ភ្នំពេញៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍​ចំនួន ២ នាក់​បន្ថែមទៀត និង​ម្នាក់ទៀត សម្រេច​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ក្រោម​ផ្លូវ​តុលាការ បន្ទាប់ពី​​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី ៤ មករា ប៉ុន្តែ​ក្រុម​អង្គការ​ស៊ីវិល សហជីព និង​សមាគម​ជិត ១០០ បាន​ទទូច​ឲ្យ​មានការ​ដោះលែង​ពួកគេ និង​ដោះស្រាយ​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី។

កាលពី​ថ្ងៃទី៤ មករា មេដឹកនាំ​សហជីព​ចំនួន ៣ នាក់​បន្ថែមទៀត​មាន​កញ្ញា ឈឹម ស៊ីថរ លោក សុខ ណា​រិ​ទ្ធ និង​លោក សុខ គង្គា ត្រូវបាន​សមត្ថកិច្ច​​ឃាត់ខ្លួន ក្នុងអំឡុងពេល​ពួកគេ មក​ចូលរួម​ការតវ៉ា​ជាមួយ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍ នៅក្បែរ​វិមាន​រដ្ឋសភា។

គិត​មក​ត្រឹម​ថ្ងៃទី ៥ មករា​នេះ មាន​មេដឹកនាំ​សហជីព​ចំនួន៩ នាក់ហើយ ដែល​ត្រូវបានធ្វើ​ការចោទប្រកាន់​ពីបទ​ញុះញង់​បំផុសបំផុល​ឱ្យ​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់ ក្នុងនោះ មាន៨ នាក់ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន ខណៈ​អតីត​បុគ្គលិក​ប្រមាណ២០ នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នាពេល​កន្លងមក ត្រូវបាន​ដោះលែង​វិញ ក្រោយ​ធ្វើ​កិច្ចសន្យា និង​បញ្ឈប់​សកម្មភាព​តវ៉ា។

លោក សំ ចំរើន មេធាវី​ការពារ​ឲ្យ​មេដឹកនាំ​សហជីព បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៥ មករា​ថា បន្ទាប់ពី​មានការ​សាកសួរ​កូនក្តី​របស់ខ្លួន តុលាការ​បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​កូនក្តី​របស់ខ្លួន​ចំនួន ២ នាក់ និង​ម្នាក់ទៀត ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ។

លោក សំ ចំរើន ថ្លែងថា៖ «ការសម្រេច​ឃុំខ្លួន​ពួកគេ​បណ្តោះអាសន្ន​នេះ គឺធ្វើឡើង​ដោយមាន​បុ​រ៉េ​វិនិច្ឆ័យ​ធ្ងន់ធ្ងរ​ខ្លាំង»។

លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៥ មករា​ថា ក្រោយ​ការចាប់​ឃាត់ខ្លួន​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ជនសង្ស័យ​ទាំង៣នេះ ត្រូវបាន​យកមក​សួរនាំ​នៅ​សាលាដំបូង​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​បទល្មើស​ដែល​ចៅ​ក្រោម​ស៊ើបសួរ បាន​បើក​ការស៊ើបអង្កេត​ជាមួយ​ជនសង្ស័យ​ចំនួន ៦ នាក់​ផ្សេងទៀត។

លោក បាន​បញ្ជាក់ថា៖«ពួកគាត់​ទាំង៣នាក់ កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ។ ពួកគាត់​ជា​កម្មវត្ថុ​នៃ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ»។

លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មិនអាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​បានទេ គិត​ត្រឹម​ថ្ងៃទី ៥ មករា ដោយសារតែ​លោក មិន​លើក​ទូរស័ព្ទ។

កាលពី​ថ្ងៃទី៤ មករា ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សមាគម​ប្រមាណ​ជិត ១០០ ស្ថាប័ន បានចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ ត្រូវតែ​បញ្ឈប់​ការបំភិតបំភ័យ និង​គំរាមកំហែង​ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព និង​បញ្ឈប់​ការប្រើប្រាស់​ការចោទប្រកាន់​តាមផ្លូវ​តុលាការ​ទៅលើ​មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍។

