សៀមរាបៈ អាជ្ញាធរខេត្ត​សៀមរាប​បាន​បើក​យុទ្ធនាការ​សម្អាត​បរិស្ថាន ក្រោយ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដើម្បី​បង្កើន​សោភណភាព​ទីក្រុង និង​លើកកម្ពស់​ការយល់ដឹង​បន្ថែម​ដល់​សាធារណជន​ឱ្យ​ចូលរួម​ថែរក្សា​អនាម័យ​ ​និង​ការរស់នៅ​ស្អាត​។

នៅក្នុង​ពិធី​បើក​យុទ្ធនាការ​សម្អាត​បរិស្ថាន​ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត បរិស្ថាន​ល្អ សុខភាព​ល្អ​” ក្រោយ​ឆ្លង​ឆ្នាំ​សកល កាលពី​ថ្ងៃទី​ ៣ ខែមករា លោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែងថា​​យុទ្ធនាការ​សម្អាត​អនាម័យ​​ និង​បរិស្ថាន​នាពេលនេះ​មាន​សារៈសំខាន់​ណាស់​ដែល​ធ្វើឱ្យ​ក្រុង​សៀមរាប​ក្លាយជា​ទីក្រុង​គ្របដណ្តប់​ដោយ​បរិស្ថាន​ស្អាត មាន​បរិយាកាស​ល្អ រុក្ខជាតិ​ខៀវខ្ចី​ និង​ផ្កា​ចម្រុះ​ពណ៌​។

លោក​បាន​បន្តថា យុទ្ធនាការ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការង្កើន​ការយល់ដឹង​បន្ថែម​អំពី​អនាម័យ​បរិស្ថាន​ដល់​សាធារណជន​ក្នុង​គោលបំណង​បង្កើន​បរិស្ថាន​ស្អាត​ក្នុងការ​រស់នៅ​របស់​ពលរដ្ឋ​ប្រកបដោយ​អនាម័យ​ល្អ​ដែល​នាំមក​នូវ​សុខភាព​ល្អ​ផងដែរ​។

លោក​ថា​៖ «​ដូចនេះ​ការរៀបចំ​យុទ្ធនាការ​នាពេលនេះ គឺជា​កម្លាំងចលករ​មួយ​ដ៏សំខាន់​​ដើម្បី​ជំរុញ​ចលនា​កម្លាំង​គ្រប់​ស្រទាប់វណ្ណៈ​ឱ្យចូល​រួម​ធ្វើ​អនាម័យ​ក៏ដូចជា បំផុស​ចលនា​​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​​តាម​លំនៅឋាន​រៀងៗ​ខ្លួន​និង​ទីសាធារណៈ​ដោយ​ទុកដាក់​សំរាម​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​ប្រកប​ដោយ​ផាសុកភាព​។

ដើម្បី​ចូលរួមចំណែក​ក្នុង​យុទ្ធនាការ​សម្អាត​អនាម័យ​បរិស្ថាន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​លោក ង៉ាន់ ភិ​រុណ បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ត្រូវ​ចូលរួម​​អនុវត្ត​ឱ្យបាន​ផុសផុល សំដៅ​ឆ្ពោះទៅកាន់​ទីក្រុង​ដែលមាន​អនាម័យ​បរិស្ថាន​ស្អាត និង​ភូមិឋាន​គ្មាន​សំរាម​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​ឥរិយាបថ និង​អាកប្បកិរិយា​មនុស្ស ក្នុងការ​ប្រើប្រាស់​ផលិតផល​ធ្វើ​ពី​ប្លាស្ទិក គឺជា​រឿង​ចាំបាច់​​បំផុត ព្រោះ​ការបំពុល​ដោយ​​ប្លាស្ទិក​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ ជាពិសេស​សំណល់​ប្លាស្ទិក​ទាំងនេះ​​កំពុង​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ភពផែនដី​របស់​យើង​។

លោក​បាន​ថ្លែងថា​៖ «​យើង​ទាំងអស់​គ្នា​មាន​តួនាទី​ចូលរួមចំណែក​ការពារ​បរិស្ថាន និង​រួមគ្នា​ចោល​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ដោយ​រៀបចំ​ទុកដាក់​សំរាម​ និង​ចោល​សំរាម​ឱ្យ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​អាជ្ញាធរ​​មាន​សមត្ថកិច្ច​ដែល​រៀបចំ​ជូន​»​។

អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប​លោក លីវ សុខុន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា យុទ្ធនាការ​នេះ ដើម្បី​បំផុសស្មារតី​បន្ថែម​ដល់​សាធារណជន​ឱ្យមាន​ការចូលរួម​ទុកដាក់​សំរាម​ត្រឹមត្រូវ​។

លោក​ថា​៖ «​បន្ទាប់ពី​ឆ្លង​ឆ្នាំ​សកល​កាក​សំរាម​ផ្សេងៗ​តែងតែ​នៅសល់​ច្រើន ហើយ​ខេត្ត​តែងតែ​រៀបចំ​សម្អាត​អានាម័យ​ជានិច្ច ក្រោយពី​ព្រឹត្តិការណ៍​​បុណ្យ​ធំៗ តាមពិត​មាន​ក្រុមហ៊ុន​គេ​ធ្វើ​អនាម័យ​ហើយ ​ប៉ុន្តែ​យើង​ធ្វើ​នេះ​គឺជា​ការពង្រឹង​ចលនា​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​​បានឃើញ និង​ចូលរួម​យកចិត្ត​ទុកដាក់​ទៅលើ​បរិស្ថាន ព្រោះ​សៀមរាប គឺជា​ខេត្ត​មួយ​ដែលជា​ទីក្រុង​វប្បធម៌ និង​ទេសចរណ៍​»​។

លោក ហួ ឆៃងន់ ស្ថាបនិក​ក្រៀល​កម្ពុជា​ដែល​ធ្វើ​ការពាក់ព័ន្ធ​បរិស្ថាន​បាន​គាំទ្រ​ចំពោះ​យុទ្ធនាការ​នេះ ហើយ​បាន​ចាត់​ទុក​ថា ជា​គំរូ​មួយ​សម្រាប់​ថ្នាក់​ខេត្ត​ផ្សេងៗ​យកចិត្តទុកដាក់​លើ​បរិស្ថាន​។ ​ជាមួយ​គ្នានេះ​​ដែរ​លោក​ជំរុញ​ថ្នាក់​ខេត្ត​សៀមរាប​បង្កើន​ការយល់ដឹង​បន្ថែម​​ទៀត​ក្នុងការ​ទុកដាក់​សំរាម មុនពេល​ព្រឹត្តិការណ៍​ធំៗ​មកដល់ ដើម្បី​បញ្ចៀស​ការ​ទុកដាក់​​សំរាម​គ្មាន​សណ្តាប់ធ្នាប់​។

លោក​ថា​៖ «​ជារួម​ឱ្យតែ​ធ្វើ​ការងារ​លើ​បរិស្ថាន​យើងខ្ញុំ​គាំទ្រ​​ទាំងអស់​ហើយ​រឿង​ធំជាងគេ​ក្នុងការ​ដោះស្រាយ​បរិស្ថាន​គឺ​ចេញពី​ការអប់រំ​ពលរដ្ឋ និង​​ការរៀបចំ​សេនារីយោ​ក្នុង​ការគ្រប់គ្រង​សំរាម​មុនពេល​មានកម្ម​វិធី​ធំៗ​មកដល់​»​។

ជាមួយ​គ្នានេះដែរ សម្រាប់​ក្រុមការងារ​របស់លោក​នឹង​​បន្តសកម្មភាព​អប់រំ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​នៅ​ឆ្នាំ​ ២០២២ ជាពិសេស​យុវជន​ដែលជា​ទំពាំង​ស្នងឫស្សី​។

លោក​ថា​៖ «​នៅ​ថ្ងៃទី ​១៤ កុម្ភៈ​​ខាងមុខនេះ​យើង​នឹង​រៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន​ដោយ​កៀរគរ​យុវជន​មក​ចូលរួម​ដែល​​ក្នុងនោះ​យើង​ត្រៀម​មនុស្ស​​ចូលរួម​សម្អាត​ប្រមាណ​ជា​ ២០០ ទៅ​ ៥០០​ នាក់ ដើម្បី​​សម្អាត​សំរាម​ចំនួន​ ៥ ​ទីតាំង​​នៅ​រាជធានី​ភ្នំពេញ​»​។

យោងតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​​បានឱ្យដឹងថា ស្ថានភាព​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​នៅក្នុង​រមណីយដ្ឋាន​នានា ក្នុង​ខេត្តសៀមរាប​នាឱកាស​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​​សកល ២០២១ ឈានចូល​ឆ្នាំ​ ២០២២ ​មាន​ចំនួន​ប្រមាណ​ ១៨៩ ៤៣៦ ​នាក់​។ ក្នុងនោះ ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​ ១៨៩ ០០០​ នាក់ និង​ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ៤៣៦​ នាក់​៕