ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​អះអាងថា ការចាប់ខ្លួន និង​ចោទប្រកាន់​មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ៩ នាក់ គឺមាន​ភ័ស្តុតាង​ត្រឹមត្រូវ ក្នុង​នោះ​មេដឹកនាំ​សហជីព ៣ នាក់​ត្រូវបាន​ប្រកាស​តាម​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការរៀបចំ​ធ្វើបាតុកម្ម​ខុសច្បាប់ ខណៈ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ១៧ ​នាក់​ផ្សេងទៀត ត្រូវបាន​ចាប់​ឃាត់ខ្លួន​ដើម្បី​សួរនាំ​បន្ត​កាលពី​ថ្ងៃទី​ ៣ មករា​។

ការប្រកាស​អះអាង​យ៉ាង​ដូច្នេះ បានធ្វើ​ឡើង នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការឃាត់ខ្លួន​អ្នកដឹកនាំ​ «​ធ្វើ​ចលនា អុកឡុក និង​ញុះញង់​ដោយ​ខុសច្បាប់​» នៅមុខ​ណាហ្គាវើលដ៍ កាលពី​ព្រឹក​ថ្ងៃទី ៤ មករា ឆ្នាំ​ ២០២២ ដែលមាន​ស្ថាប័ន​ចំនួន ២ គឺ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​បកស្រាយ​ពន្យល់​។

ក្នុង​សន្និសីទកាសែត​នោះ​លោក ប៊ុន សុសិក្ខា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ បានធ្វើការ​ពន្យល់​យ៉ាង​ដូច្នេះ​ថា ការឈាន​ទៅដល់​ការចាប់​ឃាត់ខ្លួន មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ទាប់ពី​មានការ​ស៊ើបអង្កេត​ដោយ​រកឃើញ​ភ័ស្តុតាង​ជាច្រើន ពាក់ព័ន្ធ​នឹង​ការរៀបចំ​ធ្វើ​បាតុកម្ម​ខុសច្បាប់​។ ភ័ស្តុតាង​ទាំងនោះ​គឺមាន​ដូចជា ការ​ញុះញង់​ឱ្យ​កម្មករ ប្រើ​ហិង្សា​ទៅលើ​សមត្ថកិច្ច ការទទួល​បានការឧបត្ថម្ភ​ដោយ​ខុសច្បាប់​ពី​អង្គការ​ចាត់តាំង​ក្នុង និង​ក្រៅប្រទេស​រាប់ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​បាតុកម្ម​ខុសច្បាប់​ទាំងនេះ​ឡើង​។

លោក​បាន​រៀបរាប់​បន្តថា​៖ «​ក្នុង​កិច្ចការងារ​ស៊ើបអង្កេត​នេះ យើង​បាន​ប្រមូល​នូវ​វត្ថុតាង​ជាច្រើន មាន​កុំព្យូទ័រ ទូរស័ព្ទដៃ និង​សម្ភារ​មួយចំនួន​ដែល​បម្រើ​ការងារ​ញុះញង់​ធ្វើបាតុកម្ម​របស់​ពួកគេ​។ យើង​ឃើញ​មានការ​​ឧបត្ថម្ភ​ថវិកា​ពី​ក្រៅប្រទេស និង​អង្គការ​ចំនួន​ ៣ គឺ​ ១​ នៅក្រៅ​ស្រុក និង​ ២ នៅក្នុង​ស្រុក ដែលមាន​ឧបត្តម្ភ​ថវិកា​ជាច្រើន​ម៉ឺន​ដុល្លារ​សម្រាប់​គាំទ្រ​ការធ្វើ​បាតុកម្ម​នេះ​»​។

លោក​ សេង ហៀង ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​រាជធានី-ភ្នំពេញ បកស្រាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​ ៤ មករា​ដែរ​ថា ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំងនោះ ពិតជា​បាន​សារភាពថា ពិតជា​បានទទួល​ប្រាក់ឧបត្ថម្ភ​ដោយ​ខុសច្បាប់ ដើម្បី​រៀបចំ​បាតុកម្ម​ខុសច្បាប់ និង​បាន​ញុះញង់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ពិតប្រាកដ​មែន​។ លោក សេង ហៀង បាន​និយាយទៀតថា តាម​ការសាកសួរ ជនសង្ស័យ​ទាំងនោះ គឺ​ពិតជា​មាន​ចេតនា​បង្ក​ភាពវឹកវរ និង​បង្ក​ភាព​អសន្តិសុខ​ទៅដល់​សាធារណជន ជាពិសេស​គឺ​ក្រុមហ៊ុន​ផ្ទាល់​តែម្តង ដោយ​យក​លេស​ជាការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​។

