ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បញ្ជាក់ថា នៅ​ថ្ងៃ​បើក​បវេសនកាល​គ្រឹះស្ថាន​មត្ដេយ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច​នា​ថ្ងៃទី​ ១០ មករា ឆ្នាំ​ ២០២២ ជា​ផ្លូវការ​នៅ​ទូទាំងប្រទេស លោក​ក៏បាន​អនុញ្ញាត​តាម​សំណើ​របស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា​ឱ្យ​កុមារ​តូច​មាន​អាយុ​ពី​ ៣ ​ឆ្នាំទៅ​ ៥ ​ឆ្នាំ​ចូលរៀន​វិញ​ផងដែរ​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែង​បែបនេះ នៅ​ថ្ងៃទី​ ៥ មករា ពេល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពី​ដណ្តើមបាន​មេដាយមាស​ពិភពលោក​ពី​ការប្រកួត​ប៉េតង់​នៅ​ទីក្រុង​សាន់តាស៊ូសាណា ប្រទេស​អេស្ប៉ាញ ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​អាន​សារ បើក​ដំណើរការ​គ្រឹះស្ថានសិក្សា នៅ​ថ្ងៃទី​ ១០ ខែមករា​នេះ នឹង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២១-២០២២​។ ក្នុងពេល​ជាមួយគ្នា​ខ្ញុំ​ក៏បាន​អនុញ្ញាត​តាម​សំណើ​របស់​ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា យើង ក៏​បើក​មត្ដេយ្យ​ឡើងវិញ ដែលមាន​អាយុ​ពី ៣ ​ឆ្នាំទៅ​ ៥ ​ឆ្នាំ​»​។

លោក​បញ្ជាក់ថា​៖ «​វា​សមល្មម​ដើម្បី​យើង​បើក​ហើយ ដោយសារ​វ៉ាក់សាំង​បាន​ស្រោច​។ ស្ថានភាព​មុន​ខ្ញុំ​ថាឱ្យ​មានការ​ប្រុងប្រយ័ត្ន​កុំ​ទាន់​លេង ប៉ុន្ដែ​ឥឡូវ​យើង​បាន​-​សង្កេតឃើញថា ការឆ្លង​នៅក្នុង​សហគមន៍​វា​ថយ ដោយសារ​វ៉ាក់សាំង​របស់​យើង​ស្រោច​រាប់ទាំង​ក្មេង​អាយុ​ ៥ ​ឆ្នាំ​ដែល​នៅក្នុង​មត្តេយ្យ​នេះដែរ​។ អ៊ីចឹង​អា​ ៣ ​ឆ្នាំ អា​ ៤ ​ឆ្នាំ​ [​កុមារ​តូច​]​ វា​ទើបតែ​បាន​ចាក់​វ៉ាក់សាំង អាវ៉ាក់សាំង​ការពារ​ជំងឺ​ស្អីៗ​ដូច្នេះ​កម្រិត​នៃ​ការឆ្លង​គឺ​តិចតួច​»​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា ការបើក​បវេសនកាល​ចូលរៀន​វិញ​របស់​កុមារ​តូច​នេះ​ជួយ​សម្រាល​បន្ទុក​ដល់​មាតាបិតា អ្នក​អាណាព្យាបាល​ដែល​លំបាក​ក្នុងការ​គ្រប់គ្រង​កូនចៅ ក្នុងពេល​វេលា​ដែល​គាត់​ត្រូវ​ទៅធ្វើ​ការយក​កូនចៅ ទៅ​ដាក់​នៅ​មត្តេយ្យ ដើម្បីឱ្យ​ពួកគេ​បាន​រៀន​ផង ហើយ​បានទទួល​នូវ​ការថែទាំ​នៅ​កន្លែង​នោះ​ផង​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​ការជូនដំណឹង​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​របស់​យើង អំពី​ការបើក​សាលារៀន​។ ចៅៗ​ទាំងឡាយ​ដែល ត្រៀម​ចូល​សាលា ថ្ងៃទី​ ១០ មករា​នេះ ថ្ងៃនេះ​ថ្ងៃទី​ ៥​មករា ហើយ​សល់ តែ​ ៥​ថ្ងៃ​ទៀត​ទេ គឺ​ចាប់ផ្ដើម​ចូល​សាលា ក្នុងនោះ​រាប់ទាំង​ចៅៗ​តូចៗ ដែល​ត្រូវ​ចូល​មត្តេយ្យ​ផងដែរ​»​។

