ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានស្នើ​ទៅ​កម្មវិធី​អភិវឌ្ឍន៍​របស់​សហប្រជាជាតិ (UNDP) ​ឱ្យជួយ​បង្កើត​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី ដើម្បី​ជំរុញ​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដែល​រួមចំណែក​ជួយ​ដល់​បរិស្ថាន​។

សំណើ​នេះ ត្រូវបាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃទី ​៥ ខែមករា នាឱកាស​ដែល​រដ្ឋមន្ត្រីក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ទាក់ទង​កម្មវិធី​ដក​ពិន្ទុ និង​បំពេញ​ពិន្ទុ​ឡើងវិញ​លើ​បណ្ណ​បើកបរ របាយការណ៍​យុទ្ធសាស្ត្រ​យានយន្ត​អគ្គិសនី និង​ការបង្កើត​ប្រព័ន្ធ​តេឡេក្រាម ជូន​សាធារណជន ប្រើប្រាស់​ដោយ​សេរី​ក្នុង​ការផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព​ចរាចរណ៍​ផ្លូវគោក​។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ចំពោះ​យុទ្ធសាស្ត្រ​យានយន្ត​អគ្គិសនី គឺ ក្រសួង​បានស្នើ​ទៅ UNDP ឱ្យជួយ​បង្កើត​ស្ថានីយ​សាក​ថ្ម​ចំនួន​ ៥ ​ទីតាំង ដែល​ក្នុងនោះ​ទីតាំង​ទីមួយ​ស្ថិតនៅ​ទីស្តីការក្រសួង និង​ទីតាំង​ ៤ ​កន្លង​ទៀត ស្ថិតនៅតាម​បណ្ដា​រាជធានី-ខេត្ត​នានា​។ លោក​បន្តថា​៖ «​ដើម្បី​ចាប់ផ្ដើម​ជំរុញ​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ក្រសួង​បាន​ស្វែងរក​ថវិកា​ទិញ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន​ ២ ​គ្រឿង ដើម្បី​ជា​ការនាំមុខ និង​ជាការ​បង្ហាញថា ក្រសួង​កំពុង​ប្រើប្រាស់​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​»​។

បើតាម លោក ស៊ុន ចាល់ថុល រថ​យន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការរួមចំណែក​ដល់​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន-កាបូន​ទៅក្នុង​បរិយាកាស ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​។ ក្រៅពីនេះ ក្រសួង​កំពុង​រៀបចំ​គោលនយោបាយ និង​ការគាំទ្រ​សម្រាប់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ (EVs) ដើម្បី​ធានាឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងមូល​សម្រាប់ Evs នៅ​កម្ពុជា ក្នុងនោះ​រួមមាន ស្ថានីយ​អាគុយ កន្លែង​សាក​ថ្ម កន្លែង​ផ្តល់​សេវា គ្រឿងបន្លាស់ បុគ្គលិក​ទទួល​ការបណ្តុះបណ្តាល និង​កន្លែង​បោះចោល​អាគុយ​ជាដើម​។

លោក នូ ចន្ធី ដែល​បាន​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ម៉ាក Prius Prime ស៊េរី​ឆ្នាំ​ ២០១៧ បាន​សម្តែង​ការសប្បាយចិត្ត​ជាខ្លាំង បន្ទាប់ពី​ទទួលដំណឹង​ថា ក្រសួង​គ្រោង​ដំឡើង​ស្ថានីយ​សាក​ថ្ម​។ លោក​ថា​៖ «​ក្នុងនាម​អ្នកប្រើប្រាស់​សប្បាយចិត្ត​ហ្មង បើ​ក្រសួង​ដំឡើង​បាន​កាន់តែ​ឆាប់​កាន់​តែ​ល្អ ហើយ​គួរ​ដំឡើង​ស្ថានីយ​នេះ​ឱ្យបាន​ច្រើន​ទីតាំង ព្រោះ​កម្ពុជា​ឥឡូវ​គេ​និយម​ប្រើ​ឡាន​អគ្គិសនី​នេះ​គ្រាន់តែ​ខ្វះ​កន្លែង​សាក​ថ្ម​»​។

