ភ្នំពេញៈ ក្នុង​រយៈពេល​ ១​ ឆ្នាំ ក្នុង​ឆ្នាំ​ ២០២១ ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​សំណើសុំ​ជួសជុលផ្ទះ រួមទាំង​សាង​សង់​តូចៗ ក្នុង ៥ ​ស្រុក​/​ក្រុង ក្នុង​តំបន់​ឧទ្យាន​អង្គរ រួមទាំង​ក្រៅ​តំបន់​ឧទ្យាន​អង្គរ ចំនួន ២ ២១៨ ​សំណើ​ដែល​ក្នុងនោះ​បានអនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ១ ៣១៣ ​សំណើ​។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចេញផ្សាយ​នៅ​ថ្ងៃទី ​៦ ខែមករា ឆ្នាំ ២០២២ ឱ្យដឹងថា អាជ្ញាធរ​ជាតិ​អប្សរា បានអនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​រួម​មាននៅ​ស្រុក​ប្រាសាទ​បាគង​ចំនួន​ ២០១​ សំណើ ស្រុក​អង្គរធំ​ចំនួន​ ២៨៣​ សំណើ​ស្រុក​ពួក​ចំនួន​ ២២០ ​សំណើ ក្រុង​សៀមរាប​ចំនួន​ ៣១៥ ​សំណើ ស្រុក​បន្ទាយស្រី​ចំនួន​ ២៦៣ ​សំណើ និង​ក្រៅ​ឧទ្យាន​អង្គរ​ចំនួន​ ៣២ ​សំណើ សរុប​ចំនួន ១ ៣១៣ ​សំណើ​។

ក្នុង​ឆ្នាំ​ ២០២១ បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​សំណើសុំ​ជួសជុល និង​សាង​សង់ផ្ទះ​តូចតាច​នៅ​ច្រើន​ (​ក្នុង​ឧទ្យាន​អង្គរ​ក្រុម​ការងារ​គោលដៅ​មួយចំនួន​បាន​ផ្អាក​ចុះ​ពិនិត្យ និង​ដោះស្រាយ​ក្នុង​ខែ​ខ្លះ​ពី​ ២​ ទៅ​ ៣ ​សប្តាហ៍ ដោយសារ​ការរីករាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​សហគមន៍​។ ការជួសជុល ឬ​សាងសង់​មុន​ការចុះពិនិត្យ​របស់​ក្រុមការងារ​នៅតែមាន​។

ការប្រកាស​លក់​ដី​នៅក្នុង​តំបន់​ការពារ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ការដាក់​ស្លាក​ (​ដី​លក់​)​ ផ្ទាល់​ក្នុង​តំបន់​ការពារ​នៅតែមាន​។

របាយការណ៍​នេះ​សរសេរថា​៖ «​គោលដៅ​បន្ត ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ និង​នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង​សាងសង់​ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​។ បន្ត​ចុះ​ពិនិត្យ​ និង​ដោះស្រាយ​សំណើសុំ​ជួសជុល និង​សាងសង់​តូចតាច​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ទាន់ពេលវេលា​»​។

លោក​ ឡុង កុសល​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ​ខែមករា​ថា រាល់​ការជួសជុល និង​សាងសង់​ផ្ទះ​នៅក្នុង​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ចាំបាច់​ប្រជាពលរដ្ឋ ត្រូវតែ​ស្នើសុំ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ព្រោះ​ចំណុច​សំខាន់​គឺ​ត្រូវ​រក្សា​អត្តសញ្ញាណ​បែបបទ​ខ្មែរ និង​មួយវិញទៀត​ក៏មាន​បេតិកភណ្ឌ​ផ្សេងៗ ដែល​ត្រូវ​បានកំណត់ កម្ពស់ និង​រចនាប័ទ្ម ជាដើម​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការគ្រប់គ្រង និង​ការស្នើសុំ​សាងសង់​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ​នេះ ត្រូវ​អនុលោម​ទៅតាម​បទដ្ឋាន​បេតិកភណ្ឌ ។ អ៊ីចឹង ការគ្រប់គ្រង​ហ្នឹង វា​ចាំបាច់​ត្រូវតែមាន​ការស្នើសុំ ព្រោះ​បើសិនជា​ពួកគាត់​ស្នើសុំ​កែសម្រួល​ផ្ទះ​របស់គាត់​ទៅជា​ផ្ទះ​សម័យ​ទំនើប វា​នឹង​បាត់បង់​អត្តសញ្ញាណ​តំបន់​នេះ​អស់ហើយ​»​។

បើតាម​លោក ឡុង កុសល ដើម្បី​រក្សា​បាន​នូវ​អត្តសញ្ញាណ អាជ្ញាធរ​ជាតិ​អប្សរា​មាន​តួនាទី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ជួសជុល​ និង​សាងសង់​ឱ្យស្រប​ទៅតាម​គោលការណ៍ និង​ទ្រង់ទ្រាយ​ដើម តាមបែប​រចនាប័ទ្ម​នៃ​ផ្ទះ​របស់​ខ្មែរ​។ ដូច្នេះ​រាល់​ការស្នើសុំ​ច្បាប់​ជួសជុល និង​ការចុះទៅ​ពិនិត្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​ពុំមាន​ការបង់ប្រាក់​ទេ​ហើយក៏​ជួយ​ទៅលើ​ប្លង់​ស្ថាបត្យកម្ម​បន្ថែមទៀត​៕

វីដេអូ៖