នៅ​សាលាដំបូង​រាជធានី-ភ្នំពេញ ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន ដោយសារតែ​ស្លៀកពាក់​ឈុត​អ្នកទោស​។

កញ្ញា​ថ្លែងថា​៖ «​ខ្ញុំ​ធ្វើដំណើរ​ពីមុខ​ណាហ្គាវើ​លដ៍ ដែលជា​កន្លែង​អាជ្ញាធរ​វាយ​កម្មករ​។ ខ្ញុំ​ស្លៀកពាក់​ឈុត​អ្នកទោស ដើរ​ជើង​ទទេ ពាក់​ខ្នោះ​ពី​សម័យ​ខ្មែរក្រហម ដែល​ខ្ញុំ​ជាប់គុក​នៅ​ស្វាយរៀង​កាលពី​កុមារ ដែលជា​និមិត្តរូប និង​ដាស់តឿន​មនុស្ស​ពី​ភាពអយុត្តិធម៌​ក្នុងសង្គម ក្នុង​ប្រទេស​កម្ពុជា ដែល​កម្មករ គេ​ឃុំខ្លួន វាយដំ និង​អ្នកទោស​មនសិការ និង​អ្នកទោសនយោបាយ​»​។

លោក​ ហ្វា សាលី ប្រធានសម្ព័ន្ធ​សហជីព​ជាតិ​ថ្លែង​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃទី ​៤ មករា ថា ក្នុងនាម​លោក​ជា​អ្នក​សហជីព​ឯករាជ្យ លោក​មិន​គាំទ្រ​សកម្មភាព​តស៊ូ​មតិ និង​សម្លៀកបំពាក់​បែបនេះ​ឡើយ ព្រោះ​វា​អាចជា​ការយល់ច្រឡំ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន​កញ្ញា​ជាដើម​។

លោក​ថា​៖ «​ដូចនេះ​សូម​តស៊ូ​មតិ ដោយ​រូបភាព​ផ្សេង ចៀសវាង​ប្រើ​រូបភាព​នេះ ហើយ​ខ្ញុំ​គាំទ្រ​ជានិច្ច​។ តែបើ​ប្រើ​រូបភាព​នេះ ខ្ញុំ​មិន​គាំទ្រ​ទេ ព្រោះ​វា​បានធ្វើឱ្យ​ខូច​នូវ​កិត្យានុភាព​ជាតិ​ទាំងមូល​»៕

វីដេអូ៖