ភ្នំពេញៈ អង្គការភ្លែនអន្តរជាតិកម្ពុជាគ្រោងបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនដែលបោះបង់ការងារសិក្សាឱ្យបាន ២៥០ នាក់នៅឆ្នាំនេះ តាមរយៈកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីជួយបណ្ដុះបណ្ដាលបាន ២០០ នាក់ក្នុងនោះមានស្ត្រីចំនួន ១១៣ នាក់ នៅខេត្ដសៀមរាប និងខេត្ដរតនគិរី កាលពីឆ្នាំមុន។
លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃទី ៤ មករា ឆ្នាំនេះថា កាលពីឆ្នាំ ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា បានបណ្តុះបណ្តាលយុវជនដែលបោះបង់ការសិក្សា (អាយុពី ១៥ ដល់ ២៤ ឆ្នាំ) ចំនួន ២០០ នាក់ ក្នុងនោះស្ត្រីចំនួន ១១៣ នាក់ (សៀមរាប ១០០ នាក់ រតនគិរី ១០០ នាក់)។
លោកបានឱ្យដឹងថា អង្គការភ្លែនអន្តរជាតិកម្ពុជាបាន និងកំពុងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអគ្គនាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អភិវឌ្ឍន៍ និងកែលម្អកញ្ចប់ស្តង់ដាបណ្តុះបណ្តាល វគ្គខ្លីសម្រាប់មុខរបរចំនួន ៥ គឺ អ៊ុតសក់ និងសម្អាងការ កាត់ដេរ កាត់សក់បុរស ធ្វើនំ និងជួសជុលម៉ាស៊ីនខ្នាតតូច និង អភិវឌ្ឍកញ្ចប់មេរៀនឌីជីថល សម្រាប់ជំនាញសហគ្រិនភាព និងជំនាញទន់ផងដែរ។
លោកថ្លែងថា៖ «សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលជំនាញកាត់ដេរសម្លៀកបំពាក់ចំនួន ១៩ នាក់ (ស្រី) និងអ៊ុតសក់ សម្អាងការមានចំនួន ៧៤ នាក់ (ស្ត្រី)»។
លោក យី គីមថាន បានឱ្យដឹងថា នៅឆ្នាំ ២០២២ នេះ អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបង្កើនចំនួនយុវជនចូលរួមវគ្គបណ្តុះបណ្តាលចំនួន ២៥០ នាក់បន្ថែមទៀត ក្នុងនោះមានស្ដ្រីចំនួន ១៣០ នាក់ (នៅខេត្ដសៀមរាប ១២០ និងនៅខេត្ដរតនគិរី ចំនួន ១៣០ នាក់ )។
លោកថ្លែងថា៖ «យើងនឹងបង្កើតគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មីមួយទៀតនៅខេត្តស្ទឹងត្រែង និងបន្តការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យសេវាកម្មបណ្តុះបណ្តាលដោយប្រើប្រព័ន្ធឌីជីថល»។
កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំនេះ មន្ទីរកិច្ចការនារីខេត្តរតនគិរីបានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ «កាត់ដេរសម្លៀកបំពាក់ និងអ៊ុតសក់ សម្អាងការ ឆ្នាំ ២០២១» ដោយមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល និងអង្គការភ្លែនប្រចាំខេត្តនេះដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលស្ត្រីក្នុងកិច្ចអភិវឌ្ឍន៍។ អង្គការភ្លែនបានឱ្យដឹងថាតាមរយៈការបណ្តុះបណ្តាលនេះ អ្នកចូលរួមទទួលបានចំណេះដឹង និងជំនាញដើម្បីបង្កើនចំណូលគ្រួសារ។
លោក គិត ទ្រី អភិបាលរងខេត្ដរតនគីរី លើកឡើងថា អង្គការភ្លែនអន្តរជាតិកម្ពុជាបានលើកទិសដៅរយៈពេល ៥ ឆ្នាំបន្ត (២០២១-២០២៦) ដើម្បីឆ្លើយតបនឹងតម្រូវការរបស់កុមារា កុមារី យុវជន យុវតី និងគ្រួសារដែលងាយរងគ្រោះក្នុងស្រុកគោលដៅឱ្យមានការផ្លាស់ប្ដូរ ប្រែជាវិជ្ជមាន។
លោកបានបន្តថា ការអនុវត្ដទិសដៅបន្តនេះ គឺតាមរយៈការទទួលនូវសេវាអប់រំតាំងពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ការទទួលបានសេវាសុខភាព អាហារូបត្ថម្ភ ទទួលបានទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ និងកុមារដែលងាយរងគ្រោះ និងការផ្តល់ជំនាញវិជ្ជាជីវៈដល់យុវជនដែលបោះបង់ការសិក្សា ដើម្បីទទួលបានការងារសមរម្យជាដើម។ លោកថា៖ «សកម្មភាពទាំងនេះវាឆ្លើយតបទាំងស្រុងទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តស្ទឹងត្រែងបានថ្លែងអំណរគុណអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលតែងសហការល្អជាមួយរដ្ឋបាលខេត្ត និងមន្ទីរនានាក្នុងខេត្ដ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «អង្គការភ្លែនអន្តរជាតិកម្ពុជាលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋយើងឱ្យមានលក្ខណៈប្រសើរឡើងតាមរយៈការផ្តល់សេវាកម្មនានាដែលប្រជាពលរដ្ឋកំពុងជួបប្រទះ។ អង្គការភ្លែនតែងតែជួយដោះស្រាយនូវបញ្ហានានាដូចជាការឆ្លើយតបគ្រោះទឹកជំនន់ បញ្ហាអនាម័យ ការអប់រំ និងសុខភាពស្រី និងកុមារនៅតាមតំបន់ដាច់ស្រយាល»៕