
រថយន្តធុនធំ ត្រូវបានផ្អាកមិនឱ្យធ្វើចរាចរណ៍ តាមផ្លូវជាតិលេខ ២១ បេ ក្នុងក្រុងតាខ្មៅ។ រូបថត សហការី
កណ្តាលៈ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សម្រេចផ្អាកការធ្វើចរាចរណ៍ សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ ២១ បេ (១១៥) ចាប់ពីផ្លូវជាតិលេខ ២១ អា ដល់ផ្លូវជាតិលេខ ២ ស្ថិតក្នុងក្រុងតាខ្មៅដើម្បីដាក់លូកាត់ទទឹងផ្លូវសម្រាប់រំដោះទឹកជន់លិច។
សេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ឱ្យដឹងថា ការបិទចរាចរណ៍បណ្តោះអាសន្ននេះ ចាប់ពីចន្លោះម៉ោង ៦:០០ ល្ងាច ដល់ម៉ោង ៣ ទៀបភ្លឺ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ ដើម្បីដាក់លូបង្ហូរទឹកកាត់ទទឹងផ្លូវ។ សេចក្តីជូនដំណឹងបន្តថា៖ «ការបិទចរាចរណ៍នេះដើម្បីធ្វើការសាងសង់លូកាត់ទទឹងផ្លូវប្រវែង ២០ ម៉ែត្រ ត្រង់ស្ថានីយបូមទឹក ដើមអម្ពិលចាស់ ផ្លូវជាតិលេខ ២១ បេ (១១៥) សម្រាប់រំដោះទឹកជំនន់ទឹកភ្លៀង ក្នុងក្រុងតាខ្មៅ និងសហការ ជួសជុល កំណាត់ផ្លូវជាតិលេខ ២១ បេ (១១៥) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន»។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលលោក ម៉ឹង យូឡេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងករណីនេះ អ្នកបើកបរម៉ូតូ រថយន្តប្រភេទលក្ខណៈគ្រួសារ រថយន្តប្រភេទទេសចរណ៍ អាចធ្វើចរាចរណ៍បានជាធម្មតា លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ប៉ុណ្ណោះ។ លោកបន្តថា មូលហេតុបិទចរាចរណ៍នាពេលយប់ដោយសារចរាចរណ៍ពេលថ្ងៃមមាញឹក ជាពិសេសដើម្បីសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរ។ លោកថា៖ «យើងសុខចិត្តពលិកម្មធ្វើពេលយប់ អ៊ីចឹងឱ្យគាត់ទ្រាំរយៈពេល ២ សប្តាហ៍សិនទៅដើម្បីរំដោះទឹកចេញ»។
លោកឱ្យដឹងថា ក្នុងដំណើរការសាងសង់នេះ គឺធ្វើលូកាត់ទទឹងផ្លូវប្រវែង ២០ ម៉ែត្រ និងលូចំនួន ២ កន្លែង និងមានអ៊ុតកៅស៊ូ AC ៣ ស្រទាប់ កម្រាស់ ១ តឹកកន្លះ។ លោកបញ្ជាក់ថា៖ «អ៊ីចឹងនៅពេលយើងធ្វើការងារនេះពេលរថយន្តធំបើកមកធ្វើឱ្យរាំងស្ទះទំនិញដែលមានការប្រញាប់ អ៊ីចឹងយើងជូនដំណឹងឱ្យគាត់ជ្រាបជាមុន ហើយឱ្យគាត់ដឹងម៉ោងដែលត្រូវដឹកតាមនេះ ចៀសវាងខូចខាតផលប្រយោជន៍របស់គាត់ដែលត្រូវឆ្លងកាត់ផ្លូវនេះ»។
មូលហេតុដែលត្រូវសាងសង់ លូរំដោះទឹកនៅត្រង់ចំណុចនេះដោយសារមន្ត្រីជំនាញបានរកឃើញថា នៅតំបន់លូបង្ហូរទឹកនេះ មានទំហំតូចធ្វើឱ្យលិចលង់នៅពេលមានភ្លៀងម្តងៗ។ លោកថា៖ «គឺជុំវិញផ្លូវនេះ សុទ្ធតែទឹកបឹង ហើយជាវាលទំនាប ប៉ុន្តែក្រោយពីធ្វើផ្លូវហើយក្រោមការអភិវឌ្ឍ អ៊ីចឹងទឹកនោះរត់មកលូនេះ ដែលពេលនោះលូយើងមានទំហំតូចប្រមាណ ១ ម៉ែត្រ មិនអាចរំដោះទឹកទាន់ពេលវេលា ទើបធ្វើឱ្យលិចលង់ ២ ដង ក្នុងឆ្នាំ ២០២១ អ៊ីចឹងយើងរកឃើញមូលហេតុ ដោយសារលូតូចពេក រំដោះទឹកអត់ទាន់ ទើបយើងប្តូរលូរំដោះទឹកធំដែលមានទទឹងជាង ៥ ម៉ែត្រ កម្ពស់ ៣ ម៉ែត្រ និងបណ្តោយ ២០ ម៉ែត្រ»។
លោកឱ្យដឹងដែរថា លូរំដោះទឹក នេះ អាចបញ្ចៀសទឹកលិចរហូតដល់ ៣ សង្កាត់ នៅក្រុងតាខ្មៅ។
ក្រៅពីសង់លូរំដោះទឹកនៅតំបន់នេះ មន្ទីរសាធារណការ ខេត្តកណ្តាល ក៏គ្រោងនឹងសាងសង់លូរំដោះទឹកនៅតំបន់ផ្សេងទៀត តាមផែនការគ្រោងទុក សម្រាប់រៀបចំប្រព័ន្ធរំដោះទឹកក្នុងក្រុងតាខ្មៅ កុំឱ្យមានការលិចលង់ជាថ្មីទៀតនៅពេលមានភ្លៀង។
លោក សុខ រុន អាយុ ៤៥ ឆ្នាំ រស់នៅ ជាប់នឹងផ្លូវលេខ ២១ បេ មានមុខរបរលក់ដូរនៅមុខផ្ទះ បាននិយាយថា លោកគាំទ្រចំពោះការបិទចរាចរណ៍រថយន្តដឹកទំនិញបណ្តោះអាសន្ន ព្រោះរថយន្តមួយចំនួន មានទម្ងន់ធ្ងន់ អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់លូបង្ហូរទឹក។ យ៉ាងនេះក្តីលោកជំរុញឱ្យក្រុមការងារពន្លឿនដំណើរការសាងសង់លូបង្ហូរទឹកនេះឱ្យកាន់តែឆាប់កាន់តែល្អ។ លោកថា៖ «ជាធម្មតាពេលសាងសង់លូបង្ហូរទឹកតែងតែប៉ះពាល់នៅមុខផ្ទះយើង ហើយមានហុយដី អ៊ីចឹងពេលគេធ្វើលឿនកាន់តែល្អ ហើយបានរំដោះទឹកជំនន់ទៀត»៕
វីដេអូ៖