ព្រះសីហនុ/ប.មានជ័យៈ ថ្នាក់ដឹកនាំ​ខេត្ត​ចំនួន​ ២ គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​បន្ទាយមានជ័យ ជំរុញ​មន្ត្រី​នៅតាម​អង្គភាព​ច្រកចេញចូល​តែ​ ១​ ឱ្យ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​បំពេញការងារ​របស់ខ្លួន ដើម្បី​បង្កើន​ការជឿជាក់​របស់​ប្រជាពលរដ្ឋ​ក្នុងការ​មក​ទទួល​សេវា​នៅ​ច្រក​ចេញចូល​តែ​ ១ ​កាន់តែច្រើន ដែល​សេវា​នេះ ជួយ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​។

កាលពី​ថ្ងៃទី ​៤ ខែមករា ឆ្នាំ​ ២០២២ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំពិភាក្សា​កិច្ចការងារ​រដ្ឋបាល ការផ្តល់សេវា​រដ្ឋបាល​របស់​អង្គភាព​ច្រកចេញ​-​ចូល​តែ​ ១ ការងារ​របស់​ក្រុមការងារ​ត្រួតពិនិត្យ និង​ស្រង់​ទិន្នន័យ​មូលដ្ឋាន​អាជីវកម្ម​របស់​អង្គភាព​ច្រកចេញចូល​តែ​ ១ ​សាលាខេត្ត​ព្រះសីហនុ​។ ក្នុងឱកាស​នោះ លោក​ ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ ជំរុញ​ឱ្យ​មន្ត្រី​ចូលរួម​ពន្លឿន​ការផ្តល់សេវា​កាន់តែ​ឆាប់រហ័ស​ដែល​អាចធ្វើ​ទៅបាន និង​បង្កើន​ប្រសិទ្ធភាព​ការផ្តល់​សេវាសាធារណៈ​ជូន​អតិថិជន បើ​ទោះ នាពេល​កន្លងមក មន្ត្រី​មាន​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ​។

ជាមួយ​គ្នានេះ លោក​សង្កត់ធ្ងន់ថា គ្រប់​មន្ត្រី​ត្រូវបំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ ដែល​ពួកគាត់​មក​ស្នើសុំ​សេវា​នៅតាម​ច្រកចេញចូល​តែ​ ១ ​ឱ្យ​កាន់តែ​មាន​ភាពជឿជាក់ និង​មក​ទទួល​សេវា​នៅ​ច្រកចេញចូល​តែ​ ១​កាន់តែច្រើន​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​មន្ត្រី​របស់​យើង​ត្រូវ​ទាមទារ​ការយកចិត្ត​ទុកដាក់​បន្ថែមទៀត​លើ​ការងាររដ្ឋបាល ការងារ​បញ្ជូន​ឯកសារ​ទៅកាន់​មន្ទីរ អង្គភាព​ឱ្យបាន​ទាន់ពេលវេលា​។ ទន្ទឹម​នោះ ការិយាល័យ​របៀប​ត្រូវធ្វើ​ការត្រួតពិនិត្យ​ឯកសារ និង​ចុះ​លេខ​ជូន​អតិថិជន​កាន់តែ​មាន​ទំនុកចិត្ត​»​។

លោក​ ឡុង ឌីម៉ង់ ក៏​មើលឃើញ​ដែរ​ថា នៅពេល​ខាងមុខ បើ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​មក​ទទួល​សេវា​នៅ​ច្រក​-​ចេញចូល​តែ​ ១​ កាន់តែច្រើន នោះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​ផ្សេងៗ​បន្ថែម​ទៀតផង​។

