ភ្នំពេញៈ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អ្នក​សារព័ត៌មាន​បាន​ពិភាក្សា​ពី​ការប្រឈម​រវាង​កិច្ចការ​នៃ​ការទទួល​បាន​ព័ត៌មាន​ពី​រដ្ឋាភិបាល តាមរយៈ​អ្នកនាំពាក្យ ក្រសួង និង​ស្ថាប័ន ដើម្បី​ផ្តល់ព័ត៌មាន​ទៅកាន់​សាធារណជន ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក​ ផៃ ស៊ីផាន ប្រធាន​អង្គ​ភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែង​ក្នុងជំនួប​ផ្លាស់ប្ដូរ​មតិយោបល់​រវាង​អង្គភាព​អ្នកនាំពាក្យ រាជរដ្ឋាភិបាល ​និង​អ្នកសារព័ត៌មាន នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​ ៦ មករា ថា ក្នុងជំនួប​នេះ លោក ចង់ឱ្យ​អ្នកសារព័ត៌មាន​បង្ហាញ​ពី​ការពិសោធ និង​ការលំបាក កាលពី​កន្លងមក ពាក់ព័ន្ធ​នឹង​លំហូរ​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​។

ទោះជា​យ៉ាងណា លោក​មានជំនឿថា កន្លងមក អ្នកសារព័ត៌មាន ជួប​បញ្ហា​ប្រឈម​ច្រើន​ពាក់ព័ន្ធ​នឹង​ការមិនទទួល​បាន​នូវ​លទ្ធភាព ក្នុង​កិច្ច​រក្សា​លំហូរ​ព័ត៌មាន​ដោយ​សេរី ដើម្បី​ជា​ប្រយោជន៍​ដល់​មហាជន​។ ជាគោលការណ៍ រាជរដ្ឋាភិបាល​ចង់ឱ្យ​វិស័យ​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ធ្វើការ​ក្នុង​ទិសដៅ​កសាង​ជាតិ​និង​បង្ហាញ​ពី​ភាពអសកម្ម​មួយចំនួន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការកសាង​ជាតិ​ទទួលបាន​ជោគជ័យ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។

លោក​ថា ដោយ​មើលឃើញ​ពី​សារៈសំខាន់​យ៉ាង​ដូច្នេះហើយ បានជា​រាជរដ្ឋាភិបាល​បង្កើត​អ្នកនាំពាក្យ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ផ្តល់ព័ត៌មាន ក្នុង​កិច្ច​ថែរក្សា​លំហូរ​ព័ត៌មាន​ឱ្យបាន​សេរី និង​គ្រប់​ជ្រុងជ្រោយ​ជូន​ដល់​សាធារណជន តាមរយៈ​អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​។ ជាមួយគ្នានេះ អ្នក​សារ​ព័ត៌មាន​គួរតែ​ឈរលើ​តម្លាភាព និង​សុចរិតភាព​ក្នុង​ការបម្រើ និង​ផ្តល់ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​ ផៃ ស៊ីផាន ថ្លែងថា​៖ «​អង្គភាព​យើងខ្ញុំ​ចង់​ពង្រឹង​ឱកាស​ដល់​មិត្ត​អ្នកសារព័ត៌មាន មានលទ្ធភាព​សួរនាំ ព្រោះ​ព័ត៌មាន​ទាំងអស់ វា​មិនអាច​នៅ​ជិត​ភ្នែក និង​ត្រចៀក​របស់​ប្រជាពលរដ្ឋ​ទាំងអស់​នោះទេ ល្គឹកណា​តាមរយៈ​អ្នកសារព័ត៌មាន ដែល​បាន​ផ្តល់​ទៅ​ឱ្យ​ដែល​ខិតខំ​ប្រឹងប្រែង​កន្លងមក​»​។

លោក​ទទួលស្គាល់​ចំពោះ​អ្នកនាំពាក្យ​របស់​ក្រសួង និង​ស្ថាប័ន​មួយចំនួន​របស់​រាជរដ្ឋាភិបាល មិនទាន់​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​ និង​ជួប​ការលំបាក​ពី​អ្នកសារព័ត៌មាន​ដែរ​។ ទោះជា​យ៉ាងណា អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក៏​មិនទាន់​ទទួលបាន​ពាក្យ​ប្តឹងតវ៉ា​ពី​អ្នកសារព័ត៌មាន​ចំពោះ​អ្នកនាំពាក្យ​ក្រសួង ឬ ខេត្ត​ណា​ដែល​មិនទាន់បាន​បំពេញ​ភារកិច្ច​ល្អ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​ធ្លាប់តែ​ឮថា ពិបាក​ទទួលបាន​ព័ត៌មាន​ពី​អ្នកនាំពាក្យ​ណាស់ រឿងនេះ រឿង​នោះ ក៏ប៉ុន្តែ​ពាក្យបណ្តឹង ឬ​តវ៉ា យើង​អត់​ទាន់​បាន​ដើរតួ​នៅក្នុង​សាច់រឿង​ហ្នឹង​ទេ​។ សុំ​រំឭក​ និង​ចង់ ស្តាប់​នៅថ្ងៃនេះ ព្រោះ​យន្តការ​ដែល​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​អ្នកនាំពាក្យ ដោយមាន​ភារកិច្ច ​២ ការផ្សព្វផ្សាយ ដែល​ឆ្លើយតប​ទៅនឹង​តម្លាភាព និង​មួយទៀត ត្រូវ​ឆ្លើយតប​ប្រកប​ដោយ​គណនេយ្យភាព​។ ពីព្រោះ​ទាំង​ ២ ​នេះ​ជា​សសរស្តម្ភ​នៃ​អភិបាលកិច្ច​ល្អ​»​។

