រាជរដ្ឋាភិបាល បានសម្រេច​កែសម្រួល​តួនាទី និង​ភារកិច្ច​របស់​អគ្គនាយកដ្ឋាន ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ ឬ​ហៅ​កាត់​ថា កាំកុងត្រូល និង​បាន​ប្តូរ​ឈ្មោះ​ឱ្យទៅជា អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប​» កាលពី​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០២០ តាមរយៈ​អនុក្រឹត្យ​លេខ ៣៨ ស្ដីពី​ការរៀបចំ​ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួងពាណិជ្ជកម្ម​។

គិត​មកដល់ពេលនេះ ក.ប.ប បាន​អនុវត្ត​តួនាទី​ភារកិច្ច​ថ្មី ប្រមាណ ១ ឆ្នាំ​មកហើយ​។ ទាក់ទង​នឹង​បេសកកម្ម​របស់​ស្ថាប័ន​នេះ ភ្នំពេញ​ប៉ុស្តិ៍​បានធ្វើ​បទ​សម្ភាស​ជាមួយនឹង​លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

បន្ទាប់ពី​បាន​កែសម្រួល និង​ប្តូរ​ឈ្មោះ​ថ្មី តើ ក.ប.ប បាន​ដើរតួនាទី​សំខាន់​អ្វីខ្លះ ជំនួស​ឱ្យ​អ្នកប្រើប្រាស់ និង​បណ្តា​ក្រុមហ៊ុន​ក្នុងប្រទេស​?

អគ្គនាយកដ្ឋាន ក.ប.ប គឺជា​ស្ថាប័ន​មួយ​ចំណុះ​ក្រោម​ក្រសួងពាណិជ្ជកម្ម​។ អគ្គនាយកដ្ឋាន ក.ប.ប បាន​ដើរតួនាទី និង​ភារកិច្ច​សំខាន់ៗ ដែល​ត្រូវ​បានកំណត់​យ៉ាងច្បាស់​ដូច​ឈ្មោះ​ថ្មី​របស់​អង្គភាព​នេះ ដោយ​ផ្តោតលើ​ការការពារ​អ្នកប្រើប្រាស់ តាមរយៈ​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង​។ ការងារ​ទាំងនេះ គឺ​ធានា​ឱ្យបាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ដោយ​ស្មើភាព​ក្នុង​ការធ្វើ​ធុរកិច្ច បង្ក្រាប​ការក្លែងបន្លំ តាមរយៈ​ការធានា​ឱ្យបាន​នូវ​សុវត្ថិភាព គុណភាព លើ​ផលិតផល​ទំនិញ​ និង​សេវា​។

តើ ក.ប.ប មាន​តួនាទី​អ្វីខ្លះ​?

អគ្គនាយកដ្ឋាន ក.ប.ប មាន​តួនាទី​សំខាន់ៗ​ក្នុង​ការ​ស្រាវជ្រាវ រៀបចំ​កសាង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នឹង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ​ និង​សេវា​ និង​ការពារ​អ្នកប្រើប្រាស់ និង​កិច្ចការ​ប្រកួតប្រជែង​។ បន្ថែម​ពីនេះ យើង​ក៏មាន​តួនាទី​ត្រួតពិនិត្យ​ទំនិញ​ និង​សេវា ហើយ​ក្នុង​សមត្ថកិច្ច​របស់​យើង យើង​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សមត្ថកិច្ច​ពាក់ព័ន្ធ ទប់ស្កាត់ និង​បង្ក្រាប​ការ​ក្លែងបន្លំ​ពាណិជ្ជកម្ម និង​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ ដើម្បី​ធានា​គុណភាព សុវត្ថិភាព​ និង​អនុលោមភាព​នៃ​ផលិតផល​ទំនិញ និង​សេវា​ដោយ​ធានា​ទីផ្សារ​ប្រកួតប្រជែង ជាពិសេស​នោះ គឺ​យើង នឹង​ចាត់វិធានការ​ចំពោះ​ការព្រមព្រៀង​ដែល​រឹតត្បិត រារាំង ឬ​បង្ខូច​ដល់​ការប្រកួតប្រជែង​។

ជាមួយ​គ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប ក៏​ដើរតួនាទី​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នក​ប្រើប្រាស់ គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ហាឡាល​កម្ពុជា និង​គណៈកម្មាធិការ​កូដិច​ជាតិ ព្រមទាំង​ដើរតួនាទី​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រកួតប្រជែង​កម្ពុជា​ផងដែរ នៅពេល​គណៈកម្មាធិការ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

ក្នុង​រយៈពេល​កន្លងមក​នេះ តើ ក.ប.ប សម្រេចបាន​ការងារ​ធំៗ​អ្វីខ្លះ​?

