ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី​ ៥​មករា ឆ្នាំ​ ២០២២ បានប្រកាស​សាលដីកា​តម្កល់​ទោស​ស្ត្រី​ជនជាតិ​វេណេស៊ុយអេឡា​ម្នាក់​ឱ្យ​ជាប់ពន្ធនាគារ​ ៣០ ​ឆ្នាំ​ដូច​ការសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ដដែល ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ជាង​ ១​ គីឡូក្រាម បន្ទាប់ពី​បើក​សវនាការ​ពី​ថ្ងៃទី​ ២៩ ​ធ្នូ ឆ្នាំ​ ២០២១ កន្លងមក​។

លោក​ចៅក្រម សឹង បញ្ញាវុឌ្ឍ បាន​អាន​សាលដីកា​នៅ​ចំពោះមុខ​ស្ត្រី​ជាប់ចោទ​ថា​ស្ត្រី​ឈ្មោះ អូបេ អាល់ ហ្វារ៉េស អាយុ ២៨ ​ឆ្នាំ ជា​ជនជាតិ​វេណេស៊ុយអេឡា ​ត្រូវបាន​តុលាការ​ចោទ​ពី​បទ​ជួញដូរ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ​ស្ត្រី​ជាប់ចោទ​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​ ៣០ ​ឆ្នាំ​។

លោក​បន្តថា ក្រោយពី​បាន​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២៩ ធ្នូ និង​ក្រោយពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ពិភាក្សា​មក​យល់ឃើញ​ថា​៖ «​ការសម្រេច​សេចក្តី​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​។ ហេតុដូច្នេះ​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ទុកជាបានការ​ដដែល​ និង​សម្រេច​ឃុំខ្លួន​ស្ត្រី​ជាប់ចោទ​ក្នុង​ពន្ធនាគារ​បន្តទៀត​»​។

គួររំឭកថា កាលពីពេល​ជំនុំជម្រះ​នៅ​ថ្ងៃទី​ ២៩ ធ្នូ ឆ្នាំ​ ២០២១ ស្ត្រី​ជាប់ចោទ និយាយប្រាប់​ចៅក្រម​ថា នាង​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ប្រទេស ប្រេស៊ីល​មក​ប្រទេស​កម្ពុជា​។ ក្នុង​ការធ្វើ​ដំណើរ​នោះ អីវ៉ាន់​របស់​នាង​ត្រូវបាន​គេ​បែងចែក​ដាក់​ដោយឡែក ហើយ​យន្តហោះ​ដែល​នាង​ជិះ​បាន​មកដល់ ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ១២ ខែកញ្ញា ឆ្នាំ ២០១៦ ចំណែក​អីវ៉ាន់​របស់​នាង​មក​តាម​ក្រោយ​។

ស្ត្រី​ជាប់ចោទ​រូបនេះ​បាន​បន្តថា នៅ​ថ្ងៃ​ដដែល​នោះ បន្ទាប់ពី​ចុះ​ពីលើ​យន្តហោះ នាង​ត្រូវបាន​បុរស​បរទេស​ម្នាក់ ចាត់ចែង​ឱ្យទៅ​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិនបាន​នៅចាំ​យក​វ៉ាលីស​អីវ៉ាន់​ទេ​។ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏ត្រូវ​នគរបាល​កម្ពុជា​តាម​ចាប់​នាង​ដល់​សណ្ឋាគារ​តែម្តង​។

បើតាម​អង្គហេតុ បន្ទាប់ពី​ស្ត្រី​រូបនេះ​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃស​មួយរយៈ ក៏​ត្រូវបាន​សាលាដំបូង​រាជធានី-ភ្នំពេញ​បើកសវនាការ និង​ប្រកាស សាលក្រម​នៅ​ថ្ងៃទី​ ១២ មិថុនា ឆ្នាំ​ ២០១៨ ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយៈពេល​ ៣០ ​ឆ្នាំ ដោយ​ចោទ​ពី​បទ​ជួញដូរ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ពិន័យ​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​ ៥០ ​លាន​រៀល​។ ក៏​​ប៉ុន្តែ​ដោយ​មិន​សុខ​ចិត្តនឹង​សាលក្រម​នេះ ស្ត្រី​ជាប់ចោទ​បាន​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ភ្នំពេញ​ទៀត ហើយ​ត្រូវបាន​សាលាឧទ្ធរណ៍​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​ ១៤ មករា ឆ្នាំ​ ២០២១ រួច​សម្រេច​តម្កល់​ទោស​ ៣០ ​ឆ្នាំ​តាម​អំណាច​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល ទើប​មានការ​ប្ដឹង​បន្ត​មក​តុលាការ​កំពូល​ទៀត​៕