ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​ឡើងទៅ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​ជាតិ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ នៅ​អង្គការ​សហ​ប្រជាជាតិ នាទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស នៅក្នុង​ខែមីនា ឆ្នាំ ​២០២២ ខាងមុខ​។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៦ ខែមករា​ថា ចំពោះ​ការទៅ​ការពារ​របាយការណ៍​សិទ្ធិ​មនុស្សជាតិ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ គឺជា​ការអនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា ដែល​កម្ពុជា គឺជា​រដ្ឋ​សមាជិក កតិសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​។

លោក​បន្តថា ជា​នីតិវិធី​គណៈកម្មាធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា​បានដាក់​របាយការណ៍​ជុំ​ទី ៥ ពាក់ព័ន្ធ​នឹង ការអនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោ​បាយ​ទៅ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ ២០១៩ ដែលមាន​កម្រាស់​ជិត​ ៤០ ​ទំព័រ​ជា​ភាសា​អង់គ្លេស​។ ជា​នីតិវិធី​បន្ត​គណៈ​កម្មការ​ជំនាញ​របស់​អង្គការ​​សហប្រជាជាតិ​បាន​ត្រួត​ពិនិត្យ​លើ​របាយការណ៍​របស់​កម្ពុជា និង​បាន​ផ្ញើ​ជា​សំណួរ​ ១ ​ចំនួន ដើម្បីឱ្យ​កម្ពុជា​បញ្ជាក់​បំភ្លឺ​បន្ថែម និង​ឆ្លើយ​ជា​លាយលក្ខណ៍​អក្សរ រួច​បញ្ជូនទៅ​គណៈកម្មការ​ជំនាញ​របស់​អង្គ​ការ​សហប្រជាជាតិ​វិញ​រួចរាល់​អស់ហើយ​។

បើតាម លោក ជិន ម៉ាលីន ជា​កិច្ចការ​បន្ទាប់ គឺ​កម្ពុជា​ត្រូវតែ​ទៅធ្វើការ​ការពារ​ដោយ​​ផ្ទាល់មាត់ នៅ​ចំពោះមុខ​គណៈកម្មាធិការ​ជំនាញ​នៅក្នុង​ខែមីនា ឆ្នាំ​ ២០២២ នៅ​ប្រទេស​ស្វ៊ីស ដើម្បី​ជជែក ពិភាក្សាគ្នា និង​សួរដេញដោល​គ្នា​ដោយផ្ទាល់ បន្ថែម​ពីលើ​របាយការណ៍​ចម្លើយ​របស់​កម្ពុជា​ជា​លាយលក្ខណ៍​អក្សរ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​នេះ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានរៀបចំ​ប្រតិភូ​អន្តរ​ក្រសួង ដែល​នៅ​ក្នុងនោះ ខ្ញុំ​ជា​ប្រធាន​ប្រតិភូ ក្នុងនាម​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​មួយចំនួន​ដែល​ពាក់ព័ន្ធ ដើម្បី​ទៅធ្វើ​ការ ការពារ​របាយការណ៍​នោះ​ដោយ​ផ្ទាល់ និង​ជជែក ដេញដោល វែកញែក បំភ្លឺ​គ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​ទៅដល់​ការអនុវត្ត​​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​»​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ ថ្លែងថា សិទ្ធិ​មូលដ្ឋាន​ទាំង​ ៥ របស់​មនុស្ស គឺ​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិ​សង្គម និង​វប្បធម៌ ដែល​នៅតែមាន​បញ្ហា​ប្រឈម​។ ប៉ុន្តែ សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិ​សង្គម និង​សិទ្ធិ​វប្បធម៌ ត្រូវបាន​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ អនុវត្ត និង​កែលម្អ និង​លើកកម្ពស់​បាន​ច្រើន​។

លោក​បន្តថា ដោយឡែក​ចំពោះ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​វិញ មាន​ភាព​ចម្រូង​ចម្រាស​ខ្លាំង ដែលមាន​ការបកស្រាយ​ខ្វែងគំនិត​ច្រើន ក្នុង​រយៈពេល​កន្លងមក​នេះ​។ ទាំង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស សហគមន៍​អឺរ៉ុប និង​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​មើលឃើញថា សិទ្ធិ​ចូលរួម​ជីវភាព​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ មានការ​ធ្លាក់ចុះ និង​មានការ​រឹតត្បិត​ពី​សំណាក់​រាជរដ្ឋាភិបាល​។

ត្រង់ចំណុច​នេះ លោក​មានការ​ព្រួយបារម្ភ​ចំពោះ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដែល​នឹង​ទៅ​ការពារ​នូវ​របាយការណ៍​របស់ខ្លួន ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​នេះ នៅ​អង្គការសហប្រជាជាតិ ដោយ​លោក​បាន​លើកឡើងថា ​វា​ហួស​ក្របខ័ណ្ឌ​ពី​រឿង​បញ្ហា​សិទ្ធិមនុស្ស ប៉ុន្តែ​ទៅជា​រឿង​នយោបាយ​វិញ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង ទាក់ទង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាន​អនុសាសន៍​ឱ្យ​តំណាង​រាជរដ្ឋាភិបាល ដែលមាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​បកស្រាយ​ថា វា​ហួស​ក្របខ័ណ្ឌ​ពី​រឿង​បញ្ហា​សិទ្ធិ​មនុស្ស វា​ទៅជា​រឿង​នយោបាយ​។ អ៊ីចឹង​ទេ​ខ្ញុំ​នៅតែ​បារម្ភ​ចំពោះ​ចំណុច​ទាំងនេះ​ ព្រោះ​គេ​មើលឃើញ​បញ្ហា​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នេះ កំពុងតែ​ស្ថិតនៅក្នុង​ភាពប្រឈម និង​មាន​​ការធ្លាក់ចុះ​»៕

វីដេអូ៖