អគ្គនាយកដ្ឋាន ក.ប.ប សម្រេចបាន​សកម្មភាព​ការងារ​ធំៗ​ជាច្រើន ដូចជា យើង​បាន​ចុះ​ពិនិត្យ​ទីផ្សារ​បាន​ចំនួន ៦១៤ លើក ដកហូត​ទំនិញ​មិនមាន​ភាព​អនុលោម​ចំនួន ៣៨ តោន ៩០០ គីឡូក្រាម មក​កម្ទេចចោល​។

យើង​បាន​ស្ទាក់ចាប់​រថយន្ត​ដឹក​បង្គា​ស្រស់​មាន​ចាក់​បញ្ចូល​សារធាតុ CMC (​ចាហួយ​) ចំនួន ៧ ​តោន​ និង​ ១០០​ គីឡូក្រាម គ្រឿងក្នុង​ជ្រូក​ចំនួន ៣២០ ​គីឡូក្រាម និង​សារធាតុ​បាញ់​លើ​រុក្ខជាតិ​ធ្វើឱ្យ​ស្រស់ និង​ឆាប់​លូតលាស់ គ្មាន​ស្លាក​សញ្ញា​ត្រឹម​ត្រូវបាន​ចំនួន ៧៨ ប៊ីដុង ស្មើនឹង​ ២ ៣៤០ (​ពីពាន់

​បីរយ​សែសិប​) លីត្រ​។

យើង​បាន​ស្រាវជ្រាវ​ករណី​ពុល​ស្រា​នៅ​ខេត្តកណ្តាល ខេត្តកំពត ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ ដោយបាន​ដកយក​គំរូ​ស្រាស ស្រាថ្នាំ និង​ស្រា​ទំពាំងបាយជូរ​មក​វិភាគ​នៅ​មន្ទីរពិសោធន៍ ដើម្បី​រកសារ​ធាតុ​មេតាណុល​។ ជាមួយគ្នា​នោះ យើង​ក៏បាន​បើក​យុទ្ធនាការ យក​គំរូ​ស្រាស​ស្រា​ទំពាំងបាយជូរ និង​ស្រាថ្នាំ​នៅ​បណ្តា​ទីតាំង​ផលិត និង​លក់​ស្រា នៅ​ទូទាំងប្រទេស មក​វិភាគ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន ដើម្បី​រកសារ​ធាតុ​មេតាណុល​ផងដែរ​។

ទាក់ទង​ទៅនឹង​ការលក់​ប្រេងឥន្ធនៈ តើ ក.ប.ប បាន​រកឃើញ​អ្វីខ្លះ ?

យើង​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​កម្រិត​សន្ទស្សន៍​អុកតាន​ (Octane) ​និង​បរិមាណ​រង្វាស់​រង្វាល់ប្រេង​សាំង នៅតាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​លក់​ប្រេង​ឥន្ធនៈ​បាន​ចំនួន​ ១ ៩៨០​ ស្ថានីយ​/​ដេប៉ូ ដោយ​រកឃើញ​ដេប៉ូ​ចំនួន ៨៣៦ លក់​ប្រេង​ជូន​ប្រជាពលរដ្ឋ មិន​អនុលោម​ផ្នែក​គុណភាព បរិមាណ និង​តម្លៃ​។ ក្រៅពីនេះ​យើង​បាន​ត្រួតពិនិត្យ​គុណភាព​អាល់កុល និង​ជែល​លាងដៃ​គ្រប់​ប្រភេទ ដោយ​រកឃើញ​ និង​រឹបអូស​​កម្ទេចចោល​សារធាតុ​មេតាណុល​នៅ​​តាម​បណ្តា​ឃ្លាំង​ស្តុក តាម​ទីផ្សារ​ និង​ឱសថស្ថាន​នានា​ប្រមាណ ២០០ ០០០ (​ពីរ​រយ​ពាន់​) ​លីត្រ​។

មន្ត្រី​យើង ថែមទាំង​បាន​រកឃើញ​ និង​ដកហូត​ខោ​ទឹកនោម​ក្លែងបន្លំ​ម៉ាក ១៧ ៤០២ (​ដប់​ប្រាំ​ពីរពាន់ បួន​រយពីរ​) ​ខោ មក​រក្សាទុក​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត និង​បង្ក្រាប​បទល្មើស​រំលោភសិទ្ធិ​ផ្ដាច់មុខ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ចំនួន​ ៣ ដោយ​ដកហូត​ភេសជ្ជៈ​ចំនួន ២០៨ ៥៤៦ ដប ឬ​កំប៉ុង​។

តើ​មាន​សំណុំរឿង ត្រូវបាន​បញ្ជូនទៅ​តុលាការ​ទេ ហើយ​តើ កបប មាន​បានទទួល​ពាក្យបណ្តឹង ពី​ពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ដែរ​ទេ​?

