
តុលាការកំពូលបើកសវនាការជម្រះក្ដីអតីតប៉េអឹមម្នាក់បាញ់មនុស្សស្លាប់ នៅហាងម៉ាត ១ រាជធានីភ្នំពេញ។ រូបថត គឹម សារុំ
ភ្នំពេញៈ តុលាការកំពូលនៅថ្ងៃទី ៥ មករា បានបើកសវនាការជំនុំជម្រះអតីតមន្ត្រីប៉េអឹមខណ្ឌដូនពេញម្នាក់ករណីបាញ់ប្អូនប្រុសជីដូនមួយរបស់តារាសម្តែងនាង ខៀវ សុខារ៉ាវី ស្លាប់នៅក្នុងហាងម៉ាតមួយកន្លែងក្នុងភូមិសាស្ត្រខណ្ឌដូនពេញកាលពីឆ្នាំ ២០១៦។
ក្នុងបន្ទប់សវនាការនៅថ្ងៃទី ៥ មករា ដែលមានលោកចៅក្រមជីវ កេង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនោះ បុរសជាប់ចោទឈ្មោះ ផុន ភក្តី អាយុ ៣២ ឆ្នាំបាននិយាយប្រាប់ចៅក្រមថាគាត់ជាអតីតមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ។ ចំពោះការប្តឹងសារទុក្ខមកតុលាការកំពូលនេះគឺគាត់ចង់ឱ្យតុលាការកំពូលបន្ថយទោសខ្លះដល់រូបគាត់។ ជនជាប់ចោទថា៖ «ខ្ញុំប្តឹងមកតុលាការកំពូលពេលនេះគ្មានបំណងតវ៉ាពាក់ព័ន្ធនឹងដំណើររឿងអ្វីទេ ប៉ុន្តែគ្រាន់តែសំណូមពរដល់តុលាការកំពូលជួយសម្រាលទោសដល់រូបខ្ញុំខ្លះតែប៉ុណ្ណោះ។ ខ្ញុំទទួលស្គាល់នូវអំពើប្រព្រឹត្តរបស់ខ្ញុំហើយ»។
តាមអង្គហេតុរបស់តុលាការកំពូលបង្ហាញថា កាលពីវេលាម៉ោងប្រមាណជាង ៩ យប់ថ្ងៃទី ១៣ សីហា ឆ្នាំ ២០១៦ ជនជាប់ចោទបានឈ្លោះគ្នាជាមួយក្រុមជនរងគ្រោះដែលមានគ្នាពី ៥ ទៅ ៦ នាក់ក្នុងហាងម៉ាតមួយកន្លែងនៅក្បែរផ្សាររាត្រី ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ជនសង្ស័យបានបាញ់ជនរងគ្រោះឈ្មោះ សឺន ចាន់ដារ័ត្ន ភេទ ប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវជាប្អូនប្រុសជីដូនមួយរបស់អតីតតារាសម្តែងនាង ខៀវ សុខារ៉ាវី ស្លាប់។ សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ និងប្រកាសសាលក្រមនៅថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៧ ផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ៧ ឆ្នាំ ប៉ុន្តែជនជាប់ចោទមិនសុខចិត្តនឹងទណ្ឌកម្មទោសបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ភ្នំពេញហើយឧទ្ធរណ៍បានបើកសវនាការ និងប្រកាសសាលដីកានៅថ្ងៃទី ១៦ មីនា ឆ្នាំ ២០២១ តម្កល់ទោស ៧ ឆ្នាំដដែល។ ដោយមិនសុខចិត្តនឹងទណ្ឌកម្មទណ្ឌនេះជនជាប់ចោទបានប្តឹងសារទុក្ខមកតុលាការកំពូលបន្តទៀត។
លោក អ៊ុក គឹមសិទ្ធិ តំណាងមហាអយ្យការបានធ្វើសេចក្តីសន្និដ្ឋានថា ជនជាប់ចោទបានឆ្លើយសារភាពទទួលខុសតាំងពីនៅតុលាការថ្នាក់ក្រោម។ ចំពោះលោកមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទវិញថា កូនក្តីរបស់លោកបាញ់ជនរងគ្រោះស្លាប់ដោយអចេតនា ប៉ុន្តែជនជាប់ចោទក៏មិនត្រូវប្រើប្រាស់កាំភ្លើងក្នុងហ្វូងមនុស្សដែរ។
ក្រោយប្រើពេលជំនុំជម្រះជិត ១ ម៉ោងមកលោក ជីវ កេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងក្នុងអង្គសវនាការថា សាលដីការឿងនេះប្រកាសនៅថ្ងៃទី ១២ មករា។
លោក លី ឆេង ជាមេធាវី ការពារសិទ្ធិឱ្យជនជាប់ចោទបានស្នើដល់ក្រុមប្រឹក្សាជំនុំជម្រះមេត្តាពិចារណាបន្ថយទោសដល់កូនក្តីលោកផង៕