ភ្នំពេញៈ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិ​បញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​ឃាត់ខ្លួន​មនុស្ស​២នាក់ ​និង​រឹបអូស​ជាបណ្ដោះ​អាសន្ន​នូវ​សម្ភារ​វត្ថុតាង​ជាច្រើន ​ដែលមាន​ការពាក់ព័ន្ធ​នឹង​ការផលិត​ វេច​ខ្ចប់​ ចែកចាយ​បារី​ម៉ាក ​JET​ និង​ 555 ​ក្លែងក្លាយ ​មួយចំនួន​ធំ ​ក្នុង​ឃ្លាំង​នៃ​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន​ Hong Inter​na​tional Co.; Ltd ​មាន​ទីតាំង​នៅ​ភូមិ​ទ្រុង​មាន់ ​សង្កាត់​អូរ​បែកក្អម ​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ។​

លោក​ ឡុង ស្រេង ​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នា​ថ្ងៃទី៦ ​មករា ​ថា ​ប្រតិ​បត្តិការ​នេះ​បានធ្វើ​ឡើង​ក្នុង​រយៈពេល​២ថ្ងៃ​ជាប់គ្នា ​[ថ្ងៃទី៣-៤ ​មករា​ ឆ្នាំ​២០២២] ​ក្រោម​ការសម្រប​សម្រួល​នីតិវិធី​ផ្នែក​ច្បាប់​ពី​តំណាង​អយ្យការ ​អម​សាលា​ដំបូង ​រាជធានី​ភ្នំពេញ។ ជនសង្ស័យ ​ដែល​ត្រូវបាន​ឃាត់ខ្លួន ​មាន​ ឈ្មោះ ​នៀ ណារិន ​អាយុ​ ៣៨ឆ្នាំ ​ជាអ្នក​បើកបរ​រថយន្ត ​និង​ស្ត្រី​ឈ្មោះ​ង៉ូវ ម៉ុក ​ជាម្ចាស់​ទីតាំង​រោងចក្រ​ផលិត​បារី​នៃ​ក្រុមហ៊ុន ​ហុង ​អន្តរជាតិ។

លោក​បញ្ជាក់​ថា​៖«បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង២​កំពុង​ត្រូវបាន​ក្រុមមន្ត្រី​នគរបាល​ជំនាញ​យើង​សាកសួរ ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ធ្វើ​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់»។

បើ​តាម​លោក​ឡុង ស្រេង ​កាលពី​ថ្ងៃទី២១ ​ខែកញ្ញា ​ឆ្នាំ​២០២០ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​បានទទួល​សេចក្ដី​រាយការណ៍​មួយ​ពី​ភ្នាក់ងារ​សម្ងាត់​ម្នាក់​ថា ​មាន​ការចរាចរ​ផលិតផល​បារី​ក្លែងក្លាយ​ជាច្រើន​ប្រភេទ​នៅ​កម្ពុជា។ ក្រោយពី​ទទួល​បាន​ដំណឹង​នេះ ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ ​បានធ្វើការ​ស្រាវជ្រាវ​តាម​អង្កេត​តាមដាន​លើ​ករណី​នេះ។ រហូត​ដល់​ថ្ងៃទី៣ ​មករា​ ឆ្នាំ​២០២២ ​នៅ​វេលា​ម៉ោង​២:៤៥​នាទី​រសៀល ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិ​បញ្ញា​នៃ​នាយដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​បានប្រទះ​ឃើញ​រថយន្ត​ HYUNDAI​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2J-5930 ​១គ្រឿង​មាន​ផ្ទុក​ផលិត​ផល​បារី​ម៉ាក ​JET ​ជាច្រើន​ប៊ិច ​កំពុង​ចត​ក្នុង​ចំណត​រថយន្ត​ដឹក​ទំនិញ​១​កន្លែង​ ក្នុង​សង្កាត់​បឹង​សាឡាង​ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ។