ចំពោះ​នីតិវិធី​តាមផ្លូវ​តុលាការ​វិញ យើង​បាន​កោះអញ្ជើញ​ក្រុមហ៊ុន​ចំនួន​ ១៥ ឱ្យមក​បំភ្លឺ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការផ្សាយពាណិជ្ជកម្ម​លក់​ផលិតផល​ដែលមាន​ភ្ជាប់​រង្វាន់​តាម​ប្រព័ន្ធ​សារព័ត៌មាន​នានា ហើយ​យើង​បានទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ និង​ក្រុមហ៊ុន​ឯកជន​បាន​ចំនួន ១៩ បណ្ដឹង ដែល​ក្នុងនោះ​មាន​ ១៤ បណ្ដឹង​កំពុង​ដោះស្រាយ ៣ ​ពាក្យបណ្ដឹង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ និង​ ២ ​ពាក្យបណ្ដឹង ត្រូវបាន​សម្របសម្រួល​បញ្ចប់​ក្រៅ​ប្រព័ន្ធតុលាការ​។

តើ​មាន​បទល្មើស​ប៉ុន្មាន​ករណី​ដែល កបប បាន​រកឃើញ ?

មន្ត្រី​យើង​ទូទាំងប្រទេស បាន​រកឃើញ​បទល្មើស​ចំនួន ៧៥៩ ករណី ដោយបាន​អនុវត្ត​វិធានការ​ពិន័យ​អន្តរការណ៍​ទៅតាម​ប្រភេទ និង​ទំហំ​នៃ​បទល្មើស​នីមួយៗ និង​បទល្មើស​ចំនួន​ ៧ ត្រូវបាន​កសាង​សំណុំរឿង​​បញ្ជូនទៅ​តុលាការ និង​វិភាគ​គុណភាព​ទំនិញ​បាន​ចំនួន ២ ៤៨៤ រកឃើញ​គំរូ​ចំនួន ៤០១ មិន​អនុលោម​នឹង​បញ្ញត្តិ​បច្ចេកទេស​។

តើ​លោក​អាច​វាយតម្លៃ​បែបណា ចំពោះ​សកម្មភាព​ការងារ​របស់ ក.ប.ប ជាពិសេស​មន្ត្រី​របស់ ក.ប.ប ដែល​បាន​ចូលរួម​បំពេញការងារ​ក្នុងពេល​កន្លងមកនេះ​?

ក្នុង​រយៈពេល ១ ​ឆ្នាំ​មកនេះ មន្ត្រី​របស់​អគ្គនាយកដ្ឋាន ក.ប.ប មាន​ការ​លះបង់​ខ្ពស់ ទាំង​កម្លាំងកាយ​ និង​កម្លាំងចិត្ត ក្នុងការ​អនុវត្ត​តួនាទី ​និង​ភារកិច្ច​របស់ខ្លួន ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់ ​និង​វិជ្ជាជីវៈ​។

ការបំពេញ​ការងារ​របស់​មន្ត្រី​យើង គឺមាន​គោលការណ៍ ផែនការ និង​ការចង្អុលបង្ហាញ​ច្បាស់លាស់ ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការថែរក្សា និង​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។

មន្ត្រី​យើង ក៏មាន​កិច្ចសហការ​បានល្អ​ប្រសើរ​ជាមួយ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​បាន​ដើរតួ​យ៉ាងសំខាន់​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការលុបបំបាត់​ការលក់​អាល់កុល​សម្លាប់​មេរោគ​ក្លែងក្លាយ​ចេញពី​ទីផ្សារ​ និង​តាមដាន​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ ដើម្បី​ចៀសវាង​នូវ​ការដំឡើង​​ថ្លៃទំនិញ​ហួសហេតុ​ណាមួយ​។

តើ ក.ប.ប បាន​ជួបប្រទះ​នូវ​ឧបសគ្គ និង​កង្វះខាត​អ្វីខ្លះ និង​ទាមទារ​ឱ្យមាន​ការពង្រឹង​បន្ថែម​យ៉ាងដូចម្តេច​?

កន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប បាន​ជួបប្រទះ​នូវ​ឧបសគ្គ និង​កង្វះខាត​មួយចំនួន ដូចជា កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នៅមានកម្រិត ជាពិសេស​នោះ គឺ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​សុវត្ថិភាព​ម្ហូបអាហារ និង​កិច្ចការពារ​អ្នកប្រើប្រាស់​តែម្តង ដែលនាំឱ្យ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​ច្បាប់​ និង​បទប្បញ្ញត្តិ​ជា​ធរមាន មិនទាន់បាន​ល្អប្រសើរ​។

