ព្រះសីហនុៈ បុរស​ ២ ​នាក់​រងរបួស​ធ្ងន់​ និង​ស្រាល​ និង​មនុស្ស​ ១០​ នាក់​ត្រូវបាន​សង្គ្រោះ​ផុតពី​គ្រោះថ្នាក់ ក្នុងករណី​គ្រោះថ្នាក់​ ២​ ផ្សេងគ្នា ក្នុង​លម្ហសមុទ្រ​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​មន្ត្រីនគរបាល​មូលដ្ឋាន​។

លោក វិត សុភ័ក្តិ នាយ​នគរបាល​សង្កាត់​កោះរ៉ុង​សន្លឹម បាន​ប្រាប់​​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០២២​ ថា កាលពី​ព្រឹក​ថ្ងៃទី ​៣ ខែមករា ឆ្នាំ​ ២០២២ មាន​ករណី​គ្រោះថ្នាក់​ក្នុង​លម្ហ​សមុទ្រ​ចំនួន​ ២ ​ផ្សេងគ្នា រួមមាន​ករណី​ផ្ទុះ​ឆេះ​ម៉ូតូ​ទឹក ​១ ​គ្រឿង និង​ករណី​លិច​ទូក​ដឹក​អ្នកដំណើរ​ ១​ គ្រឿង បណ្ដាលឱ្យ​បុរស​ ២​ នាក់​រងរបួស​។ យុវជន​ ២ ​នាក់​ដែល​រងរបួស​នោះ រួមមាន​ឈ្មោះ សុខ លីហួ អាយុ​ ១៩ ​ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ហ៊ុត វណ្ណៈ អាយុ​ ២៥ ​ឆ្នាំ ពួកគេ​ទាំង​ ២​ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ទឹក​ពី​ក្រុងព្រះសីហនុ ទៅ​កោះរ៉ុង​សន្លឹម​។

យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ករណី​ផ្ទុះ​ឆេះ​ម៉ូតូ​ទឹក ដែល​បង្កឱ្យមាន​ជនរងគ្រោះ​ទាំង​ ២​ នេះ គឺ​បណ្ដាលមកពី​ការផ្ទុះ​ឆ្លង​ចរន្ត​ភ្លើង នៅក្នុង​ប្រអប់​ម៉ាស៊ីន​។ បច្ចុប្បន្ន យុវជន​រងគ្រោះ​ទាំង​ ២ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកទេស​មង្គល ក្នុង​ក្រុងព្រះសីហនុ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ជួយសង្គ្រោះ ដោយ​ក្រុម​នាវិក​នៃ​ក្រុមហ៊ុន GVTC របស់លោក​ឧកញ៉ា ទៀ វិចិត្រ​។

លោក សុភ័ក្តិ ថ្លែងថា ក្រោយពី​មាន​ករណី​ផ្ទុះ​ឆេះ​ម៉ូតូ​ទឹក មិនបាន​ប៉ុន្មាន​នាទី​ផង ក៏​មានការ​ទូរស័ព្ទ​ស្នើសុំ​ការជួយ​អន្តរាគមន៍​បន្ទាន់ ពី​ក្រុម​នាវិក​ដឹក​អ្នកដំណើរ​ ១​ គ្រឿង ពី​កោះរ៉ុង​សន្លឹម ទៅ​ក្រុង​ព្រះសីហនុ ដោយ​ប្រាប់ថា នាវា​របស់​ពួកគេ កំពុង​រង​ការ​ធ្លុះធ្លាយ ដោយ​រលក​សមុទ្រ​ធំៗ បោកផ្ទប់​នៅក្បែរ​ប្រជុំ​កោះ​ដែកគោល ហើយ​នៅលើ​នាវា​របស់​ពួកគេ​មាន​អ្នកដំណើរ​ចំនួន​ ១០​ នាក់ រួមទាំង​ក្មេង​ចំនួន​ ៣ ​នាក់​ផងដែរ​។ អ្នកដំណើរ​ទាំងអស់​មាន​សុវត្ថិភាព​៕