កំពង់ស្ពឺៈ បុរស​វ័យ​ចំណាស់​ម្នាក់ ​បានស្លាប់​ រីឯ​ប្រពន្ធ​រងរបួស​ស្រាល​ ដោយសារ​របូត​កង់រ​ថ​យន្ត​ប៉ើង​ទៅ​​ត្រូវ​ ពេល​រថយន្ត​កំពុង​បើកបរ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤៤ ខណៈ​ជនរងគ្រោះ ​កំពុង​អង្គុយ​នៅមុខ​ផ្ទះ ​ស្ថិត​ក្នុងភូមិ ផ្លោ​ច ឃុំ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ នៅ​វេលា​ម៉ោងជាង ១១ ថ្ងៃត្រង់​ ​ថ្ងៃទី ៥ មករា ហើយ​នៅ​យប់​ថ្ងៃ​ដដែល​នោះ​ ក៏មាន​រថយន្ត៥ គ្រឿង​​បាន​បុក​បន្ត​គ្នា បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់ ​ក្នុងស្រុក​សំរោង​ទង។

លោក តាប់ លន ស្នងការរង​ទទួល​ផែន​នគរបាល​ចរាចរ​ណ៍ ខេត្ត កំពង់ស្ពឺ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី៦ មករា ថា បុរសរងគ្រោះ​​ដែល​ស្លាប់​ឈ្មោះ សុខ សឿន អាយុ ៧៩ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អិន អឿន អាយុ ៦៥ឆ្នាំ​ រងរបួស​ស្រាល រស់នៅ​ក្នុងភូមិ ផ្លោ​ច ឃុំ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ។

លោក​បន្តថា៖«រឿងនេះ​ជនបង្កដែលបើករថយន្តរបូតកង់​ បាន​បើករថយន្ត​រត់​ពី​កន្លែងកើតហេតុ​ ហើយ​ចត​រថយន្ត​ទុកចោល​ និង​គេចខ្លួនបាត់។ ឥឡូវ​យើង​បាន​យក​រថយន្ត​មក​រក្សាទុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី»។

លោក​រំឭក​តាម​សម្តី​សាក្សី​ថា កាលពី​វេលា​ម៉ោងជាង១១ថ្ងៃត្រង់ទី៥ មករា ឆ្នាំ ២០២២ មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​​​មួយ​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ១គ្រឿង​ ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-1259 ដឹក​ដើម​អំពៅ។

ពេល​កំពុង​បើកបរ​នោះ ​ស្រាប់តែ​របូត​កង់​ក្រោយ១គូ​ ហើយ​កង់​រថយន្ត​នោះ បាន​ប៉ើង​​ទៅបុក​បុរសរងគ្រោះ​ឈ្មោះ​​សុខ សឿន បណ្តាលឱ្យ​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​ប្រពន្ធ​របស់គាត់ ​រងរបួស​ស្រាល​ខណៈ​ពួកគេ​កំពុង​អង្គុយលេង​នៅមុខ​ផ្ទះ។

លោក​បន្តទៀតថា ពេល​កើតហេតុភ្លាមៗ គេ​ឃើញ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ ហើយ​​បន្ទាប់​ពី​រថ​យន្ត​​របូត​កង់​បណ្តាល​​ឱ្យ​​ប៉ើង​​ទៅ​ត្រូវ​ចំមនុស្ស​ស្លាប់ អ្នកបើក​បរបាន​ចត​រថយន្ត​ចោល​គេចខ្លួនបាត់។

ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​នគរបាល​ចរាច​រណ៍​ស្រុក​ឱ​រ៉ា​ល់​ បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ចាត់ការ​តាមផ្លូវ​ច្បាប់។

ដោយឡែក កាលពី​វេលា​ម៉ោងជាង១០យប់​ថ្ងៃទី៥ មករា ក៏មាន​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​ករណី​ទៀត​ដែរ​ ដែល​បង្កឡើង​ដោយ​រថយន្ត​ស៊ាំ​យ៉ុង១គ្រឿង ​បុក​ជាមួយ​រថយន្ត​ហាយ​ឡែ​ន​ឌឺ​ បណ្តាលឱ្យ​អ្នកបើករថយន្ត​ហាយ​ឡែ​ន​​ឌឺ​​រង​របួសធ្ងន់​ ដោយ​រថយន្ត​ទាំង​២នេះ ​បើក​បញ្ច្រាសទិស​គ្នា​ ដែល​ស្ថិតនៅ​ភូមិ ចំបក់ ឃុំ​វល្លិ​សរ ស្រុក សំរោង​​ទង ខេត្តកំពង់ស្ពឺ។

ភ្លាមៗនោះ ​ក៏មាន​រថយន្ត៣គ្រឿង​ទៀត​ បាន​ទៅបុក​បន្តកន្ទុយ​គ្នា​បន្ថែមទៀត ប៉ុន្តែ​គ្មាន​មនុស្ស​របួស​ទេ។

​លោក ស្នងការរង ​តាប់ លន​​បញ្ជាក់​ថា៖«ករណីនេះ​ ខាង​ភាគី​រថយន្ត​ស៊ាំយ៉ុង​ រត់គេចខ្លួន​បាត់​​ ហើយ​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន។ ទន្ទឹមនឹង​នេះដែរ​ យើង​ក៏​រងចាំ​ភាគី​រងគ្រោះ​ ដើម្បី​មក​ដោះស្រាយ​ដែរ»៕