បើតាម​លោកនាយក​រដ្ឋមន្ដ្រី ឪពុកម្ដាយ​មួយចំនួន​នៅ​ទូទាំង​ប្រទេស​ប្រហែលជា​មកដល់​ពេលនេះ ដោយសារតែ​ធ្វើ​សកម្មភាព​រហ័ស​ពេក​មិនទាន់​ដឹងថា​ថ្ងៃ​បើក​បវេសនកាល​នៅ​ថ្ងៃទី​ ១០ មករា​នេះ​ទេ​។ ដូច្នេះ​លោក​បញ្ជាក់ថា នៅ​ថ្ងៃទី​ ១០ មករា គឺជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២១-២០២២ ជាមួយ​នឹង​ការបើក​មត្តេយ្យ​សិក្សា​ដែលមាន​អាយុ ៣ ទៅ​ ៥ ​ឆ្នាំ​។

លោក​ ហ៊ុន សែន ក៏បាន​ស្នើឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​មេរោគ​កូវីដ​ ១៩ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ផងដែរ​។ លោក​ថា ជួនកាល​នៅផ្ទះ​ក្នុង​គ្រួសារ​បាន​ចម្លង​ទៅ​កូន ហើយ​កូន​បាន​ទៅ​មត្តេយ្យ ដែល​អាច​នាំ​មេរោគ​នេះ​ជា​ភ្នាក់ងារ ចម្លង​ទៅ​សាលារៀន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ឪពុក ឬ​ម្ដាយ​ដែល​កើត​អូមីក្រុង​ត្រូវ​ទៅ​ព្យាបាល​នៅ​ពេទ្យ ដើម្បី​កុំឱ្យ​ឆ្លងទៅ​កូន ហើយ​កូន​ឆ្លងទៅ​សាលារៀន​។ មិន​គ្រាន់​តែ​មត្តេយ្យ​ទេ សាលា​ទូទៅ​ក៏​វា​បង្កើត​ដែរ ព្រោះ​សិស្ស​របស់​យើង​ប្រមាណ​ជាង​ ៣ ​លាន​នាក់​ដែល​ត្រូវ​រៀន​»​។

មន្ទីរអប់រំ​រាជធានី​ខេត្ត គ្រឹះស្ថាន​មត្តេយ្យ​សិក្សា ព្រមទាំង​អ្នកផ្តល់​សេវា​អប់រំ​កុមារ​តូច​ទាំងអស់ ត្រូវ​ចាប់ផ្តើម​បើក​ដំណើរការ​គ្រឹះស្ថាន​មត្ដេយ្យ​សិក្សា និង​សេវា​អប់រំ​កុមារ​តូច​ពី​ថ្ងៃទី​ ១០ មករា ឆ្នាំ​ ២០២២ ជា​ផ្លូវការ​នៅ​ទូទាំងប្រទេស និង​បញ្ចប់​វិញ​នៅ​ថ្ងៃទី​ ៣១ តុលា ឆ្នាំ ​២០២២​។ នេះ​បើតាម​សេចក្ដី​ណែនាំ​ពី​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១​។

តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង-​អប់រំ ឆ្នាំ​សិក្សា​ថ្មី​ ២០២១-២០២២ ​នេះ ដំណើរការ​នៃ​ការអប់រំ​កុមារ​តូច​នៅតែ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ផ្នែក​ទាំង​ ៥ គឺ សុខភាព​រាងកាយ ភាសា បញ្ញា ការគិត​សង្គម និង​អារម្មណ៍ និង​ការអភិវឌ្ឍ​សីលធម៌ និង​វប្បធម៌​ដោយ​ផ្អែកលើ​មុខវិជ្ជា ចិត្ត​ចលភាព វិទ្យាសាស្ត្រ សិក្សា​សង្គម បុរេគណិត និង​ភាសា​ខ្មែរ​។

កាលបរិច្ឆេទ​នៃ​ការបើកប​វេសនកាល​ត្រូវបាន​កំណត់​យក​ថ្ងៃទី​ ១០ មករា ឆ្នាំ​ ២០២២ ជា​កាលបរិច្ឆេទ​សម្រាប់​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២១-២០២២​។ ឯ​ការប្រព្រឹត្តទៅ​នៃ​វិស្សមកាល​សម្រាប់​កាលបរិច្ឆេទ​វិស្សមកាល​តូច គឺ​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ១៩ មេសា ឆ្នាំ​ ២០២២​។ កាលបរិច្ឆេទ​មហា​វិស្សមកាល ចាប់ពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ ​២០២២​។

បើតាម​សេចក្ដី​ណែនាំ គណៈគ្រប់គ្រង​គ្រប់​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​សាធារណៈ មត្តេយ្យ​សិក្សា​សហគមន៍ និង​អ្នកផ្តល់​សេវា​អប់រំ​កុមារ​តូច​ទាំងអស់ ត្រូវ​ពិនិត្យ​លទ្ធភាព​ក្នុង​ការរៀបចំ​ប្រារព្ធ​ពិធី​បើក​ជា​ទ្រង់ទ្រាយ​ធំ មធ្យម ឬ​តូច តាម​ជាក់ស្ដែង​។ កំណត់​ជ្រើសរើស ទីតាំង​ប្រមូលផ្តុំ​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​សាធារណៈ មត្តេយ្យ​សិក្សា​សហគមន៍ និង​ទីកន្លែង​ផ្តល់​សេវា​អប់រំ​កុមារ​តូច​ទាំងអស់ ក្នុង​មូលដ្ឋាន​ឃុំ​សង្កាត់​នីមួយៗ សម្រាប់​រៀបចំ​ប្រារព្ធ​ពិធី​បើក​ជា​និមិត្តរូប​។

ការរៀបចំ​ប្រារព្ធ​ពិធី​គ្រប់​រូបភាព ត្រូវគោរព​តាម​ស្តង់ដា​អនាម័យ និង​រក្សា​នូវ​គម្លាត​សង្គម ព្រមទាំង​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP)​។ ថ្នាក់​មត្តេយ្យ​សិក្សា​រដ្ឋ និង​មត្តេយ្យ​សិក្សា​សហគមន៍​ស្ថិតក្នុង​បរិវេណ និង​រចនា​សម្ព័ន្ធ​គ្រប់គ្រង​របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ណា ត្រូវ​ចូលរួម​ពិធី​បើក​បវេសនកាល​ជាមួយ​គ្រឹះស្ថានសិក្សា​សាធារណៈ​នោះ​។

ក្រសួង​ណែនាំ​ការប្រព្រឹត្តទៅ​នៃ​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​ និង​កន្លែង​ផ្តល់​សេវា​អប់រំ​កុមារ​តូច ពេល​ដំណើរការ​ឆ្នាំ​សិក្សា គណៈ​គ្រប់គ្រង គ្រឹះស្ថាន​មត្តេយ្យ​សិក្សា អ្នកផ្តល់​សេវា​អប់រំ​កុមារ​តូច​គ្មាន​សិទ្ធិ​បិទ​គ្រឹះស្ថានសិក្សា​ និង​កន្លែង​ផ្តល់​សេវា​អប់រំ​កុមារ​តូច​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ​នោះទេ​៕

វីដេអូ៖