ភ្នំពេញៈ ព្រឹទ្ធសភា​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣ ដោយ​ឥត​កែប្រែ​លើ​សំឡេង ​៥៨ ​សំឡេង​នៃ​ចំនួន​សមាជិក ព្រឹទ្ធសភា​ទាំងមូល ក្រោយពី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ថ្មី​ម្នាក់​ដើម្បី​បំពេញ​សមាជិក​គណៈកម្មការ​ទី ​២ ព្រឹទ្ធសភា​។

នៅ​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២២ លោក​សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា​បាន​ដឹកនាំ​ការបើក​សម័យ​ប្រជុំ​លើក​ទី​ ៨ ​ព្រឹទ្ធសភា នីតិកាល​ទី​ ៤ ដោយមាន​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ចំនួន​ ៥៨​ រូប​ដោយមាន​របៀបវារៈ​ចំនួន​ ៦ នា​វិមាន​ព្រឹទ្ធសភា​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​ឱ្យដឹងថា របៀបវារៈ​ទាំង​ ៦ មានដូចជា​ទី​ ១ ការស្តាប់​របាយការណ៍​របស់​គណៈកម្មាធិការ​អចិន្រៃ្តយ៍ ស្តីពី​សកម្មភាព​ និង​លទ្ធផល​ការងារ​របស់​ព្រឹទ្ធសភា ចន្លោះ​សម័យប្រជុំ​លើក​ទី​ ៧ ​និង​លើក​ទី ​៨ ​ព្រឹទ្ធសភា​នីតិកាល​ទី ​៤​។ ទី​ ២ ការប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​ ៤ ជំនួស​លោកស្រី ​ឱ សុខុម ដែល​បានទទួល​មរណភាព​។ ទី​ ៣ ការបោះឆ្នោត​ជ្រើសរើស​បំពេញ​សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ព្រឹទ្ធសភា​។

សេចក្តីប្រកាស​ដដែល បាន​បញ្ជាក់ថា ចំពោះ​របៀបវារៈ​ទី​ ៤ គឺ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​។ ទី​ ៥ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម និង​ទី​ ៦ ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​។

នាយកដ្ឋាន​ព័ត៌មាន​នៃ​ព្រឹទ្ធសភា​ឱ្យដឹង​នៅ​ថ្ងៃទី​ ៦ មករា ថា ក្នុងសម័យ​ប្រជុំ​នោះ បន្ទាប់ពី​លោក ទេព ង​ន អនុប្រធាន​ទី​ ២ ​ព្រឹទ្ធសភា ឡើង​ធ្វើ​សេចក្តី​រាយការណ៍​ជូន​អង្គប្រជុំ​អំពី​របាយការណ៍​របស់​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ និង​ប្រកាស​ទទួល​ស្គាល់​លោកស្រី​ ចឹក ហេង ជា​សមាជិកា​ព្រឹទ្ធសភា​នីតិកាល​ទី​ ៤ ជំនួស​លោកស្រី​ ឱ សុខុម អង្គប្រជុំ​ព្រឹទ្ធសភា ក៏បាន​បោះឆ្នោត​ជ្រើសរើស​លោក​ញ៉ូវ សុង សមាជិក​ព្រឹទ្ធសភា​ដើម្បី​បំពេញ​សមាជិក​គណៈកម្មការ​ទី​ ២ ​ព្រឹទ្ធសភា ដោយ ទទួលបាន​សំឡេងគាំទ្រ​ចំនួន​ ៥៨​ សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។

នាយកដ្ឋាន​ព័ត៌មាន​នៃ​ព្រឹទ្ធ​សភា​បន្ថែមថា ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ចំនួន ​៣ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្ម ក្នុង​របៀបវារៈ​វិញ ក៏​ត្រូវបាន​ព្រឹទ្ធសភា បោះឆ្នោត​អនុម័ត​ដោយ​សំឡេងគាំទ្រ​ទាំង​ស្រុង​ផងដែរ​។

នាយកដ្ឋាន​នេះ​បញ្ជាក់ថា​៖ «​ក្នុង​របៀបវារៈ​ទី​ ៤ ទី​ ៥ និង​ទី​ ៦ អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តី​ព្រាងច្បាប់​ទាំងមូល​ដោយ ឥត​កែប្រែ​ចំនួន​ ៥៨​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​»​។

