ភ្នំពេញៈ លោក​នាយករដ្ឋ​មន្រ្ដី​ ហ៊ុន សែន ​បញ្ជាក់ថា ​ការបើក​បវេសនកាល​សម្រាប់​គ្រឹះស្ថាន​មត្ដេយ្យ​សិក្សា ​និង​សេវា​អប់រំ​កុមារ​តូច​ នឹង​បើក​ដំណើរការ ​នៅ​ថ្ងៃ​ទី ១០ ​មករា ​ជា​ផ្លូវការ​នៅ​ទូទាំង​ប្រទេស ​ហើយ​លោក​ក៏​បាន​អនុញ្ញាត​តាម​សំណើ​របស់​លោក​ ហង់ជួន ​ណារ៉ុន ​រដ្ឋមន្រ្ដី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ឱ្យ​កុមារ​តូច​មាន​អាយុ​ពី​៣ឆ្នាំ​ទៅ​៥ឆ្នាំ​ចូលរៀន​វិញ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ដ្រីថ្លែង​នៅ​ថ្ងៃ​ទី ៥ ​ខែ មករា ​ឆ្នាំ ២០២២ ​ពេល​លោក​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡា​ការិនី ​អ៊ុក ស្រីមុំ ​បន្ទាប់​ពី​ដណ្តើម​បាន​មេដាយ​មាស​ពិភព​លោក​ ពី​ការប្រកួត​ប៉េតង់​ នៅ​ទី​ក្រុង​សាន់​តា​ស៊ូសាណា ​ប្រទេស​អេស្ប៉ាញ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ ២០២១។

លោក​បានថ្លែង​ថា​៖ «ខ្ញុំ​បាន​អាន​សារ​បើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា ​នៅ​ថ្ងៃទី ១០ ​ខែមករា​នេះ ​នឹង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២១-២០២២។ ក្នុង​ពេល​ជាមួយ​គ្នា ​ខ្ញុំ​ក៏បាន​អនុញ្ញាត ​តាម​សំណើ ​របស់​ឯកឧត្ដម​ ហង់ជួន ​ណារ៉ុន ​រដ្ឋមន្រ្ដី​ ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​យើង​ក៏បើក​មត្ដេយ្យ​ឡើង​វិញ​ ដែល​មាន​អាយុ​ពី ​៣ ឆ្នាំ​ ទៅ​ ៥ ឆ្នាំ»។

លោក​បញ្ជាក់ថា​៖ «វា​សម​ល្មម​ដើម្បី​យើង​បើក​ហើយ ​ដោយ​សារ​វ៉ាក់សាំង​បាន​ស្រោច។ ស្ថានភាព​មុន​ខ្ញុំ​ថា​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន ​កុំ​ទាន់​លេង ​ប៉ុន្ដែ​ឥឡូវ​យើង​បាន​សង្កេត​ឃើញថា ​ការឆ្លង​នៅ​ក្នុង​សហគមន៍​វា​ថយ ​ដោយសារ​វ៉ាក់សាំង​របស់​យើង​ស្រោច​រាប់ទាំង​ក្មេង​អាយុ​ ៥ ឆ្នាំ ​ដែល​នៅក្នុង​មត្តេយ្យ​នេះ​ដែរ។ អ៊ីចឹង ​អា ​៣ ឆ្នាំ ​អា ៤ ឆ្នាំ ​វា​ទើបតែ​បាន​ចាក់​វ៉ាក់សាំង​ អា​វ៉ាក់​សាំង​ការពារ​ជំងឺ​ស្អីៗ​ ដូច្នេះ​កម្រិត​នៃ​ការ​ឆ្លង​គឺ​វា​តិច​តួច»៕