បាត់ដំបងៈ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ៤ មករា បាន​ចោទ​ប្រកាន់​បុរស​ម្នាក់ ក្នុងចំណោម​​បក្ខពួក​ ៣​ នាក់ ពីបទ​ឃាតកម្ម​ពាក់ព័ន្ធ​នឹង​ករណី​កាប់​យុវជន​ម្នាក់​ដាច់​ក​ស្លាប់​នៅក្នុង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ក្នុងភូមិ​អូរល្វា ឃុំ​ជ្រៃសីមា ស្រុក​សំពៅលូន​កាលពី​យប់​ថ្ងៃទី​ ១ មករា ឆ្នាំ ២០២២​។

លោក ដួង សាវ៉ន អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ៤ មករា​ថា ជន​ឈ្មោះ ម៉ៅ ស៊ីណា អាយុ​ ២៩ ​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្តបាត់ដំបង​ចោទ​ប្រកាន់ រួច​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ហើយ​។

លោក​បាន​ថ្លែងថា​៖ «​ករណីនេះ តំណាង​អយ្យការ​បាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​តាម​មាត្រា​ ១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ​គាត់​ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​បន្ត​នីតិវិធី​»​។

ទាក់ទង​នឹង​ករណីនេះ លោក ទឹម វិឆ័យ អធិការនគរបាល​ស្រុក​សំពៅលូន​ធ្លាប់បាន​ប្រាប់​កាលពី​ថ្ងៃទី​ ២ ​មករា​ថា ក្រុម​ជនសង្ស័យ​មាន​គ្នា​ ៣​ នាក់ ជា​ពលករ​មកពី​ប្រទេស​ថៃ​។ រីឯ​​ជនរងគ្រោះ ឈ្មោះ ជេ ជាក់ អាយុ​ ២៣ ​ឆ្នាំ រស់នៅ​ភូមិ​ស្វាយខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ក៏​ជា​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ​ដែរ​។

លោក​បន្តថា ទាំង​ក្រុម​ជនសង្ស័យ និង​ជនរងគ្រោះ​ត្រូវបាន​អាជ្ញាធរ​ស្រុក​សំពៅលូន​យកទៅ​មណ្ឌល​ចត្តាឡីស័ក កាលពីថ្ងៃ​ទី ​២៥​ ធ្នូ ឆ្នាំ​ ២០២១​។ ​លុះដល់​ម៉ោងជាង ៩ ​យប់ ថ្ងៃទី​ ១ ​មករា ឆ្នាំ​ ២០២២ ​ក្រុម​ជនសង្ស័យ ​និង​ជនរងគ្រោះ​បាន​ឈ្លោះប្រកែក​គ្នា ប៉ុន្តែ​ត្រូវបាន​គេ​ឃាត់​បញ្ចប់​ជម្លោះ​ម្តង​ហើយ​។ ​លុះ​ប្រហែលជា​ ១៥ ​នាទី​ ក្រោយ​​មក​ក្រុម​ជនសង្ស័យ​បាន​ទៅ​​យក​ដាវ​សាមូរ៉ៃ​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឱ្យដាច់​ក​ស្លាប់​នៅ​កន្លែងកើតហេតុ​ហើយ​នាំគ្នា​រត់គេចខ្លួន ក៏ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ម្នាក់​វិញ​៕