លោក​បានបន្តថា​៖«ដោយ​មាន​ការសង្ស័យ​ថា​ ជា​ផលិតផល​បារី​ក្លែងក្លាយ ​កម្លាំង​សមត្ថកិច្ច​យើង ​បានធ្វើការ​ត្រួតពិនិត្យ​ ផលិត​ផល​បារី​ម៉ាក​ JET​ នោះ ​ហើយ​ក៏ដឹងថា ​ពិតជា​ផលិតផល​បារី​ក្លែងក្លាយ​ប្រាកដមែន ​ទើប​សម្រេច​ស្នើសុំ​គោល​ការណ៍​ពី​អយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ​ ធ្វើ​ការឃាត់​ខ្លួន​បុរស​ជាអ្នក​បើកបរ​រថយន្ត​នោះ ​ឈ្មោះ​នៀ ណារិន ​ដើម្បី​ឱ្យ​ចូល​រួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​យើង ​ក្នុង​ការបង្ហាញ​ទីតាំង​រោងចក្រ​ផលិត​បារី​ក្លែងក្លាយ​នេះ»។

លោក​ឡុង ស្រេង ​ឱ្យដឹង​ទៀត​ថា ​លុះ​ដល់​ព្រឹក​ថ្ងៃទី៤ ​ខែមករា ​តាមរយៈ​អ្នកបើកបរ​នោះ ​កម្លាំង​សមត្ថកិច្ច​ជំនាញ ​ក្រោម​ការសម្រប​សម្រួល​ផ្នែក​ច្បាប់ ​ពី​តំណាង​អយ្យការ ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ឈាន​ដល់​ការឃាត់ខ្លួន​ស្ត្រី​ជា​ម្ចាស់​ទីតាំង​រោង​ចក្រ​ផលិត​បារី​ នៃ​ក្រុមហ៊ុន​ ហុង ​អន្តរជាតិ​ម្នាក់​ឈ្មោះ​ង៉ូវ ម៉ុក។ ចំណែក​បុរស​ឈ្មោះ​ង៉ូវ ស្រ៊ុន ​ដែលជា​នាយក​ក្រុមហ៊ុន​រោង​ចក្រ​បារី ​ហុង​អន្តរជាតិ​បានរត់​គេច​ខ្លួន។

នៅ​ក្នុង​ទីតាំង​នេះ ​សមត្ថកិច្ច​បានរក​ឃើញ​និង​ចាប់​រឹបអូស​វត្ថុតាង ​ជាសម្ភារ​សម្រាប់​បម្រើឱ្យ​ការផលិត ​វេចខ្ចប់ ​ចែកចាយ​បារី​ម៉ាក​ JET ​និង​ 555 ​ក្លែងក្លាយ​ រួមមាន​ថង់​រុំ​បារី ​ក្រដាស់​រុំ​កន្ទុយ​បារី ​កន្ទុយ​ស្នោ​បារី ​សម្បក​កញ្ចប់​បារី ​សម្បក​សុង​បារី​ សម្បក​អាលុយ​មីញ៉ូម ​និង​បារី​មូរ​រួច​មិនទាន់​វិចខ្ចប់​សរុប​ចំនួន​១០៨ ០៥៣គីឡូក្រាម។​ ផលិត​ផលបារី​ម៉ាក ​JET ​ដែល​បាន​វេចខ្ចប់​រួច​មាន​ចំនួន​២៣ ៦៤០កញ្ចប់ ​តែមប្រិ៍ ​BAT ​និង​ VN DUTY NOT PAID  ​ សរុប​ចំនួន ​៤ ៨៦៦សន្លឹក ​ម៉ាស៊ីន​វេចខ្ចប់​បារី​ចំនួន​៧គ្រឿង ​ម៉ាស៊ីន​មូរ​កន្ទុយ​បារី​ចំនួន​២គ្រឿង ​និង​រថយន្ត​១គ្រឿង ​ម៉ាក​HYUNDAI ​ពណ៌​ស ​ស្លាក​លេខ​ ភ្នំពេញ ​2J-5938 ។

ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួច ​តំណាង​អយ្យការ ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បានសម្រេច​ឱ្យ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ដក​ហូត​សម្ភារ​ខាងលើ​យកទៅ​រក្សាទុក ​ជា​បណ្ដោះអាសន្ន​នៅ​នាយដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​និង​បិទ​ប្លុំ​បេ​ទ្វារ​ឃ្លាំង ​និង​ច្រកចេញ​ចូល​ នៃ​ទីតាំង​រោងចក្រ ​ខាងលើ ​ជា​បណ្ដោះ​អាសន្ន៕