ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការត្រួតពិនិត្យសារធាតុគីមីផ្សំ ដែលត្រូវបានហាមឃាត់ដោយច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសសារធាតុគីមីផ្សំពាក់កណ្ដាលសម្រេច ដែលត្រូវបាននាំចូលសម្រាប់យកមកកែច្នៃ និងផលិតជាគ្រឿងញៀន។
ការអំពាវនាវនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងយន្តការអន្តរក្រសួង ត្រួតពិនិត្យសារធាតុគីមីផ្សំ ដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពជាសមាជិក និងអន្តរក្រសួងត្រួតពិនិត្យគីមីផ្សំផលិតគ្រឿងញៀន។
នៅក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានថ្លែងថា នៅពេលថ្មីៗកន្លងទៅនេះ កម្លាំងសមត្ថកិច្ចជំនាញនៃអង្គភាពពាក់ព័ន្ធបានបង្ក្រាបទីតាំងផលិតគ្រឿងញៀនបាន ២ករណីធំៗ ដែល ១ ករណីនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង ១ ករណីទៀត នៅភូមិរោងគោ ឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានរឹបអូសគ្រឿងញៀនប្រភេទ Ketamine និងសារធាតុគីមីផ្សំសម្រាប់កែច្នៃធ្វើគ្រឿងញៀនជាច្រើនប្រភេទ សរុបរាប់សិបតោន។
លោក កែ គឹមយ៉ាន បានអំពាវនាវដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រួមទាំងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរថា៖ «ត្រូវរួមគ្នាបន្តពង្រឹងការចុះអនុវត្តត្រួតពិនិត្យសារធាតុគីមីផ្សំនៅតាមបណ្តាទីតាំងពាក់ព័ន្ធនានាជាពិសេស នៅតាមបណ្ដារោងចក្រ សហគ្រាស ដែលប្រើប្រាស់សារធាតុគីមី»។
លោកក៏បានដាក់ចេញនូវការណែនាំមួយចំនួនដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងរាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំផែនការឱ្យបានឆាប់ ក្នុងនោះត្រូវរំលេចនូវការងារភូមិឃុំ សង្កាត់ (ស) ឬភូមិឃុំ-សង្កាត់គ្មានគ្រឿងញៀនដោយត្រូវបន្តពង្រឹងការងារចុះត្រួតពិនិត្យសារធាតុគីមីផ្សំ នៅតាមបណ្តាទីតាំងនានា ដែលមានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងប្រភពហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនធំៗ។ ទន្ទឹមជាមួយគ្នានេះត្រូវរៀបចំឯកសារបទដ្ឋានគតិយុត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវយន្តការ រចនាសម្ព័ន្ធ និងលក្ខខណ្ឌនានាដល់អ្នកពាក់ព័ន្ធឱ្យបានដឹងជាមុន ពិសេសរោងចក្រសហគ្រាស ដែលប្រើប្រាស់សារធាតុគីមី។
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល ៩ ខែ ឆ្នាំ ២០២១ កម្ពុជាបាននាំចូលសារធាតុគីមីពាក់ព័ន្ធសរុបចំនួនប្រមាណជាង ២៣ ០១៦ តោន។
ការនាំចូលនូវសារធាតុគីមីពាក់ព័ន្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្កឱ្យមានក្ដីព្រួយកង្វល់ជាខ្លាំង ពីការលួចបន្លំនាំចូលនូវសារធាតុគីមីផ្សំពាក់កណ្ដាលសម្រេច សម្រាប់ការកែច្នៃធ្វើជាគ្រឿងញៀន ដោយក្រុមបណ្ដាញឧក្រិដ្ឋជនគ្រឿងញៀន។ ទន្ទឹមនឹងក្ដីបារម្ភនេះ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ តាមដានយ៉ាងសកម្ម រហូតឈានដល់ការបង្ក្រាបទីតាំងផលិតគ្រឿងញៀនដ៏ធំ២កន្លែង ក្នុងខេត្តកំពង់ស្ពឺ ដោយរឹបអូសបានសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន រាប់សិបតោន។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្លាប់មានប្រសាសន៍ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា សារធាតុគីមីផ្សំដែលសមត្ថកិច្ចយើងបានរឹបអូសពីទីតាំងរោងចក្រផលិតអាល់កុល ក្នុងខេត្តកំពង់ស្ពឺ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន XIN YINFENG (CAMBODIA) INDUSTRY CO., LTD នោះ គឺក្រុមពួកឧក្រិដ្ឋជនគ្រឿងញៀន ដែលមានមេខ្លោងឈ្មោះ Ye Yan Shou បាននាំចូលមកបន្តិចម្ដងៗ តាមរយៈការលួចបន្លំបង្កប់នៅក្នុងសារធាតុគីមី ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម កាត់ដេរ សំណង់ ម្ហូបអាហារ និងសុខាភិបាល ដែលស្ថិតក្នុងក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ ។ លោកបានបញ្ជាក់ថា៖ «មិនមែនក្រុមឧក្រិដ្ឋជនគ្រឿងញៀន នាំចូលម្ដងរាប់សិបតោននោះទេ»៕