ភ្នំពេញៈ រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ កំណត់​អំពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការការពារ​សុវត្ថិភាព​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល ក្នុង​គោលបំណង​ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ផលប្រយោជន៍​សាធារណៈ​លើកកម្ពស់​គុណភាព​នៃ​ការផ្តល់សេវា​នានា និង​ការអភិវឌ្ឍ​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​។

អនុក្រឹត្យ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី​ ៥ ខែមករា បាន​ពន្យល់ថា ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល សំដៅ​ដល់​ព័ត៌មាន​នានា​ដែល​អាច​កំណត់​បាន​នូវ​អត្តសញ្ញាណ​បុគ្គល​ណា​ម្នាក់​។ ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​អាចជា​ទិន្នន័យ​អំពី​ឈ្មោះ ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត ទីកន្លែង​កំណើត ទីលំនៅ​បច្ចុប្បន្ន ជនជាតិ សញ្ជាតិ រួមទាំង​ទិន្នន័យ​ជីវមាត្រ ឬ​ទិន្នន័យ​ផ្សេងទៀត ដែល​ទាក់ទង​នឹង​អត្តសញ្ញាណ​របស់​បុគ្គល​។

តាមរយៈ​អនុក្រឹត្យ​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​ក្រសួងមហាផ្ទៃ​មាន​សមត្ថកិច្ច​ក្នុងការ​ប្រមូល​ចងក្រង​រក្សាទុក គ្រប់គ្រង និង​ការពារ​សុវត្ថិភាព​ទិន្នន័យ អត្តសញ្ញាណ​បុគ្គល ដែល​បានមកពី​ការចុះបញ្ជី​អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ស្ថិតិ​និង​គ្រប់គ្រង​ការ​ស្នាក់នៅ​លិខិត​ឆ្លងដែន សញ្ជាតិ និង​ការចុះបញ្ជី​ផ្សេងទៀត ដែល​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ប្រគល់ឱ្យ​ក្រសួងមហាផ្ទៃ​។

អនុក្រឹត្យ​សរសេរថា​៖ «​ក្រសួងមហាផ្ទៃ​ដែលជា​ម្ចាស់​ទិន្នន័យ​ដើម អាច​អនុញ្ញាតឱ្យ​ក្រសួង ស្ថាប័ន អង្គភាព​ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ឬ​បុគ្គល ប្រើប្រាស់​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​បាន ស្របតាម​បែបបទ និង​នីតិវិធី ដែល​កំណត់​ក្នុង​អនុក្រឹត្យ​នេះ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត​ជា​ធរមាន​»​។

រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឱ្យ ក្រសួងមហាផ្ទៃ​ត្រូវការពារ​សុវត្ថិភាព​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន ប្រឆាំង​នឹង​ហានិភ័យ និង​គ្រោះថ្នាក់​នានា​ដូចជា​បំផ្លាញ​ទិន្នន័យ ការ​ខូចខាត​ ឬ​បាត់បង់​ទិន្នន័យ ការលុបចោល​ទិន្នន័យ​ការកែតម្រូវ​ទិន្នន័យ ឬ​ការចូល​ប្រើប្រាស់​ទិន្នន័យ​ដោយ​គ្មាន​ការអនុញ្ញាត ឬ​ការបង្ហាញ​ទិន្នន័យ​ជា​សាធារណៈ​។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ត្រូវ​បង្កើត​ឱ្យមាន​ប្រព័ន្ធ​ទិន្នន័យ​រក្សាទុក​ទិន្នន័យ​បម្រុង នៅ​កន្លែង​សុវត្ថិភាព​ផ្សេង​ពី​ទីកន្លែង​ដែល​រក្សាទុក​ប្រព័ន្ធ​ទិន្នន័យ​ដើម និង​រៀបចំ​ថែទាំ​ឱ្យបាន​ត្រឹមត្រូវ​។

អនុក្រឹត្យ​បញ្ជាក់ថា​៖ «​ក្រសួង​មហា​ផ្ទៃ​ដែលជា​ម្ចាស់​ទិន្នន័យ​ដើម និង​ក្រសួង ស្ថាប័ន អង្គភាព​ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដែលជា​អ្នកប្រើប្រាស់​ទិន្នន័យ ត្រូវ​ធានា​រក្សា​ការពារ​សុវត្ថិភាព​ទិន្នន័យ ទាំង​ក្នុងអំឡុងពេល​បញ្ជូន និង​ពេល​ប្រើប្រាស់​ដោយ​អនុវត្តតាម​លក្ខខណ្ឌ​បច្ចេកទេស​សុវត្ថិភាព​ខ្ពស់​»​។