លោក សេង ហៀ​ង បញ្ជាក់ថា​៖ «​រឿងនេះ​មិនមែនជា​រឿង​តូច​ទេ ដែលមាន​រឿង​អី​បានជា​ក្រុម​នេះ​ទទួលបាន​លុយ​ឧបត្ថម្ភ​ខុសច្បាប់​ពី​ក្រៅប្រទេស និង​ក្នុងប្រទេស​មក​ធ្វើ​ចលនា​ខុស​ច្បាប់​បែបនេះ ហើយ​មួយទៀត​ពាក់ព័ន្ធ​នឹង​ចម្លើយ​ដែល​ជនសង្ស័យ​បាន​ឆ្លើយ​នោះ គឺមាន​ភាពស៊ីចង្វាក់​គ្នា​ទៅនឹង​ភ័ស្តុតាង​ដែល​មន្ត្រីនគរបាល​យុត្តិធម៌​បាន​ប្រមែប្រមូល​មក​»​។

កាលពី​ថ្ងៃទី​ ៣១ ធ្នូ មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ៩ ​នាក់ ត្រូវបាន​ចាប់​ឃាត់ខ្លួន ក្នុងនោះ ៦​ នាក់ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​បញ្ជូនទៅ​តុលាការ និង​ ៣ ​នាក់​ទៀត ត្រូវបាន​ដោះលែង​។

បន្ទាប់ពី​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ចៅក្រម​ស៊ើបសួរ ក៏​សម្រេច​បើក​ការស៊ើបសួរ​លើ​បុគ្គល ៩ ​នាក់ ពាក់ព័ន្ធ​នឹង​អង្គហេតុ​ «​ញុះញង់​បំផុសបំផុល​» ​អតីត​បុគ្គលិក ដោយ​ក្នុងនោះ មេដឹកនាំ​ចំនួន​ ៦ នាក់ ត្រូវបាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន និង​មេដឹកនាំ​ ៣ ​នាក់​ទៀត ត្រូវបាន​ចៅក្រម​ចេញ​ដីកា​ឱ្យ​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​បាន​រត់គេចខ្លួន​។ នេះ​បើតាម លោក​ សាន សុខសីហា អ្នកនាំពាក្យ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​។

លោក សាន សុខសីហា បានឱ្យដឹង​បន្ថែមថា កាលពី​ថ្ងៃទី​ ៣ មករា សមត្ថកិច្ច​ក៏បាន ចាប់​ឃាត់ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ១៧ ​នាក់​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​បទល្មើស​ដដែល​នេះ ដើម្បី​យកទៅ​សាកសួរ​។ លោក​អះអាង​ថា អ្នក​ដែល​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ក្រោយ​នីតិវិធី​ចប់ ខណៈ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​បញ្ជូនទៅ​តុលាការ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងដំណាក់កាល​នេះ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ (​បុគ្គលិក ១៧ ​នាក់​) និង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម ថា​តើ​បុគ្គល​ទាំងអស់នេះ មាន​ការពាក់ព័ន្ធ​ការបង្ក​អុកឡុក ញុះញង់​ឱ្យមាន​ចលនា​ខុសច្បាប់​ដែរឬទេ​? បើសិនជា​យើង​ស្រាវជ្រាវ​ឃើញថា មាន​ភ័ស្តុតាង​ច្បាស់លាស់ យើង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដូច​ករណី​ ៦​ នាក់​។ ប៉ុន្តែ​បើ​មិនមាន​ភ័ស្តុតាង​នោះទេ សមត្ថកិច្ច​នឹងធ្វើ​ការអប់រំ​ធ្វើ​កិច្ចសន្យា​ដោះលែង​ពួកគាត់​»​។

កន្លងមក​សហជីព និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​បាន​ចូលរួម​ការតវ៉ា បាន​ថ្លែងថា ពួកគេ មាន​សិទ្ធិ​ធ្វើ​កូដកម្ម​ដោយ​ស្របច្បាប់ ហើយ​សកម្មភាព​របស់​ខ្លួន គឺមាន​ការបោះឆ្នោត និង​ធ្វើឡើង​តាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ទាំង ៣៦៥​ នាក់​ចូលធ្វើការ​វិញ​។ ការតវ៉ា​ទាមទារ​នេះ បាន​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃទី​ ១៨ ធ្នូ ឆ្នាំ​ ២០២១ រហូតមកដល់​បច្ចុប្បន្ន ដោយមាន​កម្មករ​ជាង ១ ០០០ ​នាក់ បាន​ប្រមូល​ផ្តុំគ្នា​លើក​បដា​តវ៉ា នៅមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​។