កាលពី​ថ្ងៃទី​ ២៩ ធ្នូ ឆ្នាំ​ ២០២១ រដ្ឋសភា​បាន​លើកយក​សេចក្តី​​ព្រាង​ច្បាប់​ទាំង​ ៣ ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម​ក្នុង និង​ក្រៅប្រទេស មក​ពិភាក្សា និង​អនុម័ត និង​បាន​បញ្ជូន​ទៅ​ព្រឹទ្ធសភា ដើម្បី​ធ្វើការ​ពិនិត្យ និង​អនុម័ត មុននឹង​បន្តទៅ​អង្គ​ព្រះមហាក្សត្រ ប្រកាស​ឱ្យប្រើ​ជា​ផ្លូវការ​ក្នុងពេល​ខាងមុខ​។

បើតាម​រដ្ឋសភា​កម្ពុជា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​គឺមាន​គោលបំណង​ចូលរួមចំណែក​ក្នុង​ការបន្ត​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ស្តារ​សង្គម សេដ្ឋកិច្ចកម្ពុជា​ពី​វិបត្តិ​កូវីដ ​១៩ និង​ដើម្បី​លើកកម្ពស់​ភាពងាយស្រួល​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ដោយសារ​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ត្រូវបាន​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​តាំងពី​ថ្ងៃទី​ ១៩ ខែមិថុនា ឆ្នាំ​ ២០០៥​។

ចំណែក​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម មាន​គោលបំណង​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ក្នុងសម័យ​បច្ចេកវិទ្យា​។ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​កូរ៉េ នឹង​ក្លាយជា​បទដ្ឋាន​គតិយុត្ត​ទ្វេភាគី ក្នុង​ការដោះដូរ​ពាណិជ្ជកម្ម​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ ២​។ នេះ​បើតាម​រដ្ឋសភា​កម្ពុជា​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែងថា ក្នុង​របប​នយោបាយ​សេរីពហុបក្ស មុននឹង​រដ្ឋសភា និង​ព្រឹទ្ធសភា​អនុម័ត​ច្បាប់​អ្វីមួយ តែងតែមាន​ការជជែក​ពិភាក្សាគ្នា​យ៉ាង​លម្អិត​។ ជាពិសេស​ការចោទសួរ និង​ការបកស្រាយ​ក្នុង​កិច្ចប្រជុំ​នីមួយៗ​ពី​សំណាក់​បក្ស​ជំទាស់​។ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន រដ្ឋសភា និង​ព្រឹទ្ធសភា បង្កើតឡើង​តែមួយ​សំឡេង គឺ​មានតែ​បក្ស​កាន់អំណាច ធ្វើឱ្យ​ការ​សម្រេច​អ្វីមួយ​ក្នុងដំណាក់កាល​នៃ​ស្ថាប័ន​ទាំង​ ២ ​នេះ មិនមាន​តុល្យភាព​នៃ​អំណាច​នោះទេ​។

លោក​បន្តថា​៖ «​ដោយសារតែ បច្ចុប្បន្ននេះ​មានតែ​សំឡេង​មួយ ដែល​ធ្វើឱ្យ​ពិបាក​ក្នុងការ​វិនិច្ឆ័យ និង​បាត់បង់​លក្ខណៈ​សំខាន់​មួយ គឺ​តុល្យភាព​នៃ​អំណាច​ក្នុងការ​តាក់តែង​ច្បាប់ និង​ការអនុម័ត​ច្បាប់​។ សូម្បីតែ​របៀប​ធ្វើ​ច្បាប់ និង​ជជែក​គ្នា​ទៀតសោត ក៏​មិនសូវមាន​ភាពរស់រវើក ដូច​កាលដែល​សមាជិក​សភា​ និង​ព្រឹទ្ធសភា​មកពី​គណបក្ស​ផ្សេង​ក្នុងនោះដែរ​»​។

ទោះយ៉ាងណា ព្រឹទ្ធសភា បាន​អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា មុននឹង​ឈានទៅដល់​ការអនុម័ត​សេចក្តីព្រាងច្បាប់​ទាំង​ ៣ ​នេះ គឺមាន​ការ​សួរ​តទល់ និង​ឆ្លើយ​ការពារ​ពី​សំណាក់​រដ្ឋមន្ត្រី​មកពី​ក្រសួងសាមី និង​មន្ត្រី​ជំនាញ​ក្នុង​សម័យប្រជុំ​ផុសផុល​៕