ក្រចេះ: បុរស​ ២​ នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ពេល​ពួកគេ​ឆក់​ត្រី​ក្នុង​បឹង ស្ថិតក្នុង​សង្កាត់​រកាកណ្ដាល ក្រុង​ក្រចេះ បើទោះបី​ជា​ខណ្ឌ​រដ្ឋបាល​ជលផល តែងតែ​ធ្វើ​ការអប់រំ​កុំឱ្យ​ប្រើ​ឧបករណ៍​នេសាទ​ឆក់​ត្រី​ខុសច្បាប់​ទាំងនេះ​យ៉ាងណាក៏ដោយ​។

លោក គាន ម៉ានិល នាយនគរបាល​ប៉ុស្តិ៍​សង្កាត់​រកាកណ្ដាល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់ រួមមាន​ឈ្មោះ ម៉ឺន សារុន អាយុ​ ៣៦ ​ឆ្នាំ និង​ឈ្មោះ ស៊ឹម គង់ អាយុ​ ២៧ ​ឆ្នាំ អ្នក​ទាំង​ ២ មាន​ទីលំនៅ​ភូមិ​ ២ ​សង្កាត់​រកា​កណ្តាល​។ លោក​បញ្ជាក់ថា​៖ «​សព​ជនរងគ្រោះ​ទាំង​ ២​ បាន​តោង​ស្អិត​ជាប់​គ្នា លិច​នៅក្នុង​ទឹក​បឹង​ជម្រៅ​ជាង​ ១ ​ម៉ែត្រ ដោយ​សព​របស់​ឈ្មោះ ម៉ឺន សារុន​ មាន​កាន់​ដង​ឆក់​ដែលមាន​ខ្សែ​តំណ​ ១​ នៅក្បែរ​អាគុយ​ ៧០​ វ៉ុល ដែល​គាត់​បាន​ស្ពាយ​ជាប់​ខ្នង​»​។ ចំណែក​សព​ឈ្មោះ ស៊ឹម គង់ បាន​តោង​ជាប់​ពីក្រោយ​ខ្នង​របស់​ សារុន ដែល​បង្ហាញថា​គាត់​បាន​ព្យាយាម​ជួយ​ សារុន នៅពេល​មាន​ករណី​ឆក់​ខ្សែភ្លើង​ពី​ឧបករណ៍​ឆក់​ត្រី​នោះ​កើតឡើង​។ លោក​ ម៉ានិល ឱ្យដឹង​ដែរ​ថា បើតាម​ការអះអាង​របស់​អ្នកស្រី ស៊ឹម សុធី អាយុ ៣៦ ​ឆ្នាំ ដែលជា​បងស្រី ជនរងគ្រោះ ឈ្មោះ គង់ ជនរងគ្រោះ​ទាំង​ ២ បាននាំគ្នា​ជិះ​ម៉ូតូ ចេញពីផ្ទះ​ទៅរក​ឆក់​ត្រី​នៅតាម​មាត់បឹង ក្នុង​តំបន់​កើតហេតុ​ខាងលើ តាំងពី​យប់​ថ្ងៃទី​ ២ ខែមករា​។ លុះដល់​យប់​ថ្ងៃទី​ ៣ ខែមករា មិនឃើញ​ពួកគេ​ត្រឡប់​មកផ្ទះ​វិញ ក្រុមគ្រួសារ​បាននាំគ្នា​តាមរក ឃើញតែ​ម៉ូតូ​ដែល​ពួកគេ​ជិះ លាក់ទុក​នៅក្នុង​ព្រៃ​ក៏​បាន​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍​តាមរក​។

លោក​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច និង​សាច់ញាតិ​ជនរងគ្រោះ​បាន​តាមរក រហូតដល់​ព្រឹក​ថ្ងៃទី​ ៤ ខែមករា ទើប​ប្រទះឃើញ​សព​ជនរងគ្រោះ​ទាំង​ ២ នៅក្នុង​ទឹក​បឹង​រំលាច ដែលមាន​ចម្ងាយ​ប្រមាណ​ ១០០ ​ម៉ែត្រ ពី​ទីតាំង​ដែល​ពួកគេ​បាន​លាក់ទុក​ម៉ូតូ​។

បើតាម​លោក​ ម៉ានិល ក្រោយពី​នគរបាល​ជំនាញ បាន​ពិនិត្យ​សាកសព មិនឃើញ​មាន​ស្លាក​ស្នាម​អ្វីដែល​គួរឱ្យ​សង្ស័យ​ជា​អំពើ​ឃាតកម្ម​នោះទេ ហើយក៏​បានប្រគល់​សព​ជូន​សាច់ញាតិ​នាំយកទៅ​ធ្វើបុណ្យ​។

លោក ម៉ុក ពន្លក នាយ​ខណ្ឌ​ជលផល​ខេត្តក្រចេះ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាពិសេស ឧបករណ៍​ឆក់​ត្រី ថ្នាំ​បំពុល គ្រឿងផ្ទុះ និង​លូ​ស្បៃមុង​។