ក្រុម​នេះ បាន​ថ្លែង​គាំទ្រ​ដល់​ការអនុវត្ត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​បងប្អូន​បុគ្គលិក​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ក្នុង​ការធ្វើ​កូដកម្ម​ដោយ​អហិង្សា ដែល​សិទ្ធិ​នេះ​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហ ជីព និង​ផ្អែក​តាម​លក្ខន្តិក:របស់​សហជីព ដែល​បាន​ចុះបញ្ជី​ការ​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុងនាម​ជា​ស្ថាប័ន​វិជ្ជាជីវៈ ឯករាជ្យ ដើម្បី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មក​និយោជិត​នៅ​កន្លែង​ការងារ។

សេចក្ដី​ថ្លែងការណ៍​ដដែលនេះ បានឱ្យដឹងថា៖ «យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល សូម​ស្នើសុំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច សូមមេត្តា​ទម្លាក់ចោល​បទ​ចោទ និង​ដោះលែង ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព និង​ប្រើប្រាស់​តួនាទី​ជា​មន្ត្រីរាជការ​សាធារណៈ​ប្រកបដោយ​វិជ្ជាជីវៈ ការទទួលខុសត្រូវ​ខ្ពស់ អព្យាក្រឹត និង​មិន​លំអៀង​ទៅរក​ភាគី​ណាមួយ​នៅក្នុង​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​ករណី​វិវាទ​ការងារ​មួយ​នេះ។ ទន្ទឹមនឹង​នេះដែរ​យើងខ្ញុំ​ទាំងអស់គ្នា​ស្នើសុំ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​លុបចោល​ដីកា​សម្រេច បាត់​ចែង​ជា​បណ្តោះអាសន្ន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែល​បានប្រកាសថា​កូដកម្ម​នេះ​គឺជា​កូដកម្ម​ខុសច្បាប់»។

ទន្ទឹមនឹងនេះ ក្រុង​អង្គការ​ទាំងនេះ ក៏បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​វិធានការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​មិនបាន​អនុវត្ត​តួនាទី និង​កាតព្វកិច្ច​របស់ខ្លួន​ឱ្យ ស្របតាម​ច្បាប់​ក្នុងការ​ចូលរួម​ការពា​រ​សុវត្ថិភាព​ក្រុម​កូដ​ករ​ដែល​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ប៉ុន្តែ​បែរជា​ធ្វើការ​ចាប់ខ្លួន​ថ្នាក់ ដឹកនាំ និង​សមាជិក​សហជីព​ណាហ្គា​វើ​ល ទាំង​នៅពេល​យប់ និង​ចោទប្រកាន់​អ្នក​ទាំងនោះ​ដោយ​មិន​ត្រឹមត្រូវ​ទៅវិញ។

យ៉ាងណា​កន្លងមក​​ទាំង​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ៤ មករា​ថា ចំណាត់ការ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ទៅលើ​ក្រុម​មេដឹកនាំ​សហជីព និង​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍ គឺធ្វើឡើង​ស្របទៅតាម​នីតិវិធី​ច្បាប់ និង​មាន​ភស្តុតាង​ជា​មូលដ្ឋាន។

សហជីព និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ប្រមាណ​ជាង ១ ០០០ នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​លើក​បដា​តវ៉ា នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ចាប់តាំងពី​ថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០២១ មក ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ទាំង ៣៦៥ នាក់​ចូលធ្វើការ​វិញ។ ជាមួយនឹង​ការតវ៉ា​នេះ ថ្ងៃនេះ​ទី ៥ មករា​នេះ កម្មករ​ទាំងនោះ ក៏​នៅតែ​បន្ត​ការ​ប្រមូលគ្នា បន្តទៀត ដោយ​ក្នុង​គោលដៅ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​ការទាមទារ និង​ធ្វើការ​ដោះលែង​ថ្នាក់ដឹកនាំ​របស់ខ្លួន៕