The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​រកឃើញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ ៤៦៤ ​ទីតាំង​នៅ​ខេត្តកំពង់ស្ពឺ​នា​ឆ្នាំ​ ២០២១

មន្ត្រី​រកឃើញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ ៤៦៤ ​ទីតាំង​នៅ​ខេត្តកំពង់ស្ពឺ​នា​ឆ្នាំ​ ២០២១

Content image - Phnom Penh Post
មន្ត្រី​ជំនាញ​ចុះ​បោះបង្គោល​កំណត់​ព្រំ​ការពារ​ទីតាំង​បុរាណ នៅ​ខេត្តកំពង់ស្ពឺ កាលពី​ខែធ្នូ ឆ្នាំ​ ២០២១​។ រូបថត សហការី

មន្ត្រី​រកឃើញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ ៤៦៤ ​ទីតាំង​នៅ​ខេត្តកំពង់ស្ពឺ​នា​ឆ្នាំ​ ២០២១

កំពង់ស្ពឺៈ ត្រឹម​ដំណាច់ឆ្នាំ​ ២០២១ នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ មន្ដ្រី​ជំនាញ​បាន​រកឃើញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ចំនួន​ ៤៦៤ ​ទីតាំង ក្នុងនោះ​មាន​ទួល​បុរាណ ប្រាសាទ ទី​សក្ការបូជា ស្រះ​បុរាណ បឹងបុរាណ និង​រមណីយដ្ឋាន​ជាដើម ដែល​កំពុង​អភិរក្ស ខណៈ​ឆ្នាំ​ ២០២២ ​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ដ កំពុង​ធ្វើ​ប្លង់រឹង និង​បោះបង្គោល​កំណត់​តំបន់​ទាំងនេះ​។

លោក​ ស៊ុន មានជ័យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ដ​កំពង់ស្ពឺ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នា​ថ្ងៃទី​ ៥ ខែមករា ថា ក្នុង​ឆ្នាំ​ ២០២២ ​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​សហការ​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ប្លង់រឹង និង​បោះបង្គោល កំណត់​តំបន់​សម្បត្តិ​បេតិកភណ្ឌ​​វប្បធម៌រូបី​នៅ​ខេត្តកំពង់ស្ពឺ​ទាំងអស់ ព្រោះ​កន្លងមក​មិនទាន់​បានធ្វើ​ប្លង់​កំណត់សម្គាល់​ ឬ​វិញ្ញាបនបត្រ​សម្គាល់​នៅឡើយ​។

លោក​ថ្លែងថា​៖ «​ក្រសួង​វប្បធម៌​ស្នើ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​រួចហើយ ដើម្បី​ធ្វើយ៉ាងណា​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការធ្វើ​ប្លង់រឹង ឬ​វិញ្ញាបនបត្រ​សម្គាល់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌រូបី ក្នុង​ខេត្ដ​កំពង់ស្ពឺ​។ ចាប់ពី​ឆ្នាំ​ ២០២២ ​នេះ​ទៅ​យើង​នឹង​ខិតខំ​ពន្លឿន​នីតិវិធី​ធ្វើ​ប្លង់រឹង​នេះ​។ ពិសេស​ចាប់​ផើ្ដម​ធ្វើ​នៅតាម​តំបន់​ដែល​ប្រឈម​នឹង​ហានិភ័យ​ជាមុន ដើម្បី​ចៀសវាង​មាន​បញ្ហា ឬ​ការរំលោភ​ទន្ទ្រាន ពីព្រោះ​ខេត្ដ​កំពង់ស្ពឺ​មាន​សម្ទុះ​ការអភិវឌ្ឍ​ខ្លាំង ទោះបី​ស្ថិតក្នុង​ស្ថានភាព​កូវីដ​ ១៩ ក៏ដោយ​»​។

