ភ្នំពេញៈ រាជរដ្ឋាភិបាល​សម្រេច​តែងតាំង​លោក​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ធ្វើជា​ប្រធាន​ដឹកនាំ​ការងារ​របស់ «​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស​» (​អាយឆា​) សម្រាប់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២-២០២៤​។

តាម​សេចក្តីសម្រេច​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​ ៣ មករា ឆ្នាំ​ ២០២២ រដ្ឋាភិបាល​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ទទួល​បន្ទុក​លើ​កិច្ចការ​អាយឆា ដែលជា​យន្តការ​សិទ្ធិមនុស្ស​ថ្នាក់​តំបន់​អាស៊ាន ដើម្បី​គ្រប់គ្រង​ឱ្យមាន​សង្គតិភាព​នៃ​ដំណើរការ​ការងារ​សិទ្ធិមនុស្ស​ទាំង​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​។

សេចក្តី​សម្រេច​នេះ​តែងតាំង​លោក​ កែវ រ៉េមី ធ្វើជា​តំណាង​កម្ពុជា​ប្រចាំ អាយឆា ដោយហេតុថា នាពេលខាងមុខ នៃ​ឆ្នាំ​ ២០២២ កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​អាយឆា ដែល​អាចមាន​បញ្ហា​រសើប​ខាង នយោបាយ​ជាច្រើន នឹងត្រូវ​លើកឡើង​យកមក​ជជែក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​។

បើតាម​សេចក្តី​សម្រេច​ដដែល ក៏បាន​អនុញ្ញាត​ឱ្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​រៀបចំ​គម្រោង​ស្នើសុំ​ថវិកា​ប៉ាន់ស្មាន សម្រាប់​ចាត់ចែង និង​ដឹកនាំ​កិច្ចប្រជុំ​ចំនួន​ ៦ ​នៅពេល​អាយឆា កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នៅ​ឆ្នាំ​ ២០២២ ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​យល់ព្រម​រួចហើយ កាលពី​ថ្ងៃទី ​២៧ មេសា ឆ្នាំ​ ២០២១​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៤ មករា​ថា ក្នុង​ឆ្នាំ​ ២០២២​ នេះ កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​អាយឆា តាមរយៈ​ការប្តូរ​វេន បន្ទាប់ពី​ប្រទេស​ប្រ៊ុយណេ​។ ដូច្នេះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ការងារ​អាយឆា​នេះ​ជូន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដែលមាន​លោក​ កែវ រ៉េមី ជា​ប្រធាន ជា​តំណាង​របស់​កម្ពុជា​ក្នុងការ​ធ្វើជា​ប្រធាន​ «​អាយឆា​» តាមរយៈ​ការប្តូរ​វេន​នេះ​។

លោក​បន្តថា ក្នុងនាម​ជា​ប្រធាន​អាយឆា​នឹងត្រូវ​ដឹកនាំ និង​សម្រេច​ការងារ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​តំបន់ ព្រោះ​អាយឆា គឺ​ការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន តាមរយៈ​នៃ​យន្តការ​នៃ​ការអប់រំ ការផ្សព្វផ្សាយ ការផ្តល់​នូវ​ប្រឹក្សា និង​អនុសាសន៍​ទៅដល់​រដ្ឋាភិបាល ក្នុង​តំបន់​ជាដើម​។ ក្នុង​ឆ្នាំ ​២០២២​ នេះ អាច​ថា នឹងមាន​បញ្ហា​រសើប​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​ក្នុង​តំបន់ ជាពិសេស ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​ភូមា និង​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​នេះ​ផងដែរ​។

បើតាម​លោក​ ជិន ម៉ាលីន ផែនការ​ការងារ​សម្រាប់​កិច្ចប្រជុំ​អាយឆា ឆ្នាំ​ ២០២២ ដែល​កម្ពុជា​ធ្វើជា​ប្រធាន ត្រូវបាន​រៀបចំ​រួចរាល់​អស់ហើយ​។ ផ្តោត​សំខាន់​ទៅលើ​ការអប់រំ និង​ផ្សព្វផ្សាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ឱ្យបាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល និង​យន្តការ​នៃ​ការការពារ​សិទ្ធិមនុស្ស តាមរយៈ​សិក្ខាសាលា កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​វេទិកា​ផ្សព្វផ្សាយ​ជាដើម​។ លោក​ថា យន្តការ​នៃ​អាយឆា​នេះ មិន​ពាក់ព័ន្ធ​នឹង​ការសម្រេច​អ្វីមួយ​នោះទេ វា​ជា​យន្តការ​កិច្ចសហប្រតិបត្តិការ និង​លើកស្ទួយ​សិទ្ធិមនុស្ស តាមរយៈ​ការអប់រំ ផ្សព្វផ្សាយ និង​ពង្រីក​ចំណេះ​ដល់​ប្រជាជាតិ​អាស៊ាន​ក្នុង​តំបន់​។

លោក​ថ្លែងថា​៖ «​ទោះបី​នេះ​ជា​យន្តការ សិទ្ធិមនុស្ស ក៏ប៉ុន្តែ ការអនុវត្ត​ធម្មនុញ្ញ​អាស៊ាន គឺថា​ការសម្រេច គឺ​ផ្អែកទៅលើ [​ការពិគ្រោះ​] ​យោបល់ និង​កុងសង់ស៊ីស ហើយ​នឹងមិន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ ដែល​អាយឆា​ត្រូវតែ​គោរព និង​អនុវត្តតាម​»​។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (LICADHO) ថ្លែងថា កម្ពុជា​ទទួលបន្ទុក​ធ្វើជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ាន​នេះ ស្រប​ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ផងដែរ ប៉ុន្តែ​ក្នុងពេល​ជាមួយ​គ្នានេះ កម្ពុជា​ក៏​ទទួលរង​ការរិះគន់​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ផងដែរ​។

លោក​បន្តថា នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាយឆា កម្ពុជា​គួរតែ​បង្ហាញ​នូវ​ការវិវឌ្ឍ​នៃ​ការគោរព​សិទ្ធិមនុស្ស​ក្នុងប្រទេស​ឱ្យមាន​សភាព​ល្អប្រសើរ​ជាង​មុន​។ ប៉ុន្តែ បើសិនជា កម្ពុជា​នៅតែ​ស្ថិតក្នុង​ការរិះគន់​ពី​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ កម្ពុជា​ធ្វើជា​ប្រធាន អាយឆា ក៏​មិន​ត្រូវបាន​បង្ហាញថា ល្អប្រសើរ​ដែរ​។

លោក​ថ្លែងថា​៖ «​កម្ពុជា ខ្ញុំ​គិតថា គួរតែ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ឱ្យ​បាន​ល្អប្រសើរ​ជាង​មុន​។ ឥឡូវ​យើង​ឃើញថា បញ្ហានយោបាយ ក៏បាន​រុញច្រាន​ឱ្យ​កម្ពុ​ជាមាន​បញ្ហា​ធ្លាក់ចុះ​សិទ្ធិមនុស្ស​។ ដូច្នេះ​ត្រូវ​ដោះស្រាយ​បញ្ហានយោបាយ និង​សិទ្ធិមនុស្ស​ជាដើម​ហ្នឹង ឱ្យ​ល្អ​សិន តាម​អនុសាសន៍ ដែល​គេ​ផ្តល់ឱ្យ​»៕