លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​រឹតចំណង​មិត្តភាព​ទ្វេភាគី ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ កម្ពុជា​ក៏បាន​នាំយក​ជំនួយ​ជា​ម៉ាស់ និង​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន​ផងដែរ។

តាមរយៈ​ហ្វេសប៊ុក​របស់លោក​នាយក​រដ្ឋមន្រី្ត ហ៊ុន សែន ដែល​បាន​បង្ហោះ​នៅថ្ងៃនេះ បានឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយ​ឧត្តម​សេនីយ៍​ជាន់ខ្ពស់ មីន អ៊ុងឡាំង ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង​ការវិវត្ត​ថ្មីៗ​នៅក្នុង​អាស៊ាន។

អម​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការលើក​នេះ កម្ពុជា​បាន​នាំទៅ​ជាមួយ​ជំនួយ​ជា​ម៉ាស់​ជាង ៣ លាន និង​គ្រឿង​បរិក្ខារ​មួយចំនួនទៀត ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ។

សូមជម្រាបថា ដំណើរ​ទស្សនកិច្ច​របស់លោក នាយករដ្ឋមន្ត្រី​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មាន​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី ០៧ និង​ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២២។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​នាយ​ឧត្តម​សេនីយ៍​ជាន់ខ្ពស់ មីន អ៊ុងឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​លើក​នេះ ដោយបាន​អមដំណើរ​ដោយ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ទៀត៕