ភ្នំពេញៈ ក្នុង​ឆ្នាំ ២០២១ អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​របស់​ខេត្ត​ព្រះសីហនុ ​បានផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ជាង​ ១ ម៉ឺន​ ២ ពាន់​ករណី ​ដែល​ការផ្តល់​សេវា​នេះ ​ធ្វើ​ឡើង​តាមរយៈ​ការស្នើសុំ​មកកាន់​អង្គភាព​នេះ លើ​វិស័យ​ចំនួន ១៤។

លោក​ឡុង ឌី​ម៉ង់ ​អភិបាលរង​ខេត្ត​ព្រះសីហនុ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី៦ ​មករា​ថា ​អង្គភាព​ច្រកចេញចូល​តែ​មួយរបស់​ខេត្ត​ គឺមាន​តែ​មួយគត់ ​ដែល​មាន​ទីតាំងនៅ​សាលា​ខេត្ត​ព្រះសីហនុ។ មាន​ការបម្រើ​សេវា​ដល់ប្រជា​ពលរដ្ឋទូទាំង​ខេត្ត​ចំនួន​១៤វិស័យ។ លោក​បញ្ជាក់ថា ​ក្នុង​ឆ្នាំ២០២១​កន្លង​មកនេះ ​អង្គភាព​ច្រក​ចេញចូល​តែមួយ ​បាន​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​តាមរយៈ​អង្គភាព​នេះ ​បាន​ចំនួន​១២ ៣៨០ករណី ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ ​បានមក​ស្នើសុំ​សេវា​ទាំង​នេះ។

លោក​ថ្លែងថា​៖«និយាយ​អំពី​អង្គភាព​ច្រកចេញចូល​តែមួយ​នេះ បើ​ក្នុង​អំឡុង​ខែ៣ ​ដល់​ ខែ៥ ​ឆ្នាំ២០២១​ ក្រោយពី​មាន​ព្រឹត្ត​ការណ៍ ​២០ ​កុម្ភៈ​ មក ​គឺ​មាន​ការថយចុះ​នូវ​ការស្នើសុំ ​ព្រោះ​ប្រជាពលរដ្ឋ ​អត់​មក​ទទួល​យក​សេវា។ មាន​ន័យថា​ ការងារ​ប្រកប​អាជីវកម្ម​មួយចំនួន ​មាន​ការផ្អាក ​មាន​កាត់បន្ថយ ​មានការលើក​ពេល​អ៊ីចឹង​ទៅ ​ដែល​ធ្វើ​ឱ្យ​ការផ្តល់​សេវា​ មាន​តិច»។

ទោះ​យ៉ាង​ណា ​លោក​បន្ថែមថា​៖«ប៉ុន្តែ​យើង​សង្កេត​ឃើញថា ​ចាប់ពី​ខែ៧ ​មក​(ឆ្នាំ២០២១) ​គឺ​មាន​អ្នក​មក​ស្នើសុំ​សេវា​កាន់តែ​ច្រើន​វិញ។ អ៊ីចឹ​ង​ឃើញថា ​ស្ថាប័ន​នេះ ​គឺជា​អង្គភាព ​ដែល​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ ​ហើយ​យើង​ប្រឹងប្រែង​ក្នុង​ការផ្សព្វ​ផ្សាយ ​ដើម្បី​ឱ្យ​គាត់មក​ទទួល ​និង​ដាក់ពាក្យ​ស្នើសុំ​នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​របស់​ស្ថាប័ន​នេះ»។

បើ​តាម​លោក​ឡុង ឌី​ម៉ង់ ​ដើម្បី​ជំរុញ​ឱ្យ​អង្គភាព​នេះកាន់​តែមាន​ប្រសិទ្ធភាព ​រដ្ឋបាល​ខេត្ត​ក៏បាន​បង្កើត​ក្រុមការងារ ​ដើម្បី​ត្រួត​ពិនិត្យ ​និង​ស្រង់​ស្ថិតិ​មូលដ្ឋាន​របស់​អាជីវក​ម្ម​ទាំងអស់​នៅក្នុង​ខេត្ត ខណៈ​ក្រុម​ការងារ​នេះ ក៏បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន ​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ពី​ការផ្តល់​សេវា​នៅតាម​អង្គភាព​ច្រក​ចេញចូល​តែមួយ​នេះ​ផង​ដែរ។

សូម​ជម្រាបថា ​កាលពី​ឆ្នាំ២០១៧ ​ក្រសួង​មហាផ្ទៃ ​បានសម្រេច​បង្កើត​អង្គភាព​ច្រកចេញចូល​តែមួយ ​នៅតាម​បណ្តា​រាជធានី​-ខេត្ត។ ​ការបង្កើត​នេះ​ មាន​គោលដៅ​ក្នុងការ​ប្រមូលផ្តុំ​ការផ្តល់​សេវា​រដ្ឋបាល​នៅ​កន្លែង​តែមួយ​ប្រកប​ដោយ​គុណ​ភាព ​ប្រសិទ្ធភាព ​តម្លាភាព ​និង​គណនេយ្យ​ភាព ​ស្រប​តាម​ការស្នើសុំ ​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ៕