ពាក់ព័ន្ធ​នឹង​ករណីនេះ មាន​សហជីព អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មួយចំនួន បានចេញ​លិខិត​ជា​បន្តបន្ទាប់ និង​បាន​ស្នើឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល ដោះលែង​មេដឹកនាំ​សហជីព​ទាំងនេះ និង​បន្ត​ដោះស្រាយ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​នេះ ដោយ​សន្តិវិធី​។

ក្នុងនោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គបម​) ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​ ៤ ​មករា ដោយ​ចាត់ទុកថា កម្មករនិយោជិត​ធ្វើ​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែលមាន​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​សហជីព​មូលដ្ឋាន គឺ​ស្របតាម​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​សហជីព​។ គណបក្ស​មួយ​នេះ បាន​សម្តែង​ការខកចិត្ត​ជាខ្លាំង ចំពោះ​រាជរដ្ឋាភិបាល​ដែល​ខកខាន​មិនបាន​បង្ក​លក្ខណៈ​ឱ្យ​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ អាច​ប្រើ​ប្រាស់​សិទ្ធិ​ធ្វើ​កូដកម្ម​ស្របច្បាប់​បាន​ ខណៈ​គណបក្ស​នេះ​យល់ថា ការដែល​អាជ្ញាធរ​ចោទថា ជា​កូដកម្ម​ខុសច្បាប់ ឬ​ជា​បាតុកម្ម​ខុសច្បាប់​ព្រមទាំង​ការចាប់​ខ្លួន​តំណាង​កូដករ​ជា​បន្តបន្ទាប់ គឺជា​ការអនុវត្ត​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ពី​សំណាក់​រាជរដ្ឋាភិបាល ដើម្បី​ប្រឆាំងនឹង​អ្នកដឹកនាំ​សហជីព សកម្មជន​សហជីព​។

គបម បាន ​«​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ដែល​រារាំង និង​ប្រើ​កម្លាំង​បង្ក្រាប​ការប្រមូលផ្ដុំ​ទាក់ទង​នឹង​វិវាទ ការងារ និង​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហជីព និង​សកម្មជន​សហជីព​ចំនួន ៩​ នាក់​នៅ​យប់​ថ្ងៃទី ​៣១ ខែធ្នូ ឆ្នាំ​ ២០២១ ​នៅ​កន្លែង​កូដកម្ម និង​ការិយាល័យ​សហជីព ក្រោយ​ពេលដែល​កម្មករ​និយោជិត​ប្រកាស​រំសាយ​ការធ្វើ​កូដកម្ម​របស់ខ្លួន​»​។

គបម ក៏បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការអនុវត្ត​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវច្បាប់​ដោះលែង​កូដករ​ទាំងអស់ និង​បំពេញ​តួនាទី​អព្យាក្រឹត សម្របសម្រួល​ដោះស្រាយ​វិវាទ​ការងារ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បីឱ្យ​ភាគី​វិវាទ​ទាំងសងខាង​អាច​ទទួលយក​ដំណោះស្រាយ​បាន​។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុកនៅ​ថ្ងៃទី ​៤ ​មករា​ឆ្នាំ​ ២០២២​ ថា​៖ «​យើង​កំពុងធ្វើការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​ការចាប់ខ្លួន​សមាជិក​សហជីព​នៃ​បុគ្គលិក កម្មករ នៃ​កាស៊ីណូ​ណាហ្គាវើលដ៍ ដោយសារតែ​ការបញ្ចេញមតិ ដោយ​សន្តិវិធី​របស់​ពួកគេ និង​ស្នើឱ្យ​អាជ្ញាធរ​ស្តាប់​ពី​ពលរដ្ឋ មិនមែន​បំបិទ​សំឡេង​របស់គេ​ទេ​។ សេរីភាព​ក្នុង​ការបញ្ចេញមតិ​ក្នុង​ការប្រមូល​ផ្តុំគ្នា និង​ក្នុងការ​ចងក្រង​គ្នា​ជា​ក្រុម សមាគម ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​»​។

ទោះយ៉ាងណា​លោក សាន សុខសីហា បាន​គូសបញ្ជាក់​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី ៤ មករា​ថា ចំណាត់ការ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ទៅលើ​ក្រុម​មេដឹកនាំ​សហជីព និង​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្កាវើលដ៍ គឺធ្វើឡើង​ស្របទៅតាម​នីតិវិធី​ច្បាប់​៕

វីដេអូ៖