នៅ​ថ្ងៃទី​ ៤ មករា នេះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ក៏បាន​ចុះ​ពិនិត្យមើល​ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​ឃុំ ស្រុក ដោយ​ក្នុងនោះ លោក​ក៏បាន​ជំរុញ​ដល់​មន្ត្រី​នៅតាម​អង្គភាព​ច្រកចេញចូល​តែ​ ១ ​នៅ​ទូទាំង​ខេត្ត ត្រូវ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់ ក្នុងការ​បំពេញភារកិច្ច ដោយ​តម្រូវឱ្យមាន​ទំនាក់ទំនង​ល្អ និង​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​លឿន​ទាន់ពេល និង​មាន​តម្លាភាព ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​រំឭកថា មន្ត្រី​ពាក់ព័ន្ធ​បម្រើការ​ក្នុង​អង្គភាព​ច្រកចេញចូល​តែ​ ១ នៅ​ស្រុក​ដែល​បាន​បង្កើតឡើង​នេះ និង​មន្ត្រី​នៅ​គ្រប់​មូលដ្ឋាន​ឃុំ គប្បី​ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​សំខាន់​មួយចំនួន គឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាព ភាព​ជឿទុកចិត្ត តម្លាភាព ក្នុងការ​បំពេញ​ការងារ​។ ខិតខំ​ប្រមូលផ្តុំ​បង្កើន​ប្រសិទ្ធភាព​ផ្តល់​សេវាសាធារណៈ ការផ្តល់​ប្រយោជន៍ នានា ក្នុងការ​អភិវឌ្ឍ គាំពារ​សង្គម ប្រកប​ដោយ​សីលធម៌ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ឆ្លើយតប​រាល់​សំណូមពរ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​។

លោក​ អ៊ុំ រាត្រី លើកឡើងថា រដ្ឋាភិបាល ក្រសួងមហាផ្ទៃ​បាន​បង្កើត​នូវ​អង្គភាព​ច្រកចេញចូល​តែ ​១ ​នេះ​ឡើង គឺ​ដើម្បី​ជំរុញ​ការលើកកម្ពស់​ការផ្តល់​សេវា ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម នៅ​មូលដ្ឋាន​សំដៅ​ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​ចាំបាច់ ការលើក​កម្ពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​តាម​ច្រកចេញ-ចូល​តែ​ ១​ នេះហើយ ដែល​បាន​ជំរុញ​ឱ្យ​ល្បឿន​ការងារ​ទាំងឡាយ ដែល​បាន​អនុវត្ត​កន្លងមក​រហូតដល់​បច្ចុប្បន្ន ទទួល​បានការ​សាទរ គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ ហើយ​រាជរដ្ឋាភិបាល ក៏​បាននិង​កំពុង​ជំរុញ​បន្ត​បង្កើត​នូវ​ច្រកចេញចូល​តែ​ ១ ​នេះ នៅតាម​បណ្តា​ស្រុក​ផ្សេងៗ​ទៀត ដែល​មិនទាន់មាន ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​»​។

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែងថា ការបន្ត​តាមដាន និង​ជំរុញ​ទៅ​មន្ត្រី​នៃ​អង្គភាព​ច្រកចេញ-ចូល​តែ​ ១​ជាប្រចាំ គឺជា​យុទ្ធសាស្ត្រ​មួយ​ល្អ ព្រោះ​អង្គភាព​នេះ គឺជា​យន្តការ​នៃ​ការកែទម្រង់​មួយ​ដែល​ធ្វើឱ្យ​សេវា​កៀក​ទៅកាន់​ប្រជាពលរដ្ឋ និង​មិន​បង្ក​ភាពស្មុគស្មាញ​ដល់​ពលរដ្ឋ​។

លោក​ថា​៖ «​អ្នក​ដែល​ត្រូវការ​សេវា ជា​ក្រុមហ៊ុន​ក្តី ជា​ពលរដ្ឋ​ក្តី​នៅក្នុង​ច្រកចេញចូល​តែ​ ១​ហ្នឹង គឺ​សុំឱ្យ​ចាត់ចែង​ធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​លឿន កុំឱ្យ​មាន​អំពើពុករលួយ​។ ព្រោះ​យើង​ឃើញថា មាន​សេវា​មួយចំនួន បើទោះជា​មានច្បាប់​បានកំណត់​ក៏ដោយ ឧទាហរណ៍​សេវា​ការផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ជាដើម បើ​ទោះ​មាន​ការផ្ទេរ សិទ្ធិអំណាច​មក​ច្រក​នេះ ក៏​ប្រជាពលរដ្ឋ​នៅតែ​ប្រើប្រាស់​យន្តការ​របស់​ក្រសួងសាមី ដដែល ព្រោះ​ពេល​ប្រើប្រាស់​សេវា​មួយ​នេះ​នៅតាម​ច្រក គឺ​ពិបាក​ដដែល​»៕