ភ្នំពេញៈ ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់ ស្តីពី​សំណង់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ធានា​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានសម្រេច​ដាក់ឱ្យអនុវត្ត​ការត្រួតពិនិត្យ និង​ការបញ្ជាក់​ពី​គុណភាព​សំណង់ ចាប់ពី​ថ្ងៃទី ​៤ ខែមករា ឆ្នាំ ​២០២២ តទៅ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី ចុះ​ថ្ងៃទី​ ៤ ខែមករា បានឱ្យដឹងថា ដើម្បី​ធានា​គុណភាព​សន្តិសុខ​សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់​អ្នកប្រើប្រាស់​សំណង់ និង​សាធារណជន ម្ចាស់​សំណង់​ត្រូវ​រក​ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព​ត្រឹមត្រូវ មុននឹង​ដាក់ពាក្យ​ស្នើសុំ​។

ក្រសួង​បាន​បន្តថា​៖ «​ក្នុង​ស្មារតី​នេះ ម្ចាស់​សំណង់ អ្នក​អភិវឌ្ឍ​អចលនវត្ថុ និង​អ្នក​អភិវឌ្ឍន៍​លំនៅឋាន ត្រូវ​រក​អ្នក​វិជ្ជាជីវៈ ឬ​ក្រុមហ៊ុន​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ ដែលមាន​អាជ្ញាប័ណ្ណ​ផ្តល់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ត្រួតពិនិត្យ និង​ចេញ​លិខិតបញ្ជាក់​អនុលោមភាព​នៃ​គម្រោង​ប្លង់ ការងារ​សាងសង់ ឬ​រុះរើ សំណង់​របស់ខ្លួន តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់ និង​បទប្បញ្ញត្តិ​ជាធរមាន​ដទៃទៀត​មុននឹង​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ឬ​រុះរើ លិខិតអនុញ្ញាត​ជួសជុល​លិខិត​អនុញ្ញាត​បើក​ការដ្ឋាន​សំណង់ និង​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​»​។

ក្រសួង​ថា ការដាក់ឱ្យ​អនុវត្ត​នេះ ដោយយោង​តាមច្បាប់​ស្តីពី​សំណង់​ដែល​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ដែល​បាន​តម្រូវឱ្យមាន​ការត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ និង​អនុក្រឹត្យ ដើម្បី​កំណត់ លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ​ និង​បញ្ជាក់​សំណង់ ចេញ​ដោយ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​ ៣០ ខែ ធ្នូ ឆ្នាំ ២០២១​។ ដើម្បី​អនុវត្ត​អនុក្រឹត្យ​នេះ​ក្រសួង​រៀបចំ​ដែនដី បានចេញ​ប្រកា​សលេខ ០៣៣ ចុះ​ថ្ងៃទី​ ២១ ​ខែមករា ឆ្នាំ​ ២០២១ ស្តីពី​បែបបទ​ និង​បរិបទ​នៃ​ការផ្តល់​អាជ្ញាប័ណ្ណ ការផ្តល់​សន្លឹក​អាជ្ញាប័ណ្ណ​ថ្មី ការបញ្ចប់​សុពលភាព និង​ការបន្ត​សុពលភាព​អាជ្ញាប័ណ្ណ​ត្រួតពិនិត្យ​ និង​បញ្ជាក់​សំណង់​។ ក្រៅពីនេះ​ក្រសួង​បានចេញ ប្រកាស​លេខ​ ១០៩ ​ចុះ​ថ្ងៃទី​ ២២ ​វិច្ឆិកា ឆ្នាំ​ ២០២១ ​ស្តីពី​បែបបទ​នៃ​ការងារ​ត្រួតពិនិត្យ និង​បញ្ជាក់​គម្រោង​ប្លង់​ស្ថាបត្យកម្ម និង​គម្រោង​ប្លង់ គ្រឿង​ផ្គុំ​សំណង់ និង​ប្រកាស​លេខ ​១២៦ ចុះ​ថ្ងៃទី​ ៣០ ​ធ្នូ ឆ្នាំ​ ២០២១ ស្តីពី​បែបបទ​នៃ ការងារ​ត្រួតពិនិត្យ និង​បញ្ជាក់​ការងារ​សាងសង់ និង​រុះរើ​ផ្នែក​ស្ថាបត្យកម្ម​ និង​ផ្នែក​គ្រឿង​ផ្គុំ​សំណង់​ផងដែរ​។

ភ្នំពេញ​ប៉ុស្តិ៍ មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម ជុំវិញ​លិខិត​នេះ ពី​អ្នកនាំពាក្យ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​នៅឡើយ​ទេ​។

អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា លោក សូ ឆ្លូញ ​បាន​គាំទ្រ ​និង​អបអរសាទរ​ចំពោះ​វិធានការ​នេះ ដោយ​លោក​ចាត់ទុកថា មាន​ប្រយោជន៍​ដល់​កម្មករសំណង់​ផង និង​ចំណូល​ពន្ធ​ចូល​រដ្ឋ​ផង​។

លោក​ថា​៖ «​នេះ​ជា​រឿង​ល្អ​មួយ ដែល​ធ្វើឱ្យ​កាន់តែច្បាស់​ទៅលើ​ក្រុមហ៊ុន​សំណង់​ជាពិសេស​ក្រុមហ៊ុន​ម៉ៅការ​ទាំងអស់​អំពី​ការទទួលខុសត្រូវ​របស់​ខ្លួន​នៅពេល​មាន​បញ្ហា​កើតឡើង តួយ៉ាង​ដូចជា​ក្នុងករណី​បាក់​រលំ​អគារ​កន្លងមក ដែលមាន​បញ្ហា​ឈានដល់​ការស្លាប់​ និង​របួស​ដល់​កម្មករ យើង​រក​ម្ចាស់​ពិតប្រាកដ​ដើម្បី​ទទួលខុស​ត្រូវ​អត់​ឃើញ​»​។ លោក​ថា​៖ «​កាលណា​មានការ​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុងការ​សាងសង់ គឺ​ចំណេញ​មួយទៀត​ទៅលើ​ការបង់ពន្ធ​ចូល​រដ្ឋ ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ជាប់​កាព្វកិច្ច​ក្នុង​ការដាក់​ប្រាក់​តម្កល់ នៅពេល​គាត់​រត់ចោល ឬ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ហើយ​ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​គឺ​យកប្រាក់​តម្កល់​មក​ប៉ះប៉ូវ​បើក​ទៅឱ្យ​កម្មករ​»​។

ទន្ទឹមនឹង​ការគាំទ្រ​នេះ លោក សូ ឆ្លូញ ក៏បាន​ជំរុញ​ដល់​ក្រសួង​រៀបចំ​ដែនដី ឱ្យ​ពង្រឹង​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ម្ចាស់​គម្រោង​ ឬ​ម្ចាស់​ម៉ៅការ​សំណង់​នានា​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ លោក​ថា​៖ «​ប៉ុន្តែ​ទន្ទឹមនឹង​លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី​នេះ សូមកុំ​ចេញ​តែ​លិខិត ត្រូវដាក់​ភ្ជាប់​ជាមួយ​ការអនុវត្ត ការត្រួតពិនិត្យ​ការតាមដាន និង​ជំរុញ​ដល់​ក្រុម​អ្នក​ដែល​ម៉ៅការ​មិនបាន​ចុះបញ្ជី​មក​ធ្វើការ​ចុះបញ្ជី​ទាំងអស់ ហើយ​ត្រូវ​ធានាថា ក្រុមហ៊ុន​ដែល​ម៉ៅការ​មានប្រើ​ប្រាស់​កម្លាំង​កម្មករ គឺជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​»​។ មួយវិញ​ទៀត ការធ្វើ​បែបនេះ មិន​ត្រឹមតែ​ជួយ​ការពារ​ផលប្រយោជន៍​កម្មករ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ទៅលើ​សំណង់​គ្មាន​គុណភាព ឬ​បាក់​រលំ​អគារ​ជាយ​ថាហេតុ ដូច​កាល​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ​កន្លងមក​។

បើតាម​លោក សូ ឆ្លូញ តាម​ការសិក្សា ក្នុងចំណោម​កម្មករសំណង់​ ១០ ​នាក់​គឺមាន​ ៩ ​នាក់​ធ្លាប់បាន​ថៅកែ​មិន​បើក​លុយ​ឱ្យ​ ខណៈ​ក្នុង ​១ ​ឆ្នាំៗ​លោក​ទទួលបាន​ករណី​វិវាទ​រវាង​កម្មករ​ជាមួយ​ថៅកែ​រឿង​ការមិន​បើក​លុយ ២០​ ករណី​។

ពាក់ព័ន្ធ​សំណង់​គ្មាន​គុណភាព​នេះ កាលពី​ខែមិថុនា ឆ្នាំ​ ២០១៩ មនុស្ស​ ១៧ ​នាក់​បាន​ស្លាប់ និង​រាប់សិប​នាក់​រងរបួស​ក្នុង​ហេតុការណ៍​បាក់​អគារ​កំពុង​សាងសង់​ក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​ដើមឆ្នាំ​ ២០២១ ​មាន​ការបាក់​រលំ​អគារ​កម្ពស់​ ៧ ​ជាន់​នៅ​ខេត្ត​កែប​ស្លាប់​ ៣៦​ នាក់ និង​របួស ​២៣ ​នាក់​៕