លោក​ថ្លែងថា​៖ «​ការប្រើប្រាស់​ឧបករណ៍​ទាំងនេះ​មិន​គ្រាន់​តែ​ប្រឈមមុខ​នឹង​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ ព្រមទាំង​ធ្វើឱ្យ​ធនធាន​ត្រី​ធម្មជាតិ​ត្រូវ​រងគ្រោះ​បាត់បង់​ពូជ​ផងដែរ​»​។

លោក​លើកឡើងថា ដើម្បី​ធានា​ដល់​និរន្តរភាព​ធនធាន​មច្ឆជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​លោក​បាន​ចុះ​ត្រួតពិនិត្យ​និ ង​ផ្សព្វផ្សាយ​អប់រំ​ដល់​អាជីវករ នៅតាម​ទីផ្សារ​ទូទាំង​ខេត្តក្រចេះ រៀងរាល់​ ២ ​ខែម្ដង អំពី​ច្បាប់​ស្ដីពី​ជលផល និង​អំពាវនាវ​ឱ្យ​ក្រុម​អាជីករ​ចូលរួម​ទាំងអស់គ្នា​លុប​បំបាត់ ការលក់ដូរ​ឧបករណ៍​នេសាទ ដែល​ច្បាប់​បាន​ហាម​ឃាត់ ដូចជា​បញ្ឈប់​ការលក់​គ្រឿង​ផ្គុំ​អគ្គិសនី​កែច្នៃ​សម្រាប់​ឆក់​ត្រី លប​កន្ទុយ​១០០ លូ​ស្បៃ​-​មុង និង​បរ​ណ​រាវ​។ បើតាម​លោក ពន្លក ក្នុង​រយៈពេល​ពេញ​ ១​ ឆ្នាំ ២០២១ ​កន្លងទៅនេះ ក្រុមមន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តក្រចេះ បានរួម​សហការ​ជាមួយ​កម្លាំង​បញ្ជាការ​ឯកភាព​ខេត្ត និង ប្រជា​សហគមន៍​នេសាទ ស្រុក-ក្រុង​នៅ​ទូទាំង​ខេត្ត ចុះ​ល្បាត​ស្រាវជ្រាវ និង​បង្ក្រាប បទល្មើស​នៅតាម​បឹង ស្ទឹង ព្រែក ដែលជា​ដៃទន្លេ​មេគង្គ​បាន​ចំនួន​ ២៤៩​ ករណី ដោយបាន​ដកហូត និង​បំផ្លាញចោល​នូវ​វត្ថុតាង​មួយចំនួន​រួមមាន ឧបករណ៍​របាំង​ស្បៃ​មុង និង​សាច់​អួន​ក្រឡា​ញឹក​ចំនួន​ ៤៩១​ ខ្សែ​មាន​ប្រវែង​សរុប​ចំនួន​ ៤២ ២៦០ ​ម៉ែត្រ លូស្បៃមុង និង​អួន​ក្រឡា​ញឹក​ចំនួន​ ៣០៨​ មាត់ [​គ្រឿង​] លប​កន្ទុយ​កណ្តុរ ឬ​លប​ប្រើស​ ១០០ ​ចំនួន​ ៩៩​ ខ្សែ មាន​ប្រវេង​សរុប ៥ ២៧០ ​ម៉ែត្រ បង្គោល​ឫស្សីឃ្លៃ ចំនួន​ ៤ ១១៦ ​ដើម និង​ដោះលែង​កូន​ត្រី ចំនួន​ ៣១៥ ​គីឡូក្រាម​។ ក្រៅពីនេះ បាន​ដកហូត​វត្ថុតាង​នូវ​ទូក និង​កាណូត​សុប ២ ​គ្រឿង ទុកជា​សម្បត្តិ​រដ្ឋ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ១ ​ករណី​ទៅ​តុលាការ​។

ដោយឡែក ការល្បាត​បង្ក្រាប​បទល្មើស​ក្នុង​តំបន់​ដែន​អភិរក្ស​មេត្រី​ពូជ និង​អន្លង់​ផ្សោត បាន​ចំនួន​ ៤៥៤ ​ករណី រឹបអូស​វត្ថុតាង មង​ក្រឡា​ ៩-១៦​ សង់ទីម៉ែត្រ ចំនួន​ ៧៩២​ ត្បូង មាន​ប្រវែង​សរុប ចំនួន ៧០ ៤៧៦​ ម៉ែត្រ អាគុយ​ ១០ ​គ្រឿង អាំងឌុចទ័រ ៩ ​គ្រឿង ​និង​ដង​ឆក់​ដែល​ភ្ជាប់​ខ្សែ​ឆក់​ចំនួន​ ៧ ​គូ ព្រមទាំង​ឃាត់ខ្លួន​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​ការនេសាទ​ក្នុង​តំបន់ហាមឃាត់​សរុប ៩៨ ​នាក់ ក្នុងនោះ​ ១៨ ​នាក់ ត្រូវបាន​ផាកពិន័យ​អន្តរកាល និង ២ ​នាក់​ទៀត ដែល​បាន​ប្រើ​ឧបករណ៍​ឆក់​ក្នុង​ដែន​ជម្រក​ត្រី​មេ​ពូជ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