រាជរដ្ឋាភិបាល​ក៏បាន​ប្រាប់​ឱ្យ​ក្រសួង ស្ថាប័ន​អង្គភាព​ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដែលជា​អ្នកប្រើប្រាស់​ទិន្នន័យ ត្រូវ​ធានា​ការពារ​សុវត្ថិភាព​ទិន្នន័យ ក្រោយពេល​ប្រើប្រាស់​រួច ដោយ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​ខ្ពស់បំផុត​។ រាល់​ទិន្នន័យ ដែល​បាន​ប្រើប្រាស់​ ឬ​បញ្ជូន​ឱ្យប្រើប្រាស់​រួច នៅតែ​ជា​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ ទោះបីជា​ក្រសួង ស្ថាប័ន អង្គភាព​ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​បាន​ប្រើប្រាស់​ទិន្នន័យ​នោះ ក្នុង​រូបភាព​ណាក៏ដោយ​។

បើតាម​អនុក្រឹត្យ​រាជរដ្ឋាភិបាល ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល ដែល​បាន​រក្សាទុក និង​គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ គឺ​ក្នុង​គោលបំណង​ផ្ទៀងផ្ទាត់ ឬ​បញ្ជាក់​អំពី​ភាពត្រឹមត្រូវ ឬ​បញ្ជាក់​អំពី​អត្តសញ្ញាណ​បុគ្គល ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ លើកកម្ពស់​គុណភាព​នៃ​ការផ្តល់សេវា និង​ការអភិវឌ្ឍ​ជាតិ​។

រាជរដ្ឋាភិបាល​បញ្ជាក់​បន្ថែមថា ចំពោះ​ក្រសួង ស្ថាប័ន អង្គភាព​ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ឬ​បុគ្គល​ដែល​មានបំណង​ប្រើប្រាស់ ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ ស្របទៅតាម​បែបបទ នីតិវិធី និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន​។

ចំពោះ​ការអនុញ្ញាត​ឱ្យ​ក្រសួង ស្ថាប័ន​ក្នុង​វិស័យ​សាធារណៈ ប្រើប្រាស់​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល ដើម្បី​បម្រើឱ្យ​ការផ្តល់​សេវាសាធារណៈ ត្រូវធ្វើឡើង​ដោយ​ប្រកាស​អន្តរក្រសួង ឬ​ប្រកាស​រួម​រវាង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង ឬ​ប្រធាន​ស្ថាប័ន​ដែល​ស្នើសុំ​។

ចំណែក​ការអនុញ្ញាត​ឱ្យ​ស្ថាប័ន អង្គភាព​ក្នុង​វិស័យ​ឯកជន ប្រើប្រាស់​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល ដើម្បី​បម្រើឱ្យ​ការផ្តល់​សេវាសាធារណៈ ត្រូវធ្វើឡើង​ដោយ​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​តំណាង​ក្រសួង​មហាផ្ទៃ និង​ប្រធាន ឬ​តំណាង​ស្ថាប័ន អង្គភាព ក្នុង​វិស័យ​ឯកជន​ដែល​ស្នើសុំ​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី ​៥ ខែមករា​ថា ជា​ការល្អ​ដែល​រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការការពារ​សុវត្ថិភាព​ទិន្នន័យ​អត្តសញ្ញាណ​របស់​បុគ្គល​។ លោក​ថា ឯកសារ​ផ្លូវច្បាប់​នេះ​នឹង​ក្លាយទៅជា​ឧបករណ៍​នៅក្នុង​ការការពារ​អត្តសញ្ញាណ​របស់​បុគ្គល​។ ម្យ៉ាងទៀត​ក្នុងសម័យ​បច្ចុប្បន្ននេះ ជា​សម័យ​ឌីជីថល អត្តសញ្ញាណ​បុគ្គល​ជា​រឿង​សំខាន់​មួយ​ដែល​ត្រូវតែ​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ការពារ និង​គ្រប់គ្រង​ឱ្យបាន​ល្អ​។

លោក​ថ្លែងថា៖ «​ប្រសិនបើ​មិនមាន​ការគ្រប់គ្រង​ការប្រើប្រាស់ និង​ការការពារ​ឱ្យបាន​ត្រឹមត្រូវ​ទេ អត្តសញ្ញាណ​បុគ្គល​ ឬក៏​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​នឹងត្រូវ​បាន​គេ​លួច​បន្លំ ឬ​យកទៅ​ប្រើប្រាស់​នៅក្នុង​ទម្រង់​ណាមួយ ដែល​អាច​ប៉ះពាល់​ដល់​ទាំង​សេចក្តី​ថ្លៃថ្នូរ​របស់​​បុគ្គល និង​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​បុគ្គល​ផងដែរ​»៕