បើតាម​លោក​មានជ័យ កន្លងមក​មាន​រដ្ឋបាល​ឃុំ​មួយចំនួន​បានធ្វើ​ប្លង់​កម្មសិទ្ធិ​ជា​សម្បត្ដិ​រួម​របស់​រដ្ឋបាល​ឃុំ​នៅលើ​ទីទួល​អង្គ ឬ​ទួល​បុរាណ​មួយចំនួន​។ ប៉ុន្ដែ​ក្រោយពី​មន្ដ្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​ចុះទៅ​ស្រាវជ្រាវ​ដឹងថា​ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌ រដ្ឋបាល-ឃុំ​ទាំង​នោះបាន​ស្ម័គ្រចិត្ដ​ប្រគល់​ប្លង់​កម្មសិទ្ធិ​ទាំងនោះ​ឱ្យមក​មន្ទីរ​វប្បធម៌-ខេត្ដ​ជា​អ្នកថែរក្សា​វិញ​។

លោក​បានឱ្យដឹងថា បេតិកភណ្ឌ​វប្បធម៌​រូបី នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ សរុប​មាន​ចំនួន ៤៦៤ ​កន្លែង កើន​ ៤១ ​កន្លែង បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​តែ​ ៤២៣ ​កន្លែង​។ ក្នុងនោះ​នៅ​ស្រុក​បសេដ្ឋ​មាន​ចំនួន​ ៨២ ​កន្លែង​។ ក្រុង​ច្បារមន មាន​ចំនួន​ ៣១ ​កន្លែង ស្រុក​សំរោងទង មាន​ចំនួន​ ១៥១ ​កន្លែង ស្រុក​គងពិសី មាន​ ៧៨​ កន្លែង ស្រុក​ភ្នំស្រួច​មាន ២៧ ​កន្លែង ស្រុក​ឧដុង្គ មាន​ទិន្នន័យ​សរុប​ចំនួន​ ៧២ ​កន្លែង ស្រុក​ឱរ៉ាល់​មាន​ ១០​ កន្លែង ស្រុក​ថ្ពង មាន​ចំនួន​ ១៥ ​កន្លែង​។

ដោយឡែក​ទិន្នន័យ​វត្ត​ទូទាំង​ខេត្ត​មាន​ចំនួន​ ២៨៥ ​វត្ត ​(​ប្រវត្តិ​វត្ត​ទូទាំង​ខេត្ត​-​កំពង់ស្ពឺ ដោយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ឆ្នាំ​ ២០១០) ​មាន​វត្ត​ធម្មយុត្ត​ ២៦​ វត្ត និង​វត្ត​មហានិកាយ​ចំនួន​ ២៥៩ ​វត្ត​។

បេតិកភណ្ឌ​វប្បធម៌​រូបី​ក្នុង​ខេត្ដ​កំពង់ស្ពឺ ៤៦៤​ កន្លែង​នេះ​រួមមាន ទួល​បុរាណ​ចំនួន​ ៣៥៥ ​កន្លែង ប្រាសាទ ​១​ កន្លែង (​ប្រាសាទ​ក្អែ​កពង​) ទួលប្រាសាទ​ចំនួន​ ៣៥​ កន្លែង​ (​មាន​គ្រឿង​លម្អ​ប្រាសាទ ធ្នឹម ផ្តែរ សសរ​ពេជ្រ​...) គ្រឹះ​ប្រាសាទ​ចំនួន​ ១៦ ​កន្លែង​ (​សម្គាល់​ដោយ​រណ្តៅ​គ្រឹះ​ឥដ្ឋ​) ទី​សក្ការបូជា ឬ​ទួល​អ្នកតា​ចំនួន​ ១៥ ​កន្លែង (​ទីតាំង​ដី​តូច​ល្មម​ប្រហែល​ ១​អា ទៅ ៣ ​អា​) ទួល​សក្ការបូជា​ចំនួន​ ៤​ កន្លែង​ (​ប្រភេទ​ជា​ទួល​មាន​រោង​សក្ការៈ និង​មាន​គូ​ទឹក​ជុំវិញ មាន​ទំហំ​ប្រហាក់ប្រហែល​ទួល​បុរាណ​ ឬ​ទួលប្រាសាទ​) ទួល​សក្ការៈ និង​ទួល​កប់​សព​ចំនួន​ ២​កន្លែង​ (​សណ្ឋាន​ដី​ទួល​ធំ​មាន​រោង​អ្នកតា​ និង​កប់​សព​)​។