លោក​ឱ្យដឹងថា រថយន្ត​អគ្គិសនី​នេះ​មិន​ត្រឹមតែ​ជួយ​ដល់​ផ្នែក​បរិស្ថាន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ដល់​ការកាត់បន្ថយ​ការចំណាយ​ផដែរ​។ លោក​ថា​៖ «​ជា​ការកត់សម្គាល់​ខ្ញុំ​ប្រើ​ឡាន​នេះ​បាន​រយៈពេល​ ១ ​ខែ​ហើយ ក្នុង​ ១​ ខែ​​ខ្ញុំ​ចាក់​សាំង​អស់​តែ​ ១០ ​ដុល្លារ​ទេ ក្រៅពីនោះ​សាក​ថ្ម​នៅផ្ទះ គ្រាន់តែ​អស់​ភ្លើង​បន្តិច ប៉ុន្តែ​បើ​និយាយ​ជារួម​ចំណាយ​តិចជាង​មុន​»​។

លោក​បាន​រៀបរាប់​បទពិសោធ​ពី​ការប្រើប្រាស់​ថា សម្រាប់​រថយន្ត​ ១ ​គ្រឿង​គឺ​សាក​ថ្ម​ ២ ​ម៉ោង បើកបរ​បាន​ចម្ងាយ​ជិត​ ៥០ ​គីឡូម៉ែត្រ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ លោក វ៉ាស៊ឹម សុរិយា ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី ៦ ខែមករា​ថា ភាគី UNDP បាន​ឯកភាព​សំណើ​នេះ ដោយ​ជួយ​ទៅលើ​ផ្នែក​ខ្លះ​ពាក់ព័ន្ធ​ការសង់​ស្ថានីយ​សាក​ថ្ម​នេះ​។ ក្រសួង​ក៏​កំពុង​សិក្សា​តាម​លក្ខណៈ​បច្ចេកទេស​ផងដែរ​ ដោយសារ​ឡាន​អគ្គិសនី​មាន​ប្រភេទ​ខុសៗ​គ្នា​ទៅតាម​ប្រទេស​នីមួយៗ​។

លោក វ៉ាស៊ឹម សុរិយា ថា​៖ «​បញ្ហា​ដែល​ត្រូវ​សិក្សា ឡាន​អគ្គិសនី​មាន​ច្រើន​ប្រភេទ ទាំង​ប្រភេទ​អាគុយ​ក៏​ច្រើន ប្រភេទ​ឡាន​ក៏​ច្រើន មាន​ក្រុមហ៊ុន​ឡាន​អគ្គិសនី អាមេរិក ចិន អង់គ្លេស និង​កូរ៉េ​ជាដើម បញ្ហា​គឺ​ក្បាល​សម្រាប់​សាក​ថ្ម មាន​ភាព​ផ្សេងៗ​គ្នា​»​។ យ៉ាងណាក៏ដោយ លោក​ថា ការសាក​ថ្ម​នៅតាម​ស្ថានីយ​នេះដែរ គឺមាន​គិតថ្លៃ​សេវា​ទៅតាម​ប្រភេទ​រថយន្ត​ស៊ី​ភ្លើង​តិច ឬ​ច្រើន​មិនមែន​អនុញ្ញាតឱ្យ​សាកថ្ម​ដោយ​ឥតគិតថ្លៃ​ទេ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​លើ​បញ្ហា​នេះ​ពី​តំណាង​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា​បានទេ នៅ​ថ្ងៃទី​ ៦ ខែមករា​។

គួរបញ្ជាក់​ផងដែរ​ថា ស្របតាម​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា (២០១៩-២០២៣) UNDP នឹង​ផ្តោត​ការយក​ចិត្ត​ទុកដាក់​បន្ថែមទៀត លើ​វិធីសាស្ត្រ​ផ្អែកលើ​បញ្ហា​ដូចជា ការការពារ​បរិស្ថាន ការផ្លាស់ប្តូរ​អាកាសធាតុ វិបុលភាព ភាពអត់ធ្មត់ អភិបាលកិច្ច​ល្អ និង​គោលនយោបាយ​សេដ្ឋកិច្ច​៕

វីដេអូ៖