លោក​ គួន សំបូរ និពន្ធ​នាយក​សារព័ត៌មាន CCTIME ថ្លែងថា តាមរយៈ​បទពិសោធ ដែល​លោក​ធ្វើជា​អ្នកសារព័ត៌មាន លោក​មើលឃើញ​បច្ចុប្បន្ន ការទទួល​បាន​ព័ត៌មាន គឺមាន​សម្បូរបែប ដោយសារ​ការរីកចម្រើន​បច្ចេកវិទ្យា និង​ការបើក​នូវ​ឱកាស​ពី​សំណាក់​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ដែល​បង្ក​ភាពងាយស្រួល​ដល់​អ្នកសារព័ត៌មាន​។

ទោះជា​យ៉ាងណា លោក​ថា ការទទួល​ព័ត៌មាន​បន្ថែម​ពី​អ្នកនាំពាក្យ​នៅតាម​ស្ថាប័ន​មួយចំនួន អ្នកសារព័ត៌មាន​នៅតែ​ជួប​បញ្ហា​ប្រឈម​។ បើទោះបី​មាន​ការបើក​ទូលាយ បង្កើតជា​ក្រុម​តេឡេក្រាម​ផ្តល់ព័ត៌មាន​ពិតមែន ប៉ុន្តែ​អ្នកព័ត៌មាន​មួយចំនួន​អាន​រួច ឆ្ងល់​ចង់​សួរ​លម្អិត​តែ​ពិបាក​ទាក់ទង​។

លោក​ថ្លែងថា​៖ «​បើទោះជា​មានការ​រៀបចំ​ក្រុម​អ្នកនាំពាក្យ​ក៏ដូចជា​គ្រុប​តេឡេក្រាម​ក៏ដោយ ប៉ុន្តែ​បញ្ហា​ប្រឈម​ដែល​យើង​ចង់​ទាក់ទង ដើម្បី​លម្អិត​នូវ​រឿង​បន្ថែម នៅតែ​ជា​បញ្ហា​»​។

លោកស្រី​ថា ចន្ធី អ្នក​សារព័ត៌មាន​វិទ្យុ​វាយោ​ថ្លែងថា នៅពេល​លោកស្រី​ធ្វើ​ព័ត៌មាន​ពី​ប្រធានបទ អ្វីមួយ​និង​មានបំណង​សួរ​ទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ គឺ​ក្រសួង​ស្ថាប័ន​នោះ​មិន​ឆ្លើយតប​នោះទេ ដែល​ធ្វើឱ្យ​ព័ត៌មាន​របស់​លោកស្រី​មាន​ភាពលម្អៀង ដោយ ពេលខ្លះ​ក៏​មិន​ហ៊ាន​ចេញផ្សាយ​ដែរ ដោយសារ​ខ្វះ​ប្រភព​ម្ខាង​ទៀត​។

លោកស្រី​សំណូមពរ​ថា​៖ «​ជាការ​សំណូមពរ គឺ​ចង់ឱ្យ​ពួកគាត់​ផ្តល់នូវ​កិច្ចសម្ភាសន៍​ដល់​ស្ថាប័ន​របស់គាត់ និង​ស្ថាប័ន​ផ្សេងទៀត ឱ្យមាន​ភាពស្មើគ្នា ព្រោះ​កន្លងមក តេ​ទៅកាន់​ស្ថាប័ន​មួយ គាត់​ថា​ទៅ យក​សំឡេង​ស្ថាប័ន​មួយទៀត​ទៅ ពីព្រោះ​គាត់​ទើប​ផ្តល់​ចម្លើយ​ឱ្យគេ​ទេ​»​។ លោកស្រី​ ចន្ធី​ថា ការស្នើ​នេះ មិន​ចង់ឱ្យ​អ្នក​ស្តាប់ ឬ​ទស្សនា​ចោទប្រកាន់​លើ​ស្ថាប័ន​ព័ត៌មាន​ថា ផ្អៀង​ទៅខាង​នេះ​ឬ​ខាង​នោះ​។

បើតាម​លោក​ ផៃ ស៊ីផាន ក្រោយ កិច្ចប្រជុំ នឹង​យក​រាល់​សំណូមពរ​ពី​អ្នកសារព័ត៌មាន ដើម្បី​បំពេញបន្ថែម​ដល់​អ្នកនាំពាក្យ និង​ជួបជុំ អ្នកនាំពាក្យ​រដ្ឋាភិបាល​ទាំងអស់ និង​អ្នកព័ត៌មាន​នាពេលខាងមុខ ដើម្បី​លើក​ពី​ការលំបាក​។ លោក​មិន​ចង់ឱ្យ​បាត់​តួអង្គ​ណាមួយ​ពី​សង្គម​ទេ ព្រោះ​សង្គម​នេះ​ជា​សង្គម ដែល​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ​៕