មាន​កន្លែង​បូជាសព​ចំនួន ៣ ​កន្លែង (​ជាទី​តាំង​ប៉ាឆា​) ដី​កប់​សព​ចំនួន​ ៣ ​កន្លែង​ (​មាន​សណ្ឋាន​ដី​រាបស្មើ និង​ព្រៃ​) ទួល​កប់​សព​ចំនួន​ ៤​ កន្លែង ​(​មាន​សណ្ឋាន​ដី​ជា​ទួល​គូ​ទឹក​ជុំវិញ​) ដី​វត្ត​ចាស់​ចំនួន​ ២ ​កន្លែង ស្ពាន​បុរាណ​ចំនួន​ ២ ​កន្លែង ស្រះ​បុរាណ​ចំនួន​ ៧ ​កន្លែង ស្រះ​ទឹក​ចំនួន​ ៣ ​កន្លែង បឹង​បុរាណ​ចំនួន​ ៤​កន្លែង ទួល​និង​បឹង​ចំនួន​ ២ ​កន្លែង រំលេច​ចំនួន​ ៨​ កន្លែង និង​រមណីយដ្ឋាន​ចំនួន​ ៣ ​កន្លែង (​ភ្នំ​ចាស់ ភ្នំ​ព្រះ និង​គុហារ​មានឫទ្ធិ​)​។

លោក​បានឱ្យដឹង​ដែរ​ថា កន្លងមក​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ដ​បាន​ដឹកនាំ​ក្រុមការងារ​បោះបង្គោល​ព្រំ​ការពារ​ទួល​អង្គ​បាន​ ១៦ ​កន្លែង និង​ប្រើ​បង្គោល​សរុប​ ៧៨ ​ដើម​។ ក្នុងនោះ​មាន​ការចូលរួម​ពី​សប្បុរសជន​ ៨​ដើម ខណៈ​ឆ្នាំ​ ២០២២ ​នេះ ក្រុម​ការងារ​មន្ទីរ​កំពុង​បន្ត​អនុវត្ដ​ការងារ​បោះ​បង្គោល​នេះ​បន្ថែមទៀត​។

បើតាម​លោក​ ស៊ុន មានជ័យ ប្រា​សាទ​ក្អែកពង ឬ​ប្រាសាទភ្នំ​ក្អែកពង ជា​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​ឥដ្ឋ​តែមួយគត់​ដែល​បន្សល់​រូបរាង​ប្រមាណ​ជា ៤០%​។ ប្រាសាទ​នេះ ស្ថាបនា​ឡើង​នៅលើ​ចង្កេះភ្នំ ផ្នែក​ខាងកើត​ឆៀង​ខាងជើង​នៃ​ជ្រលង​ភ្នំ​ក្អែកពង​ទាំងមូល មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ក្អែ​កពង ឃុំ​តាំងស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

លោក​បញ្ជាក់ថា ចំពោះ​សំណង់​ស្ថាបត្យកម្ម​របស់​ប្រាសាទ​ឥដ្ឋ​នេះ​សង្កេតឃើញថា ប្រហែល​ស្ថិតនៅ​សម័យមុន​អង្គរ ក្នុង​គំរូ​រចនាប័ទ្ម​សំបូរ​ព្រៃ​គុក​ក្នុងអំឡុង​ដើម​សតវត្សរ៍​ទី​ ៧ ចន្លោះ​ឆ្នាំ​ ៦១៥-៦៣៥ មុន​គ្រិស្តសករាជ (615-635 A.D) ក្នុង​រាជ​ព្រះបាទ​ឥសានវ័រ្មន​ទី​ ១​។ ប៉ុន្តែ​បើតាម​ការសិក្សា​ពី​ប្រភព​ទិន្នន័យ​ពី​អ្នកស្រុក លោក​មេភូមិ និង​លោក​ប្រធានការិយាល័យ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ស្រុក​ភ្នំស្រួច កន្លងមក​នៅ​ផ្នែក​ខាងលើ​ភ្នំ​នៃ​បរិវេណ​ប្រាសាទ​នេះ​ធ្លាប់មាន​ផ្ទាំង​ស្រានទ្រោណី (​យោនី​) ឬទ​បង្ហូរ​ទឹកមន្ដ​ដែលជា​ជើង​ទម្រ​តម្កល់​ព្រះ​សិវលិង្គ​។