ចំពោះ​សមត្ថភាព​វិភាគ​របស់​មន្ទីរពិសោធន៍​របស់​យើង ក៏​នៅមាន​កម្រិត​ និង​កំពុងស្ថិត​ក្នុងស្ថានភាព​រៀបចំ​ឱ្យមាន​លក្ខណៈ​កាន់តែ​ប្រសើរ ដើម្បី​ធ្វើយ៉ាងណា​ធានាបាន​នូវ​ការវិភាគ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការវាយតម្លៃ​ទទួលស្គាល់​តាម​ស្តង់ដា​អន្តរជាតិ​សម្រាប់​ពលរដ្ឋ​យើង​។

ក្រៅពីនេះ ចំពោះ​ច្បាប់ និង​លិខិតបទដ្ឋាន​សម្រាប់​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​ការងារ​របស់​យើង ក៏​នៅ​មិនទាន់​គ្រប់គ្រាន់ ដូចជា​បទប្បញ្ញត្តិ​សម្រាប់​គ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​បទប្បញ្ញត្តិ​សម្រាប់​ត្រួតពិនិត្យ​ផលិតផល​អគ្គិសនី និង​អេឡិចត្រូនិក​បទប្បញ្ញត្តិ​សម្រាប់​គ្រប់គ្រង​ការប្រមូល​ម្ហូបអាហារ​ត្រឡប់មកវិញ​នីតិវិធី​សម្រាប់​អនុវត្ត​ច្បាប់​ និង​បទប្បញ្ញត្តិ​នានា​អី​ជាដើម​។

បន្ថែម​ពីនេះ​ការយល់ដឹង​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​របស់​អ្នកប្រើប្រាស់ អាជីវករ ផលិតករ នៅមានកម្រិត ហើយ​ជាក់ស្តែង​នៅ​មិនទាន់មាន​ការចូលរួម​សហការ ពី​អ្នកប្រើប្រាស់ អាជីវករ និង​ផលិតករ​នោះទេ​។

ឧបសគ្គ​យើង​មួយទៀត​នោះ​គឺ​ការខ្វះខាត​សម្ភារ​ចាំបាច់​ក្នុងការ​អនុវត្ត​ច្បាប់ ដែលនាំឱ្យ​មាន​ភាពយឺត​យ៉ាវ ក្នុងការ​អនុវត្ត​ច្បាប់​។

តើ​គោលដៅ​សម្រាប់​ឆ្នាំ​ថ្មី ក.ប.ប នឹងមាន​ផែនការ​យ៉ាងដូចម្តេច​សម្រាប់​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាពិសេស​សុវត្ថិភាព​របស់​ពលរដ្ឋ លើ​ការប្រើប្រាស់​ចំណីអាហារ​ និង​ទំនិញ​?

អគ្គនាយកដ្ឋាន ក.ប.ប នៅតែមាន​ផែនការ​ក្នុងការ​បន្ត​កសាង និង​រៀបចំ​បទ​ប្បញ្ញត្តិ​ចាំបាច់​នានា សម្រាប់​ការអនុវត្ត​ច្បាប់​ស្តីពី​ការប្រកួតប្រជែង និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាពិសេស​សុវត្ថិភាព​របស់​ពលរដ្ឋ​លើ​ការប្រើប្រាស់​ចំណីអាហារ និង​ទំនិញ​។

ជាងនេះទៅទៀត​អគ្គនាយកដ្ឋាន ក.ប.ប នៅតែមាន​ជំហរ​ក្នុងការ​ជំរុញ​ដំណើរការ​ការពារ​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ការប្រមូល​ម្ហូបអាហារ​ត្រឡប់មកវិញ និង​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​ និង​ការប្រព្រឹត្តទៅ​របស់​គណៈកម្មាធិការ​ប្រកួត​ប្រជែង​កម្ពុជា និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា នៅ​ដំណាក់កាល​បន្ទាប់ ឱ្យបាន​ឆាប់រហ័ស ដើម្បី​ធ្វើយ៉ាងណា ឱ្យ​ច្បាប់​ទាំងនេះ អាច​អនុវត្តបាន​ក្នុងពេល​ឆាប់ៗ សម្រាប់​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​។

ក្នុង​ឆ្នាំ​ ២០២២ ​នេះ​អគ្គនាយកដ្ឋាន ក.ប.ប មាន​ទិសដៅ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ និង​បណ្តុះបណ្តាល​ច្បាប់​ស្តីពី​​ការប្រកួតប្រជែង​ដែល​ទទួលបាន​ការអនុម័ត​ថ្មីៗ​នេះ ដល់​ភាគី​ពាក់ព័ន្ធ​នានា និង​បន្ត​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺង​មាត់ ក្នុង​ការចុះ​អង្កេត​ទំនិញ​លើ​ទីផ្សារ និង​តាមដាន​តាម​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ ដើម្បី​បង្ក្រាប​ការធ្វើ​ធុរកិច្ច​មិន​ស្មោះត្រង់​៕