ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ បន្ត​ពង្រឹង​ការត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​ដែល​នាំចូល​មកប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា ធ្វើយ៉ាងណា​ទប់ស្កាត់​និង​ដកហូត​​បាន​នូវ​សារ​ធាតុគីមី​ផ្សំ ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​ជាតិ និង អន្តរជាតិ ជាពិសេស សារធាតុ​គីមី​ផ្សំ​ពាក់កណ្ដាល​សម្រេច សម្រាប់​ការកែច្នៃ​និង ផលិត​ជា​គ្រឿងញៀន​។

សេចក្ដីអំពាវនាវ​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពង្រឹង​យន្តការ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រារព្វ​ឡើង​នា​ព្រឹក ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២​នៅ​អគារ​មិត្តភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន អង្គ​ភាពជា​សមាជិក អន្តរក្រសួង​ត្រួតពិនិត្យ​គីមី​ផ្សំ​គ្រឿងញៀន។

នៅក្នុង​ឱកាស​នោះ លោក កែ គឹមយ៉ាន បាន​ថ្លែងថា នៅពេល​ថ្មីៗ​កន្លងទៅនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អង្គភាព​ពាក់ព័ន្ធ បាន​ង្ក្រា​ប​ទីតាំង​ផលិត​គ្រឿងញៀន​បាន​ពីរ​ករណី​ធំៗ​ដែល​មួយ​ករណី​នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​មួយ​ករណី​ទៀត​នៅ​ភូមិ​រោង​គោ ឃុំ​-​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយបាន​រឹបអូស​គ្រឿងញៀន​ប្រភេទ Ketamine និង​សា​ធាតុគីមី​ផ្សំ​ជាច្រើន​ប្រភេទ សម្រាប់​កែច្នៃ​ធ្វើ​គ្រឿងញៀន សរុប​រាប់សិប​តោន។

ជាមួយនឹង​ការ​កោត​ស​សើរ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​អំពាវនាវ ដល់​ក្រសួង ស្ថាប័ន និង អង្គភាព​ពាក់ព័ន្ធ រួមទាំង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ផងដែរ​ថា​៖«​ត្រូវ​រួមគ្នា​បន្ត​ពង្រឹង​ការចុះ​អនុវត្តន៍​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​នៅតាម​បណ្តា​ទីតាំង​ពាក់ព័ន្ធ​នានា​ជាពិសេស នៅតាម​បណ្ដា​រោងចក្រ​ សហគ្រាស ដែល​ប្រើប្រាស់​សារធាតុ​គីមី​»​។

លោក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏បាន​បន្ត​ដាក់ចេញ​នូវ​ការណែនាំ​មួយចំនួន​ដល់​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​និង​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​ផែនការ​ឱ្យបាន​ឆាប់ ក្នុងនោះ​ត្រូវ​រំលេច​នូវ​ការងារ​ភូមិ​ឃុំ​សង្កាត់ (​ស​) ឬ ភូម​ឃុំ​-​សង្កាត់​គ្មាន​គ្រឿងញៀន ដោយ​ត្រូវ​បន្ត​ពង្រឹង​ការងារ​ចុះ​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ នៅតាម​បណ្តា​ទីតាំង​នានា ដែលមាន​ពាក់ព័ន្ធ​នឹង​​ការសម្អាត​ប្រាក់ និង​ប្រភព​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ធំៗ​។ ទន្ទឹម​ជាមួយគ្នានេះ​ត្រូវ​រៀបចំ​ឯកសារ​បទដ្ឋាន​គតិយុត្ត និង​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ នូវ​យន្តការ រចនាសម្ព័ន្ធ និង​លក្ខខណ្ឌ​នានា​ដល់​អ្នកពាក់ព័ន្ធ ឲ្យ​បានដឹង​ជាមុន ពិសេស​រោងចក្រ សហគ្រាស ដែល​ប្រើប្រាស់​សារធាតុ​គីមី ។​

យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រយៈពេល​៩​ខែ ឆ្នាំ​២០២១ កម្ពុជា​បាន​នាំចូល​សារធាតុ​ពាក់ព័ន្ធ​សរុប​ចំនួន​ប្រមាណ​ជាង​២៣ ០១៦​តោន​។​

ការនាំ​ចូល​នូវ​សារ​ធាតុគីមី​ពាក់ព័ន្ធ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ បាន​បង្ក​ឲ្យ​មាន​ក្ដី​ព្រួយ​កង្វល់​ជាខ្លាំង ពី​ការលួចបន្លំ​នាំចូល​នូវ​សារធាតុ​គីមី​ផ្សំ​ពាក់កណ្ដាល​សម្រេច សម្រាប់​ការកែច្នៃ​ធ្វើជា​គ្រឿងញៀន ដោយ​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​គ្រឿងញៀន​។ ទន្ទឹមនឹង​ក្ដីបារម្ភ​នេះ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន និង អង្គភាព​ពាក់ព័ន្ធ ធ្វើការ​ស្រាវជ្រាវ តាមដាន​យ៉ាងសកម្ម រហូត​ឈានដល់ ការបង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន ដ៏​ធំ​២​កន្លែង ក្នុង​ខេត្តកំពង់ស្ពឺ ដោយ​រឹបអូស​បាន​សារធាតុ​គីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន រាប់សិប​តោន​។

លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង ជា​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ធ្លាប់​មានប្រសាសន៍ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សារធាតុ​គីមី​ផ្សំ ដែល​សមត្ថកិច្ច​យើង​បាន​រឹបអូស​ពី​ទីតាំង​រោងចក្រ​ផលិត​អាល់កុល ក្នុង​ខេត្តកំពង់ស្ពឺ ដែលជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ XIN YINFENG (CAMBODIA) INDUSTRY CO., LTD​ នោះ គឺ​ក្រុម​ពួកឧក្រិដ្ឋជន​គ្រឿងញៀន ដែលមាន​មេក្លោង​ឈ្មោះ Ye Yan Shou ​បាន​បាន​នាំ​ចូលមក​បន្តិច​ម្ដងៗ តាមរយៈ​ការលួចបន្លំ​បង្កប់​នូវក្នុង​សារធាតុ​គីមី ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម កាត់ដេរ សំណង់ ម្ហូបអាហារ និង​សុខាភិបាល ដែល​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់​ជាតិ និង​អន្តរជាតិ ។ «​មិនមែន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន នាំចូល​ម្ដង​រាប់សិប​តោន​នោះទេ​»៕