ប៉ុន្តែ​សព្វថ្ងៃ​ក្រៅតែពី​សំណល់​ឥដ្ឋ ផ្ទាំង​ថ្មភក់​ជា​មេទ្វារ​ប្រាសាទ លោក​ឱ្យដឹងថា មាន​ភ័ស្ដុតាង​សំខាន់​នៃ​សិលា​ចារឹក​ ១ ផ្ទាំង​តូច​ទំហំ​ប្រហែល​ ២៥ គុណ ​១៥ គុណ​ ៥ ​សង់ទីម៉ែត្រ ធ្វើ​ពី​ថ្មភក់​មាន​ចំនួន​ ៦​ បន្ទាត់​ជា​ភាសា​សំស្ដ្រឹត​រលុប​ស្ទើរ​អស់​។ បើ​ផ្អែក​តាម​អក្សរ ដែល​បាន​ចារ​សិលាចារឹក​នេះ​អាច​ស្ថិតនៅ​ចន្លោះ​សតវត្សរ៍​ទី ​៧-៨ ហើយ​អាចជា​ប្រាសាទ​ព្រហ្មញ្ញសាសនា ក្នុង​រាជព្រះបាទ​ជយវរ្ម័នទី​ ១ ឧទ្ទិស​ថ្វាយ​ដល់​ព្រះឥសូរ ​(​កំ វណ្ណារ៉ា​,​ប្រជុំ​សិលាចារឹក​ខេត្ត​កំពង់ស្ពឺ​ទំព័រ​ ៣១៣,ព.ស.២៥៦២)​។

ផ្អែក​តាម​ប្រភព​ទិន្ន័យ​ខាងលើ សង្កេតឃើញ​ថា តួប៉ម​ប្រាសាទ​ខាងជើង ​(​រលំ​បាត់​រូបរាង​) និង​តួប៉ម​ដែលមាន​រូបរាង​សព្វថ្ងៃ ប្រហែលជា​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ ស្ថិតក្នុង​អំឡុង​ដើមសតវត្សរ៍​ទី​ ៧ (​អួង វន ប្រាសាទ​ក្អែកពង ឆ្នាំ​១៩៩៩) និង​ប្រហែលជា​មានការ​បន្ត​កសាង​របស់​ស្ដេច​ក្រោយៗ​មកទៀត​ដល់​ដើម​សតវត្សរ៍​ទី​ ៨ នៅលើ​ភ្នំ​នេះ (​ផ្អែក​តាម​សិលាចារឹក​នៅ​ក្នុង​តួប៉ម​ប្រាសាទ​សព្វថ្ងៃ​)​។ នេះ​បើតាម​លោក​ប្រធាន​មន្ទីរ​វប្បធម៌​។

លោក​បញ្ជាក់ថា ទីតាំង​ប្រាសាទ​ក្អែក​ពងមាន​ចម្ងាយ​ប្រមាណ​ជា​ ៧០​ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ ជាប់​នឹង​អគ្គបញ្ជាការដ្ឋាន​កងរថក្រោះ​។

លោក​ កុល រ៉ា មេឃុំ ស្វាយ​ចចិប ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ បាន​ឱ្យដឹងថា នៅ​ឃុំ​ស្វាយ​ចចិប មាន​ទីតាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ជា​ទួល ឬ​អង្គ ចំនួន ១១ ​កន្លែង​។ ក្នុង​ឃុំ​នេះ​ក៏​ធ្លាប់បាន​រកឃើញ​សិលា​ចារឹក​បុរាណ​ខ្មែរ​នា​សម័យ​ចេនឡា​នៅ​អំឡុង​សតវត្សរ៍​ទី​ ៧ ដែលមាន​ចារឹក​ពាក្យ «​សុវណ្ណ​ភូមិ​» ដែលជា​សម្បត្តិ​បេតិកភណ្ឌ និង​ជា​ភ័ស្តុតាង​ដ៏​សំខាន់បំផុត​របស់​កម្ពុ​ជា និង​ត្រូវបាន​ដង្ហែ​យកមក​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០១៨​។

លោក​មេឃុំ បាន​ថ្លែងថា​៖ «​នៅក្នុង​ឃុំ​យើង មាន​ទីតាំង​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​រូបី​ជា​ទួល ឬ​អង្គ ចំនួន ១១​ កន្លែង​។ ទីតាំង​ទាំងនេះ ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចុះមក​បោះបង្គោល​កំណត់​ព្រំ​រួចរាល់​អស់ហើយ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